រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងកំពុងរៀបចំនូវសេចក្ដីព្រាងអនុក្រឹត្យ ដែលនឹងកំណត់នូវតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងការចេញលិខិតការអនុញ្ញាត្តចុះត្រួតពិនិត្យ នៃការសាងសង់រាល់សំណង់នៅកម្ពុជា ដែលស្របតាមការអនុវត្តនូវគោលការណ៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ជាក់ស្តែងក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ គឺដើម្បីពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនសម្រាប់ការប្រើប្រាស់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង៣នេះ។

កិច្ចប្រជុំបច្ចេកទេសនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាននានា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក លេង វី បានលើកឡើងថា សេចក្ដីព្រាងអនុក្រឹត្យនេះដែរ គឺបានកំណត់នូវតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងការចេញលិខិតការអនុញ្ញាត្តចុះត្រួតពិនិត្យ នៃការសាងសង់រាល់សំណង់នៅកម្ពុជា ដែលស្របតាមការអនុវត្តនូវគោលការណ៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

នៅក្នុងសេចក្ដីព្រាងអនុក្រឹត្យចំនួន៣នេះ រួមមាន ៖ទី១-អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាងសង់ មាន១២ជំពូក និង៥៧មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ហើយអនុក្រឹត្យនេះ មានវិសាលាភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានសំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។
ទី២-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ មាន១៣ជំពូក និង៥៥មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រ ប្រើប្រាស់សំណង់ និងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ក្នុងគោលបំណងដើម្បីធានាសន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ហើយអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។
និងទី៣-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ មាន១២ជំពូក និង៥៩មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ លក្ខខណ្ឌ និងនិតីវិធីនៃការផ្ដល់ ការបញ្ចប់សុពលភាព ការបន្ដសុពលភាព ការព្យួរ និងការដកហូតអាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។ ហើយអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក៕
ចែករំលែកព័តមាននេះ