រាជធានីភ្នំពេញ ៖ សត្វខ្សឹប ត្រូវបានដូនតាខ្មែរហៅឈ្មោះថា «សត្វក្ងោកទេព» ហើយឈ្មោះប្រភេទបក្សីនេះ បានត្រូវអ្នកស្រុកហៅ) ឈ្មោះផ្សេងៗជាច្រើនដូចជា ធ្នាក់អណ្តើកឃ្វិក អាអូតចោរ ប្រក់អណ្តើក មេអណ្តើក ធ្នាក់អណ្តើក ក្ងោកមាស និងក្ងោកខ្ទិះជាដើម ។ នេះបើយោងតាមផេកក្រសួងបរិស្ថានបានចេញផ្សាយនាថ្ងៃទី១៨ ខែកក្កដានេះ ។

ក្ងោកទេព ឬខ្សឹប មានមាឌធំប្រហាក់ប្រហែលមាន់ (ស្រុក) តាមការគាត់សំគាល់របស់អ្នកស្រុកដែលបានឃើញ សត្វខ្សឹបឈ្មោលមានមាឌតូចជាងសត្វញី ។ សត្វញី និងឈ្មោលមានទំងន់ចន្លោះពី១,២០គ.ក ទៅ ២,០០គ.ក និងមានកម្ពស់វែងបំផុតត្រឹមប្រវែង០.៧ម ។ វាមានចំពុះខ្លីត្រង់ ជើងមានម្រាមតែបីទេ ។

ក្ងោកទេព ឬខ្សឹប អាចស៊ីចំណីដូចជាផ្កាស្មៅ ផ្លែស្មៅ គ្រាប់ស្រូវ សត្វល្អិត ចង្រិត សត្វពស់តូចៗ និងពេលខ្លះវាស៊ីពងសត្វផ្សេងៗផងដែរ ។ ខ្សឹបស្មោលតែងតែបង្អួតរាងសង្ហារនៅពេលណាគេបូលរកគូញី ដោយដើរអើតខ្ពស់ ឬលោតហក់ផុតពីដី និងពេលខ្លះហើរទម្លាក់ខ្លួនចុះឡើង និងសំកាំងលើអាកាស នៅពេលឃើញខ្សឹបញីនៅក្បែរនោះ ។ វាបន្តពូជក្នុងរវាងខែមីនា ដល់ខែមេសា រហូតដល់ខែមិថុនា ឬក៏អាចដល់ខែកញ្ញាជារៀងរាល់ឆ្នាំផងដែរ ។

ក្ងោកទេព ឬខ្សឹប មួយក្បាលអាចពងបានម្តង១ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែខ្សឹបញីអាចពងបាន១ដង ឬខ្លះអាចបាន២ដងក្នុងមួយឆ្នាំ ។ បន្ទាប់ពងរួច សត្វក្ងោកទេព ឬខ្សឹប ក្រាបថែទាំពងក្នុងរយៈពេលប្រមាណ៤សប្តាហ៍ ទើបពងនោះពីព័ណ៌ប្រផេះ ទៅជាក្រម៉ៅ ទើបញាស់កូន ។ ក្រោយពីកូនញាស់ប្រហែលពី២ម៉ោង ឬអាច១ថ្ងៃ មេរបស់វាអាចចាប់ផ្តើមបណ្តើរកូនចេញពីសប្បុករកស៊ីចំណី ៕
ចែករំលែកព័តមាននេះ