ឥណ្ឌូនេស៊ី៖ មន្ត្រីឥណ្ឌូនេស៊ីប្តេជ្ញាបញ្ចប់នូវទំនៀមទម្លាប់ដ៏ចម្រូងចម្រាសមួយនៃការចាប់ជំរិតមនុស្សស្រីយកទៅធ្វើជាកូនក្រមុំនៅលើកោះដាច់ស្រយាលនៃកោះ Sumba បន្ទាប់ពីវីដេអូមួយបង្ហាញអំពីនារីស្រស់ស្អាតមួយរូប ត្រូវបានចាប់ពង្រត់យកទៅរៀបការរ បង្កឲ្យមានការជជែកវែកញែកថ្នាក់ជាតិអំពីការអនុវត្តនេះវិធីបែបនេះ ។ នេះបើតាមការចុះផ្សាយរបស់ BBC ថ្ងៃទី ២១ កក្កដា ឆ្នាំ២០២០ ។

ការចាប់ជំរិតមនុស្សស្រីយកទៅធ្វើជាកូនក្រមុំ ឬហៅថា kawin tangkap គឺជាការអនុវត្តដ៏ចម្រូងចម្រាសមួយនៅកោះ Sumba និងការបង្កើតឲ្យមានជម្លោះដែលមើលឃើញស្ត្រីៗត្រូវបានចាប់បង្ខំដោយសមាជិកគ្រួសារ ឬមិត្តភក្តិរបស់បុរសណាម្នាក់ដែលចង់រៀបការជាមួយពួកគេ។

ទោះបីជាមានការអំពាវនាវជាយូរមកក្តីឲ្យលុបបំបាត់ចោលប្រពៃណីយ៍បែបនេះ តែវានៅតែបន្តអនុវត្តនៅតំបន់ខ្លះនៃកោះ Sumba ដែលជាកោះដាច់ស្រយាលមួយនៅភាគខាងកើតកោះបាលី។ ប៉ុន្តែថ្មីៗនេះ បន្ទាប់ពីការចាប់ពង្រត់មនុស្សស្រី២នាក់យកទៅធ្វើជាកូនក្រមុំ ត្រូវបានគេថតជាវីដេអូនិងត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមរួចមក រដ្ឋាភិបាលកណ្តាលឥឡូវនេះកំពុងអំពាវនាវឱ្យបញ្ឈប់នូវប្រពៃណីយ៍បែបនេះ ព្រោះជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធរបស់ស្ត្រី ។

នារីជាជនរងគ្រោះមួយរូបឈ្មោះ Citra បានឲ្យដឹងថាថ្ងៃមួយមានគេទំនាក់ទំនងនាងទៅជួប ដោយនាងគិតថា វាគ្រាន់តែជាការប្រជុំការងារប៉ុណ្ណោះ។ បុរសពីរនាក់ដែលអះអាងថាជាមន្ត្រីមូលដ្ឋានបាននិយាយថាពួកគេចង់ចំណាយថវិកាសម្រាប់គម្រោងដែលនាងកំពុងដំណើរការនៅទីភ្នាក់ងារផ្តល់ជំនួយក្នុងតំបន់។

នារីរងគ្រោះអាយុ ២៨ ឆ្នាំមានការភិតភ័យបន្តិចក្នុងការទៅតែម្នាក់ឯងប៉ុន្តែដោយសារតែនាងគិតថាវាជាប្រយោជន៍សម្រាប់ដំណើរការគម្រោងរបស់នាង ។ ក្រោយជួបប្រជុំបានមួយភ្លែត បុរសនោះបានស្នើនាងទៅបន្តប្រជុំនៅកន្លែងផ្សេង ហើយលើកសំណើរថានឹងបើកឡានជូននាង តែនាងបានបដិសេធនិងបំរុងបើកម៉ូតូចេញមក ស្រាប់តែមានបុរស ២នាក់ផ្សេងទៀតបានមកចាប់នាងចូលក្នុងឡានមួយទៀត ។ ដូច្នេះនាងដឹងខ្លួនថានឹងមានរឿងអ្វីកើតឡើងលើរូបនាង ។

នាងត្រូវបាននាំទៅផ្ទះមួយកន្លែង ទីកន្លែងដែលនាង Citra បានបដិសេធមិនបរិភោគ ឬផឹកអ្វីដែលក្រុមគ្រួសារអ្នកចាប់ពង្រត់នាង បានផ្តល់ឱ្យនាងនោះទេ ដោយនាងជឿថាវានឹងធ្វើឱ្យនាងត្រូវអំពើគេ ត្រង់នេះប្រជាជនមានជំនឿថា «ប្រសិនបើយើងទទួលយកម្ហូបរបស់ពួកគេមកទទួលទាន នោះយើងនឹងនិយាយថាយល់ព្រមចំពោះអាពាហ៍ពិពាហ៍» ។
ទីបំផុតនាងត្រូវបានក្រុមគ្រួសាររបស់នាងជួយសង្គ្រោះបានមកវិញ ដោយមានការគាំទ្រពីក្រុមសិទិ្ធស្ត្រីបានចរចាដោះលែងនាងជាមួយព្រឹទ្ធាចារ្យក្នុងភូមិនិងក្រុមគ្រួសាររបស់កូនកំលោះដែលបានចាប់ពង្រត់នាង ៕
ចែករំលែកព័តមាននេះ