ខេត្តកំពង់ចាម ៖ ស្ពានមិត្ត ភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ(ស្ទឹងត្រង់-ក្រូចឆ្មារ)កំពុងតែដំណើរការសាងសង់ជិតភ្ជាប់ត្រង់ផ្នែកកណ្ដាលហើយ ។ សមិទ្ធផលថ្មីស្រឡាងនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បម្រើប្រយោជន៍ ដល់ប្រជាពលរដ្ឋនិងជាសរសៃឈាមដ៏សំខាន់ សម្រាប់ដឹកកសិផលមកកាន់ទីផ្សារកាន់ តែមានភាពងាយស្រួលលឿនរហ័ស ពោលគឺធ្វើដំណើរឆ្លងទៅឆ្លងមកបាន២៤ម៉ោងលើ២៤ម៉ោង។

អ្នកស្រីកា សុខឃាង អាយុ៤៩ឆ្នាំ ជាអ្នកស្រុកស្ទឹងត្រង់បានរៀបរាប់ឲ្យដឹងថា កាលពីមុនគាត់ដឹកផ្លែសាវម៉ាវចេញពីផ្ទះយកទៅលក់នៅស្រុកក្រូចឆ្មារត្រូវឆ្លងកាណូតឈ្នួល ដោយក្នុងមួយជើងគេយក១៥០០រៀល ដោយចេញទៅតាំងពីពេលព្រឹកលុះពេលល្ងាចទើបត្រឡ ប់មកផ្ទះវិញ ហើយពេលខ្លះខកជើងកាណូតក៏មាន ត្រូវប៉ាវទូកបងប្អូនខ្មែរអ៊ីស្លាមជិះតែម្នាក់ឯងក្នុងមួយជើងតម្លៃ៣ម៉ឺនរៀល។

អ្នកស្រីសុខឃាង បានរៀបរាប់បន្តថា ក្រោយមកទៀតក៏មានសាឡាងឆ្លងចំនួនពីរគ្រឿង ដែលរហូតមកដល់ពេលនេះបម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋឆ្លងកាត់ទន្លេមេគង្គទៅវិញទៅមកប្រមាណជាបីឆ្នាំហើយ។

ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ស្ពានបេតុងមិត្តភាពកម្ពុជា-ចិន បានសាងសង់ឆ្លងកាត់ទន្លេមេគង្គ ដែលស្ពាននេះនៅចម្ងាយប្រមាណ៣០០ ម៉ែត្រពីផ្ទះរបស់គាត់។ នៅថ្ងៃខាងមុខ មិនយូរប៉ុន្មាន ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គនេះ នឹងត្រូវបានតភ្ជាប់ ហើយបើកដំណើរការឱ្យប្រជាពលរដ្ឋឆ្លងកាត់ទៅវិញទៅមក កាន់តែមានភាពងាយស្រួល។

ជាមួយនោះ គាត់ងាយនឹងដឹកផ្លែឈើមានសាវម៉ាវនិងផ្លែឈើផ្សេងទៀតដាក់តាមម៉ូតូ ដើម្បីយកទៅលក់នៅត្រើយម្ខាងនៃស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ កាន់តែប្រសើរឡើង ដោយលែងខ្វល់ខ្វាយនឹងខកខានឆ្លងកាណូតឬសាឡាងបន្តទៀត។

ប្រសិនបើខកខាននៅពេលល្ងាចនោះ ព្រោះថាស្ពាននេះនឹងត្រូវបើកដំណើរការឱ្យឆ្លងកាត់ជាសាធារណៈ២៤ម៉ោងលើ២៤ម៉ោង ហើយបើមានបងប្អូនសមាជិកណាម្នាក់ដែលមានជំងឺត្រូវដឹកមកកាន់មន្ទីរពេទ្យឆ្លងស្ពានគឺកាន់តែងាយស្រួលថែមទៀត។ព្រោះកន្លងមកធ្លាប់មានប្រជាពលរដ្ឋដែលមានជំងឺត្រូវឆ្លងពេលយប់មកកាន់មន្ទីរពេទ្យ ត្រូវប៉ាវកាណញត ដើម្បីឆ្លងនិងចំណាយលុយច្រើនទៀតផង។

លោកកែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១៦កក្កដា ២០២០ថា សំណង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រហូតមកដល់ពេលនេះសម្រេចបានសម្រេចបាន៨៧% ហើយ។

លោកបានបន្តថា ស្ពាននេះត្រូវបានចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនិងអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ មានកម្ពស់ពីផ្ទៃទឹក១៥ម ចំណាយថវិកាសរុបប្រមាណ៥៧លានដុល្លារសហរដ្ឋអាមេរិក ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយផលប៉ះពាល់នានារួមនឹងការរាវរកមីនផងដែរ។

លោកកែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍បន្តថា ស្ពានបេតុងមិត្តភាពកម្ពុជាចិននៅត្រើយខាងលិចស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រូវបានពង្រីកធំទូលាយក្រាលកៅស៊ូនិងមានរង្វង់មូលតភ្ជាប់ដោយផ្លូវខ្វាត់ខ្វែងទៀតផង ។ ជាមួយនោះអាជ្ញាធរខេត្តកំពុងតែយកចិត្តទុកដាក់បានចុះដោះស្រាយពីផលប៉ះពាល់នានានៅតាមដងផ្លូវ ជាមួយនឹងប្រជាពលរដ្ឋរួចរាល់ និងផ្លូវត្រូវពង្រីកឲ្យធំជាងមុនតភ្ជាប់មកផ្លូវលេខ៧១ រហូតដល់ស្រុកចំការលើ ។

ស្ពាននេះជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការដឹកកសិផលនិងវិស័យផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយកាន់តែប្រសើរឡើង។ជាពិសេសអ្នកដែលនៅខេត្តស្ទឹងត្រែង ក្រចេះ អាចដឹកទំនិញ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន នេះជាផ្លូវកាត់ដែលមានលក្ខណៈអំណោយផលល្អ ឆ្ពោះមកកាន់រាជធានីភ្នំពេញឬក៏តំបន់ផ្សេងៗទៀត។ ស្ពាននេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសៀង ហៃគ្រុប ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងដើមឆ្នាំ២០២១ ខាងមុខនេះ។សូមបញ្ជាក់ថាសមិទ្ធផលស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គកម្ពុជាចិននេះគឺជាស្ពានទី២ បន្ទាប់ពីស្ពានគីហ្សុណា។

សមិទ្ធិផលស្ពានបេតុងស្ទឹងត្រង់-ក្រូចឆ្មារនេះគឺជាការយកចិត្តទុកដាក់របស់សម្ដេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគិតគូរខ្ពស់ ដើម្បីបម្រើសង្គមជាតិ សំដៅឲ្យកាន់តែមានការរីកចម្រើន ៕ (កែសម្រួលដោយ ៖ ធីតា)









ចែករំលែកព័តមាននេះ