ប្រទេសអង់គ្លេស ៖ ប៉ូលីសប្រចាំតំបន់ Merseyside បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដល់អ្នកគាំទ្រក្រុមហង្សក្រហម Liverpool ដែលកំពុងគិតគូរពីការប្រមូលផ្តុំគ្នានៅឯកីឡដ្ឋាន Anfield ដើម្បីអបអរឈ្នះជើងឯក Premier League។

Liverpool មានការព្រួយបារម្ភថា អ្នកគាំទ្រនឹងធ្វើដំណើរមកកាន់កីឡដ្ឋាន Anfield នៅក្នុងការប្រកួតសប្តាហ៍ទី៣៧ របស់ពួកក្នុងរាត្រីនេះ ជាមួយក្រុមតោខៀវ Chelsea ដែលជាជំនួបក្នុងផ្ទះ ជាមួយនឹងពិធីបង្ហាញពានរង្វាន់ Premier League ដែលពួកគេបានឈ្នះជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ។

ដើម្បីពង្រឹងចំណុចនេះ លោក Andy Cook ប្រធានប៉ូលីសប្រចាំតំបន់ ត្រូវបានអញ្ជើញឱ្យចូលរួមសន្និសីទកាសែតជាមួយលោក Jurgen Klopp កាលរសៀលថ្ងៃអង្គារលើប្រព័ន្ធ Zoom ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ប៉ូលីសនឹងចាត់វិធានភ្លាមៗ ប្រសិនបើមានការរំលោភលើវិធានការឃ្លាតឆ្ងាយពីសង្គមរបស់រដ្ឋាភិបាល ខណៈការគំរាមកំហែងពីវីរុសកូវីដ១៩ នៅតែបន្តកើតមាន។

លោកបានមានប្រសាសន៍ថា «ខ្ញុំពិតជាមានមោទនភាពចំពោះទីក្រុងនេះ ហើយវាមិនមែនជារឿងអាថ៌កំបាំងទេដែលខ្ញុំក៏ជាអ្នកគាំទ្រ Liverpool ផងដែរ។ ប៉ុន្តែកាតព្វកិច្ចរបស់ខ្ញុំចំពោះទីក្រុង និងសហគមន៍នៃតំបន់ Merseyside តែងតែជាអាទិភាពចំបង។ យើងនឹងមានប្រតិបត្តិការពេញលេញមួយនៅនឹងកន្លែង និងនៅជុំវិញតំបន់នោះនៅយប់ថ្ងៃស្អែក ហើយក្រុមមន្ត្រីរបស់ខ្ញុំនឹងចាត់វិធានការភ្លាមៗ ប្រសិនបើប្រជាជនមិនគោរពតាមបទប្បញ្ញត្តិរបស់ប្រទេស»៕ (ដកស្រង់់ចេញពី Dailymail)

អត្ថបទពាក់ព័ន្ធ ៖ Liverpool ថ្កោលទោសទង្វើអ្នកគាំទ្រ ដែលបង្កភាពវឹកវរពាសពេញទីក្រុង
ចែករំលែកព័តមាននេះ