រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយពីក្រសួងសុខាភិបាលបានប្រកាសជាផ្លូវការនៃការផ្ទុះឡើងនៃជំងឺមានការផ្ទុះឡើងជំងឺឈីកគង់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅភូមិចំនួន ៦នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះក៏មានប្រជាពលរដ្ឋមួយចំនួននៅក្រុងភ្នំពេញ និងខេត្តសៀមរាប បានរៀបរាប់ថា ពួកគាត់ក៏ធ្លាប់កើតជំងឺនេះផងដែរ ដូច្នេះគាត់សំណូមពរឲ្យប្រជាពលរដ្ឋ បើមានអាការៈសង្ស័យគួរតែទៅទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ។

ជាក់ស្តែងអ្នកនាង ឈុន ស៊ីធួន បានឲ្យដឹងថា អ្នកនាងទើបតែជាសះស្បើយពីជំងឺឈីក ថ្មីៗនេះ ហើយសមាជិកគ្រួសាររបស់អ្នកនាងរហូតដល់ទៅ៣នាក់ គឺមានរូបអ្នកនាងផ្ទាល់ កូន និងម្តាយបានឈឺជំងឺគ្រុនឈីកនេះ តែមិនមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតឡើយ ។

អ្នកនាងបានចែករំលែកនូវបទពិសោធន៍នៃអាការៈជំងឺយ៉ាងដូច្នេះថា «ខ្ញុំនៅសៀមរាបក៏កើតដែរ ហើយផ្ទះខ្ញុំដល់បីនាក់ កូនរបស់ខ្ញុំក្តៅខ្លួនបីថ្ងៃហើយ គឺ៣៩.៨០ រយៈពេលបីថ្ងៃបានចុះកំដៅ ។ ទៅពេទ្យគន្ធបុប្ផា បានជា ។ ហើយរមាសពេញខ្លួន កូនជា ម្តាយឈឺម្តង ខ្ញុំឈឺក្តៅខ្លួនដូចគ្នា តែខ្ញុំខ្លាំងជាងកូន ទន់ដែទន់ជើងឈឺគ្រប់សន្លាក់ទាំងអស់អស់កំលាំងវិលមុខឈឺក្បាលក្រោកអត់រួចល្វីងមាត់ញុំាអត់បាន ។ ព្យាបាល១អាទិត្យបានជា ព្យួរសេរ៉ូមអស់២កំផ្លោក ។ រយៈពេលឈឺនឹងរមាស់ស្កៀបពេញខ្លួន ហើយចេញក្រហមៗដូចស្អូចអ៊ីចឹង » ។

អ្នកនាងបានបន្តថា «បើបងប្អូនមានអាការៈដូចខ្ញុំសូមប្រញ៉ាប់ទៅពេទ្យកុំទុកយូរ ជាពិសេសពេលក្តៅខ្លួន ឆាប់ព្យាបាលឆាប់ជាអត់ឆ្លងដល់នាក់ក្នុងផ្ទះផ្សេងទៀត ។ ខ្ញុំឈឺរួច ហើយក៏ជាទើបតែបាន១អាទិត្យទេ ផ្ទះឈឺបីនាក់ ឈឺមុនគេ ម្តាយខ្ញុំ បន្ទាប់មកកូនខ្ញ្ញុំអាយុ១២ឆ្នាំ ចុងក្រោយគេខ្ញុំ ឈឺធ្ងន់ធ្ងរជាងគេយូរជាងគេ» ។

ចំណែកអ្នកនាង សូ ឃីតាវិញ ក៏បានប្រាប់កោះសន្តិភាពឲ្យដឹងថា ជំងឺឈីក មិនមែនជាជំងឺគ្រុនថ្មីទេ ព្រោះអ្នកនាង កាលពីឆ្នាំ ២០១៧ ក៏ធ្លាប់កើតដែរ ដោយសារមូសខាំ ដូច្នេះអ្នកនាងទទួលការព្យាបាលទាន់ពេលវេលា ទើបទទួលបានការសះស្បើយពីជំងឺគ្រុនឈីកនេះ ។

អ្នកនាង សូ ឃីតា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា «អាការៈដំបូងគឺក្តៅខ្លួនខ្លាំង រហូតដល់ ៣៩ អង្សារ ហើយចុកចាប់តាមសន្លាក់ឆ្អឹង ជាពិសេសសម្រាមដៃ នឹងមានចេញរោលកន្ទួលក្រហមតូចៗលើស្បែក ។ ខ្ញុំព្យាបាលនៅគ្លីនិចឯកជន (ភ្លេចឈ្មោះហើយ) ដោយគ្រូពេទ្យបូមឈាមទៅពិនិត្យ ហើយគាត់ប្រាប់វិញថាជា ជំងឺ chikungunya អោយដាក់សេរ៉ូមបញ្ចុះកំដៅ ញាំថ្នាំហើយសំរាក បីថ្ងៃ ហើយក៏ធូរជា» ។
សូមរម្លឹកថា ក្រសួងសុខាភិបាលបានប្រកាសនៃការផ្ទុះឡើងនៃជំងឺគ្រុនឈីកនៅខេត្តបន្ទាយមានជ័យ ក្រោយពី ប្រជាពលរដ្ឋនៅភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិអូរនាង និងភូមិអូរឬស្សី នៃសង្កាត់ប៉ោយប៉ែត មានចេញរោគសញ្ញា គ្រុនក្តៅ ៣៨ អង្សាសេ កន្តួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ចាប់ពីថ្ងៃទី ១៩ កក្កដា រហូតដល់ថ្ងៃទី ២២ កក្កដា ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍កាលពីថ្ងៃទី ២៣ កក្កដាថា ប្រសិនបើបងប្អូនមានរោគសញ្ញាដូចជា ៖ គ្រុនក្តៅស្រួចស្រាវលើសពី ៣៨ អង្សារសេ, ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អូតចង្អោរ អស់កម្លាំង, មានស្នាមកន្តួលក្រហមលើខ្លួន និងកន្តួលក្រហមលើស្បែកដៃ ត្រូវរួសរាន់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកបំផុត ដើម្បីពិនិត្យពិគ្រោះជំងឺនិងទទួលបានការព្យាបាលបានទាន់ពេលវេលា និងរាល់ករណីសង្ស័យគ្រុនឈីក ក្នុងមួយសប្តាហ៍ដំបូងនៃជំងឺនេះ ត្រូវសម្រាកនៅក្នុងមុង ឬក្នុងបន្ទប់មានសំណាញ់ការពារ ដើម្បីការពារកុំឲ្យមូសខាំចម្លងបន្តទៅសមាជិកគ្រួសារ ឬអ្នកជិតខាង ៕
ចែករំលែកព័តមាននេះ