រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងប្រមូលមតិពីភាគីពាក់ព័ន្ធដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ លើមាត្រាមួយចំនួន។ សម្រាប់ក្រសួងការងារការធ្វើវិសោធនកម្មនេះ ស្ថិតក្នុងបរិបទដែលវិស័យឯកជនកាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជនស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាវិស័យឯកជននៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សហគ្រាស គ្រឹះស្ថានទាំងអស់អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ប៉ុន្តែសង្គមស៊ីវិលថាការធ្វើវិសោធនកម្មនោះនឹងធ្វើឲ្យកម្មករខាតប្រយោជន៍ទៅវិញ។

ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងការធ្វើវិសោធនកម្មនេះ ក្រសួងការងារបានប្រជុំជាមួយភាគី នៅព្រឹកថ្ងៃទី២១កក្កដា នេះ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងបរិការណ៍នេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព ព្រមទាំងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» និងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ។
លោក អត់ ធន់ ប្រធានសហភាពការងារ (CLC) ដែលបានចូលរួមកិច្ចប្រជុំនោះ បានឲ្យដឹងថា មានមាត្រាមួយចំនូន គ្រោងកែប្រែ ដូចជា មាត្រា១៤៤ដែលនិយាយពី វេនការងារ។ លោកថាគេគ្រោងកែអត្ថប្រយផជន៍ការធ្វើការវេនការវេនយប់ ពី១៣០ភាគរយ មក១០០ភាគរយ ដូចការងារវេនថ្ងៃដែរ។ កែមាត្រា១៦២ ថ្ងៃបុណ្យចំថ្ងៃអាទិត្យធ្លាប់លើកពេលឈប់សម្រាកមួយថ្ងៃ មកធ្វើការជាធម្មតាវិញ និងមាត្រា៣០០ ការដោះស្រាយវិវាទការងារបុគ្គលត្រូវប្តឹងទៅតុលាការ នៅពេលដោះស្រាយនៅថ្នាក់ក្រសួងការងារមិនសះជា ឲ្យមកឆ្លងកាត់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបាន។
លោកអាត់ ធន់ បានបញ្ជាក់ថាភាគីសហជីព បានជំទាស់ការកែប្រែមាត្រាទាំងនោះ ហើយបានស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលការធ្វើវិសោធនកម្មនោះតែម្តង ព្រោះយល់ឃើញថាវាបានបាត់បង់ប្រយោជន៏យ៉ាងច្រើនរបស់កម្មករ។ លោកមិនបានបញ្ជាក់ពីការឆ្លើយតបរបស់ក្រសួងនោះទេ។ ប៉ុន្តែការប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ការងារនេះនឹងធ្វើបន្តបន្ទាប់ទៀត ច្រើនលើកទៀត មិនទាន់សម្រេចពេលនេះ នោះឡើយ៕
ចែករំលែកព័តមាននេះ