ខេត្តស្វាយរៀង ៖ មន្ត្រីយោធាម្នាក់បើកបររថយន្តមួយគ្រឿងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចផ្លូវកោង សង្ស័យចាប់ហ្វាំងមិនជាប់ បណ្តាលឱ្យក្រឡាប់បួនប្រាំត្រឡប់ផ្ងារជើងឡើងសង្កត់លើរបងផ្ទះរបស់ប្រជាពលរដ្ឋ ចំណែកអ្នកបើកបរបានរងរបួសស្រាល ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ទំនងជាអ្នកបើកបរស្រវឹងស្រា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវកោងខាងមុខសាលាបឋមសិក្សាម៉ឹងសំផន តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងដែលក្រឡាប់ផ្ងារជើងខាងលើនោះម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខ.ម ដែលគេស្គាល់ថា អ្នកបើកបរជាមន្ត្រីយោធាម្នាក់ តែមិនស្គាល់ឈ្មោះនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ