រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដឹកទំនិញ១គ្រឿងបានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសឬបាត់បង់ជីវិតឡើយ ខណៈពេលកំពុងបើកបរសុខៗនិងក្នុងល្បឿនលឿនផង ស្រាប់តែបែកកង់មុខ បណ្ដាលឱ្យរថយន្តរេចង្កូតម្ដងទៅខាងឆ្វេង ម្ដងទៅខាងស្ដាំ រួចជ្រុលទៅកៀរទ្រូងផ្លូវបន្តិច បន្ទាប់មកទើបជ្រុលធ្លាក់ផ្លូវចូលទៅក្នុងស្រះទឹកស្ថិតនៅជិតនោះទាំងកម្រោល ហើយស្របពេលនោះមិនមានអ្នកដំណើរឆ្លងកាត់ ទើបមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តមួយគ្រឿងដែលជួបគ្រោះថ្នាក់បែកកង់ធ្លាក់ផ្លូវចូលក្នុងទឹកស្រះខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5151 ជាប្រភេទរថយន្តទ្រុងដឹកទំនិញបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។
តាមប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត១គ្រឿងខាងលើនោះបើកបរក្នុងល្បឿនលឿនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះពេលមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែបែកក់មុខ បណ្ដាលឲ្យរេចង្កូតម្ដងទៅខាងឆ្វេងនិងម្ដងទៅស្ដាំ ហើយជ្រុលទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវបន្តិច រួចជ្រុលធ្លាក់ចេញពីផ្លូវ ដោយក្បាលរថយន្តជ្រមុជចូលក្នុងស្រះទឹកតែម្ដង។
តាមប្រភពដដែលបានបន្តថា ខណៈនោះពួកគាត់គិតថាអ្នកបើកបរនិងអ្នករួមដំណើរនៅក្នុងរថយន្តនោះអាចនិងមានអ្នករបួសឬបាត់បង់ជីវិត ប៉ុន្តែពេលចូលទៅមើលជិត ទើបដឹងថា គ្មានអ្នករងគ្រោះថ្នាក់ឡើយ ហើយអ្នកបើកបររថយន្តបានចេញពីក្នុងកាប៊ីនរថយន្តដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ជើងឯកបានចុះទៅពិនិត្យជាក់ស្ដែង ដោយសារតែពុំមានបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ចំណែករបាំងថ្មពុះចែលទ្រូងផ្លូវក៏ពុំមានការខូចខាតក៏បានឲ្យម្ចាស់ស្ទូចរថយន្តនោះយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ