រាជធានីភ្នំពេញ ៖ តើការទទួលយកអ្នកហាត់ការ (internship) ឬអ្នកចង់ធ្វើការក្រៅម៉ោងជាការជួយដល់ពួកគាត់អ្វីខ្លះ ក្នុងវ័យដែលពួកគាត់ជាយុវជន ឬត្រឹមតែជានិស្សិតដែលរៀនក្នុងមហាវិទ្យាល័យ ឆ្នាំទី១ និងទី២ ។ ការហាត់ការ (internship) ឬការធ្វើការក្រៅម៉ោងរបស់យុវជន គឺមិនត្រឹមតែផ្តល់នូវបទពិសោធន៍ទេ គឺក៏អាចផ្តល់ប្រាក់កម្រៃខ្លះៗសម្រាប់ការសិក្សារបស់ពួកគាត់ដែរ។

កញ្ញា លីម ហ៊ូង អគ្គនាយិកា អគ្គនាយិកា ក្រុមហ៊ុន ហ្វឺស សឹលូសិន (ខេមបូឌា) បាននិយាយថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុនខ្លះមិនទទួលយកអ្នកហាត់ការ ឬអ្នកធ្វើការក្រៅម៉ោងទេ ។ ហើយបើទទួលយកក៏មិនមានថវិកាខ្លះៗសម្រាប់ថ្លៃសាំងឱ្យពួកគាត់ដែរ នេះជាបញ្ហាដែរយុវជនជួបប្រទះដែរ ។

កញ្ញា លីម ហ៊ូង បានបន្តថា «មិនត្រឹមតែមិនទទួលយកអ្នកហាត់ការទេ ក្រុមហ៊ុនខ្លះមិនទទួលអ្នកធ្វើការក្រៅម៉ោង ហើយខ្លះទៀតទទួលតែអ្នកធ្វើការពេញម៉ោងដែរ តែទាល់តែមានបទពិសោធន៍ ១ឆ្នាំឡើង ។ សួរថា បើមិនទទួលយកអ្នកហាត់ការ អ្នកធ្វើការក្រៅម៉ោង តើគ្នាទៅបានបទពិសោធន៍មកណា ដើម្បីធ្វើការពេញម៉ោងឱ្យយើង ។ បើដាក់ទៅនេះគេមិនយកដាក់ទៅនោះក៏គេមិនទទួល ។ ទាំងនេះជាបញ្ហាដែលខ្ញុំតែងតែឃើញមានសម្រាប់យុវជន នាពេលបច្ចុប្បន្ន» ។

កញ្ញា លីម ហ៊ូង បានបន្ថែមថា ហើយសម្រាប់ ក្មេងៗដែលចង់ធ្វើការក្រៅម៉ោងនោះ មិនមែនមកពីមូលហេតុអ្វីនោះទេ ដោយសារគ្នាចង់រៀនបណ្តើរ ធ្វើការបណ្តើរដើម្បីបានបទពិសោធន៍ ឬបានប្រាក់ខ្លះៗសម្រាប់ផ្គត់ផ្គង់ និងជួយសម្រាលបន្ទុកឪពុកម្តាយ ។
ហើយអ្វីដែលជា មុខវិជ្ជាមិនសូវជាប់ច្រើន គឺ អ្នករៀនគណនេយ្យ ក្រុមហ៊ុនខ្លះពឹងពាក់លើការរើសបុគ្គលិកតាមខ្សែ គ្នាឯង ឬរើសយកតែសាច់ញាតិ អ្នកស្គាល់គ្នា អ្វីអស់នេះ អាចធ្វើឱ្យកម្រិតការងាររបស់ ក្មេងៗជំនាន់ក្រោយភាគច្រើននៅសល់ ។

យើងយល់ហើយថា បងប្អូនសាច់ញ្ញាតិពិតជាមិនអាចខ្វះបាន (ក្រុមហ៊ុនខ្លះ) ប៉ុន្តែបើយើងចេះតែមិនរើសអ្នកផ្សេង តើពួកគាត់នឹងទៅធ្វើនៅឯណា បើក្មេងៗខ្លះគាត់មិនបានស្គាល់ ឬមានខ្សែធំអ្វីអស់នឹង អ្នកខ្លះមកពីទីជនបទ ឬតាមខេត្ត ដូចនេះពួកគាត់មិនបានផ្តល់ឳកាសឱ្យធ្វើការនោះអាត្រាអ្នកអត់ការងារធ្វើក៏វាអាចគ្រាន់បើដែរ ។
ចំណែកឯ លោក តាន់ មុនីវណ្ណ អគ្គនាយរងក្រុមហ៊ុនម៉ុងប្ញទ្ធីគ្រុប ក៏បានលើកឡើងដូចគ្នាដែរថា លោកគាំទ្រឱ្យមានការហាត់ការច្រើន និងអ្នកធ្វើការក្រៅម៉ោងច្រើន និងសំណូមពរឱ្យក្រុមហ៊ុននានា ទទួលយកសិស្ស និស្សិតដែលកំពុងស្វែងរកការហាត់ឬធ្វើការក្រៅម៉ោង ។

លោក តាន់មុនីវណ្ណ បាននិយាយថា «ខ្ញុំសូមអំពាវនាវដែរ សម្រាប់ក្រុមហ៊ុននានា និងប្រជាជនយើង គួរបើកទស្សនៈឱ្យទូលាយ ក្នុងការទទួលយកយុវជន ឬក្មេងៗដែលគាត់ដាក់ពាក្យសុំធ្វើការ ក្រៅម៉ោង និងហាត់ការ (internship) នោះ ចូលរួមជាមួយយើងឱ្យច្រើនជាងនេះ» ។ លោកថា ចំពោះក្រុមហ៊ុនលោក តែងតែទទួល និងរីករាយជានិច្ច ដល់យុវជនដាក់ពាក្យធ្វើការក្រៅម៉ោង ហើយលោកតែងតែបង្ហាត់បង្រៀនអ្នកទាំងនោះ។
លោក តាន់ មុនីវណ្ណ បានបន្តថា «អ្វីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ក៏ខ្ញុំគិតរឿងបញ្ហាធនជានមនុស្សនេះខ្លាំងដែរ និយាយឱ្យពិតទៅ ក្រុមហ៊ុនយើង ដែលមានកូនសិស្ស ឬនិសិត្សដែលបានដាក់ពាក្យមកសុំធ្វើការងារស្រាវជ្រាវឱ្យសាលា យើងកម្របដិសេធណាស់។ លើកលែងតែការស្រាវជ្រាវនោះ វាប៉ះពាល់សុខភាពពួកគាត់ ដូចជាការស្រាវជ្រាវក្នុងសកិដ្ឋានចិញ្ជឹមជ្រូកជាដើម ដោយសារខ្លាចមានការឆ្លងរោគអ្វីមួយ និយាយរួមយើងបើកទូលាយសម្រាប់កូនសិស្ស និងនិស្សិត។ និងយើងតែងតែផ្តល់នូវថវិការសម្រាប់ពួកគាត់ផងដែរ»។
ពេលខ្លះលោកជាគ្រូណែរនាំឱ្យនិស្សិតដើរទៅរកផ្លូវត្រូវ និងអ្វីដែលជាផលប្រយោជន៍សម្រាប់ក្រុមពួកគាត់ផងដែរ។ ព្រោះថាក្មេងៗជំនាន់ក្រោយនេះ ត្រូវការការជួយជាសំភារៈ ឬស្មារតីអ្វីមួយដើម្បីលើកទឹកចិត្តរបស់គាត់ ។ ដូចនេះអ្នកដែលមានក្រុមហ៊ុនអាចជួយពួកគាត់មកហាត់ការណ៍ទៅ នេះយើងត្រូវរួមគ្នាជួយសង្គមជាតិ និងមនុស្សជាតិ ៕
ចែករំលែកព័តមាននេះ