រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនបានយល់ច្បាស់ពីការខ្ចីបុលគេនោះទេ ពោលគឺនៅពេលដែលមានការផ្ដល់កម្ចីពួកគាត់តែងតែសប្បាយចិត្តនិងយកកម្ចីមកប្រើប្រាស់ដោយមិនបានគិតពីហានិភ័យឬក៏លទ្ធភាពនៃការសង ដែលជំរុញអោយក្លាយជាបំណុលវ័ណ្ឌកកាន់តែច្រើននៅក្នុងសង្គម ។ តើពលរដ្ឋត្រូវធ្វើដូចម្ដេចដើម្បីគេចផុតពីបំណុលវ័ណ្ឌកដែលនាំអោយមានមានរឹបអូសទ្រព្យសម្បត្តិ ?

លោកង៉ែត ជូ អ្នកជំនាញខាងវិស័យហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានបកស្រាយនិងបង្ហាញពីគន្លឹះមួយចំនួន ដល់អ្នកដែលកំពុងប្រើប្រាស់បំណណុលឬក៏ត្រៀមនឹងយកបំណុលពីប្រភពនានាមកប្រើប្រាស់សម្រាប់ជាទុនក្នុងការគិតពិចារណា ។

លោកបានអោយនិយមន័យនៃបំណុលវ័ណ្ឌកនេះថា ជាទំហំនៃបំណុលដែលកូនបំណុលមិនអាចមានលទ្ធភាពក្នុងការសងត្រលប់ទៅម្ចាស់បំណុល ហើយមូលហេតុនៃការមិនអាចសងត្រលប់នោះភាគច្រើនខ្ចីលើសពីប្រាក់ចំណូលរបស់ពួកគាត់ ។ ដើម្បីគេចផុតពីបំណុលនេះអ្នកប្រើប្រាស់បំណុលទាំងអស់មិនគួរប្រើបំណុលលើសពីពាក់កណ្ដាលនៃប្រាក់ចំណូលនោះឡើយ ក៏ប៉ុន្តែអ្នកខ្លះ បានប្រើប្រស់បំណុលលើសច្រើនរហូតដល់ជិត១០០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនទៅហើយ ។
លោកបន្តថា អ្នកខ្លះបានយកប្រាក់ពីធនាគារ មីក្រូហិរញ្ញវត្ថុម្ដងរួចហើយដើម្បីធ្វើអាជីវកម្មអ្វីមួយ ហើយក៏ទៅបង់រំលស់ផ្ទះមួយដំណាក់ទៀត ដែលធ្វើអោយការចំណាយកាន់តែច្រើនខណៈចំណូលនៅដដែល ដូច្នេះហើយទើបធ្វើឱ្យបំណុលលើសពីលទ្ធភាពនៃការសងត្រលប់ទៅវិញ អញ្ចឹងហើយក៏ជំរុញអ្នកប្រើប្រាស់បំណុលនោះក្លាយខ្លួនជាអ្នកជំពាក់បំណុលវ័ណ្ឌក ។
លោកង៉ែត ជូ បានបន្ថែមថា បំណុលវ័ណ្ឌកកើតឡើងដោយសារតែខ្ចីច្រើនប្រភព និងទំហំច្រើនហួសពីលទ្ធភាពសងរបស់គាត់ ឬក៏ម្យ៉ាងទៀតគឺយកទៅប្រើខុសគោលដៅ ។ ក្នុងន័យនេះ បានន័យអ្នកយកកម្ចីទៅប្រើអ្វីដែលមិនធ្វើអោយកើនប្រាក់ចំណេញ ដែលជាបញ្ហាបង្កអោយមានការសងយឺតយ៉ាវនិងរហូតដល់មិនមានលទ្ធភាពសងត្រលប់ទៅវិញ ។លោកថា៖« អ្នកខ្លះមិនយល់ពីការប្រើប្រាស់បំណុល ដោយយកទៅទិញសម្ភារប្រើប្រាស់ ឬក៏យកទៅដើរលេងឡូយឆាយហ៊ឺហារ និងមួយទៀតគឺការខ្ចីប្រាក់ដោយកាលៈទេសៈបង្ខំ ដូចជាមានសមាជិកគ្រួសារមានជំងឺជាដើម »។

លោកបញ្ជាក់ថា បំណុលវ័ណ្ឌក អ្នកណាក៏អាចកើតមានបញ្ហានេះដែរមិនថាអ្នកជំនួញ អ្នកធ្វើការទទួលប្រាក់ខែឬសហគ្រិននោះទេ បើសិនជាពួកគាត់យកកម្ចីមកប្រើប្រាស់ខុសនិងធ្វើអាជីវកម្មមិនរីកចម្រើន ។ ដូច្នេះហើយដើម្បីជៀសវាងបាន គួរតែសិក្សាអោយបានច្បាស់មុននឹងទទួលកម្ចីពីប្រភពណាមួយ ។ លោកថា៖« ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ហានិភ័យនៃបំណុលវ័ណ្ឌកអាចនឹងកើនឡើងខ្លាំងដោយសារតែបណ្ដាក្រុមហ៊ុនជាច្រើនរកស៊ីខាត បុគ្គលិកកម្មករជាច្រើនបាត់បង់ការងារ បាត់ប្រាក់ចំណូលខណៈពួកគាត់ក៏ជាអ្នកខ្ចីបុលដើម្បីសង់ផ្ទះ ឬទិញរបស់របរប្រើប្រាស់ ។
នៅក្នុងដំណាក់កាលនេះ អ្នកដែលជំពាក់បំណុលគេ ត្រូវកាត់បន្ថយនូវការចំណាយណាដែលមិនចាំបាច់ និងត្រូវគិតគូរជាអាទិភាពលើបំណុលដែលបានខ្ចីគេ ។ធ្វើដូច្នេះ គឺអាចកាត់បន្ថយនូវបំណុលវ័ណ្ឌកមួយកម្រិតផងដែរ » ។
បើតាមរបាយរបស់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០នេះ ក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ បានរៀបចំផ្ដល់ឥណទានឡើងវិញចំនួន១៨៦ពាន់គណនី ដែលមានទឹកប្រាក់ប្រមាណ ៣,១ពាន់លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ