ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​អា​ពីង​ត្អូញ​ត្អែរថា លក់​មិនសូវ​ដាច់​ដូច​កាលពីមុនឡើយ​(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អា​ពីង​ជា​អម្បូរ​សត្វ​រស់នៅ​ក្នុង​ដី ហើយ​មនុស្ស​ចូល​ចិត្ត​ចាប់​វាយ​កមក​ចម្អិន​ទទួល​ទាន​ឬ​ក៏​ត្រាំ​ស្រា​ផឹក ដើម្បី​បំបាត់​ជំងឺ​ឈឺឆ្អឹងឆ្អែង ។ អា​ពីង​ត្រូវ​បាន​គេ​នាំ​មក​ពី​តំបន់​ផ្សេង​ៗ​សម្បូរ​ណ៍​ជាងគេ ដាក់​លក់​នៅ​ក្នុង​បរិវេណ​អាហារ​ដ្ឋា​ន​រំដួល​៨៨ ស្ថិត​នៅ​ក្នុងស្រុក​ជើងព្រៃ ។…

ខេត្តកំពង់ចាម ៖ អា​ពីង​ជា​អម្បូរ​សត្វ​រស់នៅ​ក្នុង​ដី ហើយ​មនុស្ស​ចូល​ចិត្ត​ចាប់​វាយ​កមក​ចម្អិន​ទទួល​ទាន​ឬ​ក៏​ត្រាំ​ស្រា​ផឹក ដើម្បី​បំបាត់​ជំងឺ​ឈឺឆ្អឹងឆ្អែង ។ អា​ពីង​ត្រូវ​បាន​គេ​នាំ​មក​ពី​តំបន់​ផ្សេង​ៗ​សម្បូរ​ណ៍​ជាងគេ ដាក់​លក់​នៅ​ក្នុង​បរិវេណ​អាហារ​ដ្ឋា​ន​រំដួល​៨៨ ស្ថិត​នៅ​ក្នុងស្រុក​ជើងព្រៃ ។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ ក្នុង​គ្រា​ដែល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ អ្នកលក់​ទាំងនោះ បាន​ត្អូញត្អែរ​ថា​លក់​មិនសូវ​ដាច់​ដូច​កាលពីមុន​នោះ​ទេ ។

អ្នកលក់​ឈ្មោះ រួម សុជាតា ភេទ​ស្រី អាយុ​២០​ឆ្នាំ​ប្រាប់​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នាង​លក់​អា​ពីង ដែល​គេ​បាន​ចម្អិន​ស្រាប់ ដោយ​ទិញ​ម្ដង​៤០០​ទៅ​៥០០​ក្បាល យក​មក​លក់​ក្នុង​១​ក្បាល​តម្លៃ​១.៨០០​រៀល ហើយ​លក់​ចេញ​បាន​២.០០០ រៀល ។ ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ ទើប​លក់​អស់ ព្រោះ​មិនសូវ​មាន​អ្នកដំណើរ​ចេញចូល​ប៉ុន្មាន​នោះ​ទេ ហើយ​អាហារ​ដ្ឋា​ន​ដែល​នាង​លក់​នោះ​គឺ​គេ​ទើបតែ​បើក​ប្រមាណ​ជាមួយ​ខែ​នេះ ។

សុជាតា បាន​រំលឹក​ថា កាលពី​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩ បាន​ផ្ទុះ​ឡើង​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ពី​៤០​ទៅ​៥០​ម៉ឺន​រៀល ។ បើ​រដូវ​បុណ្យ​ទាន​ភ្ជុំបិណ្ឌ គឺ​អាច​លក់​បាន​ប្រាក់​ចំណូល​រហូត​ដល់​ជាង​១​លាន​រៀល​ឯណោះ​យក​ឱ្យ​ម្ដាយ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

អ្នកលក់​ឈ្មោះ មី ណា​ន់ ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ប្រាប់​ឲ្យ​ដឹង​ថា អា​ពីងរ​ស់គឺ​គាត់​បាន​កុម្ម៉ង់​ទិញ​នៅ​ក្នុងស្រុក​សណ្ដាន់​ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដោយ​ទិញ​មួយ​ក្បាល​តម្លៃ​ជាង​១.០០០​រៀល ។ ពេល​ដែល​យក​មក​ចៀន​ចម្អិន​លក់ នៅ​ក្នុង​បរិវេណ​អាហារ​ដ្ឋា​ន​រំដួល​៨៨ ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ប្រមាណ​២០០​ក្បាល ហើយ​ទទួល​ប្រាក់​ចំណេញ​បាន​២​ម៉ឺន​រៀល គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ ។

អ្នកលក់​រូប​នេះ​បាន​រំលឹក​ថា​កាលដែល​គាត់​លក់​ប្រមាណ​៥​ឆ្នាំ​មុន នៅ​ម្ដុំ​ភ្នំ​ជើងព្រៃ ស្រុក​ជើងព្រៃ​មានព្រៃ​ដុះ​ច្រើន ហើយ​ថែម​ទាំង​សម្បូរ​អា​ពីង ដែល​រស់នៅ​ក្នុង​រូងដី ។ ក្នុង​គ្រានោះ​មាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​នាំ​គ្នា​ចាប់​យក​មក​លក់​នៅ​លើ​ទីផ្សារ ។ តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ម្ដុំ​ភ្នំ​ជើងព្រៃ មិន​មាន​សំបូរ​ព្រៃឈើ​ទៀត​ទេ ដោយសារ​តែ​គេ​អភិវឌ្ឍ​ដាំ​ដុះ​ចម្ការ​ស្វាយចន្ទី អស់​ទៅ​ហើយ ។

លុះ​ពេល​ឈូស​ឆាយដី​នោះ​អស់ អា​ពីង​ក៏​លែង​មាន ។ ដូច្នេះ​បើ​ចង់បាន​អា​ពីង ត្រូវ​តែ​ក​ម្ម៉​ង់​ទិញ​មក​ពី​ខេត្តកំពង់ធំ និង​តាម​បណ្ដា​តំបន់​មួយ​ចំនួន​ទៀត ។ អា​ពីង​ជា​សត្វ​មាន​ពិស​ដោយសារ​វា​មាន​ចង្កូម ប្រសិនបើ​ខាំ​អ្នក​ណា​ម្នាក់​នោះ​និង​មានការ​ឈឺ​ចុកចាប់ អស់​មួយសន្ទុះ​ធំ​ទើប​បាត់ ។

តែ​មុន​នឹង​យក​មក​លក់​នៅ​លើ​ទីផ្សារ​ចង្កូម​របស់​វា​ត្រូវ​បាន​គេ​កាត់​ចេញ ហេតុ​ដូច្នេះ​ហើយ​វា​មិន​មាន​ពិស​ទៀត​ទេ ។ មាន​ពេល​ខ្លះ​គេ​បាន​មក​ទិញ​ទាំង​រស់​យក​ទៅ​ត្រាំ​ស្រា ដោយ​អា​ពីង​២០​ក្បាល​ត្រាំ​ស្រា​១​លី​ត្រ ជា​ឱសថ​មួយ​សម្រាប់​បំបាត់​ការ​ឈឺ​ឆ្អឹង​ឈឺ​ឆ្អែង ។

កាលពី​អ្នកទេសចរ​វៀតណាម​នៅ​ដំណើរការ​មុន​ជំងឺ​កូ​វី​ដ​១៩ តែងតែ​ទិញ​អា​ពីង​ពីរ​នាក់​លក់​ម្ដង​រាប់រយ​ក្បាល ដើម្បី​យក​ទៅ​ត្រាំ​ស្រា ហើយ​ពេល​ខ្លះ​ទៀត​ក៏​មាន​គេ​កម្ម​ង់​ទិញ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ម្ដង​២.០០០​ទៅ​៣.០០០​ក្បាល​ពី​បងស្រី​របស់​គាត់ ដើម្បី​យក​ធ្វើ​ថ្នាំបុរាណ​ចិន សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ៗ ។ អា​ពីង​ជា​សត្វ​ចូល​ចិត្ត​រស់នៅ​តំបន់​ដែល​មាន​ព្រៃឈើ​ដុះ​ច្រើន ហើយ​លក្ខណៈ​កត់សម្គាល់​មើល​អា​ពីង​ដឹង គឺ​មាន​សំបុក​រូង​ក្នុង​ដី​ដែល​មាន​ប្រហោង​ប៉ុនកដៃ​មនុស្ស​ចាស់​រួម​នឹង​ការ​ចាក់ស្រេះ​សំបុក​ពណ៌​ស ក្រាស់​ផង​សំបុក​ពីងពាង​គ្រាន់តែ​គេ​ចាក់រុក​បន្តិច​វា​ចេញពី​រូង​ហើយ ។ ឯ​ចំណី​របស់​វា​ស៊ី​ឬ​ស​ឈើ​ជា​អាហារ ។

អ្នកស្រី កោ ចំរើន អាយុ​៤៤​ឆ្នាំ អ្នក​ចែកចាយ​អា​ពីង​នៅ​ស្រុក​ជើងព្រៃ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ២០២០​ថា គាត់​បាន​ចាប់ផ្ដើម​របរ​ជួញ​អា​ពីង​ពី​ខេត្តកំពង់ធំ មក​ចែកចាយ​នៅ​ក្នុងស្រុក​ជើងព្រៃ រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ ។ មុន​ជំងឺ​កូ​វី​ដ​១៩ ផ្ទុះ​ឡើង​គាត់​អាច​បោះ​និង​ចែកចាយ​ឱ្យ​គេ​ក្នុង​មួយ​ថ្ងៃ​បាន​ក្នុង​ចន្លោះ ៣.០០០ ទៅ​៥.០០០​ក្បាល ហើយ​ក៏​មាន​ឈ្មួញ​កម្ម​ង់​ទិញ​ដើម្បី​យក​ទៅ​ប្រទេស​ចិន ក្នុង​មួយ​ឆ្នាំ​៣​ដង តែ​ចាប់តាំងពី​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩​បាន​ផ្ទុះ​ឡើង ឈ្មួញ​មិន​មានការ​កម្ម​ង់​ទិញ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទៀត​ទេ ។

គាត់​ថា រាល់ថ្ងៃ​រាង​ពិបាក​លក់​បន្តិច​ធ្វើ​ឱ្យប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​រហូត​ដល់​ជាង​ពាក់កណ្ដាល ដែល​មួយ​ថ្ងៃ​អាច​លក់​បាន​ប្រមាណ​២.០០០​ក្បាល​តែ​ប៉ុណ្ណោះ ហើយ​ប្រាក់​ចំណេញ បាន​ប្រមាណ​១០​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ