ប្រទេសអង់គ្លេស ៖ ក្លិបហង្សក្រហម Liverpool បានថ្កោលទោស ចំពោះការប្រព្រឹត្ដរបស់អ្នកគាំទ្រខ្លួនមួយចំនួន ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Liverpool ដើម្បីអបអរការឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ជាលើកដំបូងរបស់ខ្លួនក្រោយខកខានអស់រយៈពេល ៣០ឆ្នាំ។

បើយោងតាមប្រភពពី BBC បានឱ្យដឹងថា មនុស្សចំនួន ៣៤នាក់បានរងរបួស ខណៈ ៣នាក់ធ្ងន់ធ្ងរ នៅពេលដែលមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាក្នុងទីក្រុង បើទោះបីជាមានការរឹតត្បិតលើការប្រមូលផ្តុំពីរដ្ឋាភិបាលយ៉ាងណាក៏ដោយ។ ក្នុងហេតុការណ៍នោះ ក្រុមអ្នកពន្លត់អគ្គិភ័យក៏បានពន្លត់ភ្លើងកាំជ្រួចតូចៗ នៅឯក្រៅអាគារសំខាន់ៗមួយចំនួន។

អភិបាលក្រុង Liverpool លោក Joe Anderson បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នានាបានធ្វើឱ្យក្លិបបាល់ទាត់ និងទីក្រុង Liverpool បាត់បង់កត្តិយស និងភាពវឹកវរ។ ក្រុមសង្គ្រោះបន្ទាន់បាននិយាយថា មនុស្ស ៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ។ ហើយមនុស្ស ២៤នាក់ផ្សេងទៀតក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ខណៈដែល ៧នាក់ផ្សេងទៀតត្រូវបានទទួលការព្យាបាលនៅកន្លែងកើតហេតុតែម្តង។

របាយការណ៍ពីមន្ត្រីប៉ូលិសបានឱ្យដឹងថា បុរសវ័យ ១៩ឆ្នាំម្នាក់មកពីតំបន់ Scarisbrick ត្រូវបានចាប់ខ្លួនសង្ស័យពីបទបង្កឱ្យមានអគ្គីភ័យឆាបឆេះ ដែលផ្តើមមកពីការដុតកាំជ្រួច។ ប៉ូលីសបានបញ្ជាក់ថា ការឆាបឆេះនេះបណ្តាលឱ្យមានការខូចខាត គិតជាទឹកប្រាក់យ៉ាងហោចណាស់ ១ម៉ឺនផោន។

លោក Andy Cooke ប្រធានប៉ូលីសប្រចាំតំបន់បាននិយាយនៅលើបណ្តាញសង្គម Twitter ថាមនុស្សចំនួន ១៥នាក់ត្រូវបានចាប់ខ្លួន ដោយសារការបង្កឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំង ហើយក៏មានការប្រឈមមុខគ្នាដោយហិង្សាជាច្រើនផងដែរ។

សូមរំលឹកជូនថា ក្រុមហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺនៅក្រោយក្រុម Manchester City រងបរាជ័យដោយក្រុម Chelsea ដោយលទ្ធផល ២-១ ៕ (ដកស្រង់ចេញពី៖ BBC)


ចែករំលែកព័តមាននេះ