ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​នេសាទ​ ​ស្វែងរក​ជំនួយ​អន្ត​រាគមន៍​ការពារ​មេត្រី​ពង​កូន​ដែល​ត្រូវ​ទន្ទ្រាន

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សហគមន៍​នេសាទ​ភូមិកំពង់​អុស ស្ថិត​ក្នុង​ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ។ ប៉ុន្តែ​អ្វី​​ដែល​ទទួល​ជា​ផ្លែផ្កា​នោះ គឺ​បន្ទាប់​ពី​សហគម​ន៍​នេះ​កើតឡើង…

ខេត្តកំពង់ឆ្នាំង ៖ សហគមន៍​នេសាទ​ភូមិកំពង់​អុស ស្ថិត​ក្នុង​ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ។ ប៉ុន្តែ​អ្វី​​ដែល​ទទួល​ជា​ផ្លែផ្កា​នោះ គឺ​បន្ទាប់​ពី​សហគម​ន៍​នេះ​កើតឡើង តំបន់​អភិរក្ស​មេ​ពូជ​ត្រី ដែល គ្រប់​គ្រង​ដោយ​សហគមន៍​មួយ​នេះ​គឺ​សម្បូរ​ដោយ​មេ​ពូជ​ត្រី​គ្រប់​ប្រភេទ អាច​និយាយ​បាន​ថា​មាន​និ
រ​ន្ត​រ​ភាព​មេ​ពូជ​ត្រី​ក្នុង​តំបន់​ល្អ​គួរ​ជាទី​ពេញចិត្ត ។

អ្នកស្រី សំរឹទ្ធ ណុ​ន ប្រធាន​សហគមន៍​នេសាទ​កំពង់​អុស បាន​ឲ្យ​ដឹង​ថា សមាគម​ប​ច្ចុប្បន្ន​មាន​សមាជិក​ចំនួន​៣៤៥​នាក់ ស្មើនឹង​១៧៨​គ្រួសារ ។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​រដូវប្រាំង​ចូល​មក​ដល់ សហគមន៍​បាន​រៀប​ចំការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នានា ដើម្បី​រក្សា​មេ​ពូជ​ត្រី​នៅ​បឹង​ល្មុ​ស ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៤៣​ហិ​កតា ។

ផ្ទៃដី​អភិរក្ស​មេ​ពូជ​ត្រី​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​បើកកាណូត ឬ​ទូក​ឆ្លងកាត់​ឡើយ លើក
លែង​តែ​មានការ​ចាំបាច់ ។ ចំពោះ​ប្រជាពលរដ្ឋ​អាច​អនុញ្ញាត​ឲ្យ​នេសាទ​បាន គឺ​មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​មាត់បឹង​អភិរក្ស ។

ប៉ុន្តែ​កន្លង​មក បទល្មើស​នេសាទ​មិន​ត្រឹមតែ​នៅ​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ពី​មាត់បឹង​ទេ គឺ​លួច​ចូល​មក​នេសាទ​ដល់​ក្នុង​បឹង​អភិរក្ស​តែ​ម្តង គឺ​ចូល​មក​ទាំង​យប់​ទាំង​ថ្ងៃ ។ ក្រុម​ជនខិលខូច​ទាំង​នោះ បាន​ប្រើ​ឧបករណ៍​ឆក់ ប្រើ​លប​ប្រឹស​១០០ បង់សំណាញ់ និង​ដាក់​មង​ជាដើម ។ កន្លង​មក សហគមន៍​ធ្លាប់​ចាប់​បាន​ជាង​២០​ករណី ក្នុង​នោះ​បទល្មើស​ឆក់​២​ករណី មិន​រាងចាល​(​ធ្លាប់​ចាប់​អប់រំ​ហើយ​នៅ​តែ​មិន​កែប្រែ​) បាន​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ និង​បន្ត​នីតិវិធី​ដល់​តុលាការ ដែល
កំពុង​ជាប់​ពន្ធនាគារ​សព្វថ្ងៃ ។ ក្រៅពី​នោះ ចាប់​បាន​យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាជ្ញាធរ​ភូមិ ឃុំ ។

អ្នកស្រី​ប្រធាន​សហគមន៍​នេសាទ បាន​មាន​ប្រសាសន៍​ដោយ​មោទនភាព​ថា ចាប់តាំងពី​កើត​សហ​គមន៍​នេសាទ​មក ផ្ទៃ​ទឹក​បឹង​ល្មុ​ស​ជាង​៤៣​ហិ​កតា បាន​សម្បូរ​ដោយ​មេ​ពូជ​ត្រី​ចម្រុះ​ដូច​ជា ត្រី​ឆ្តោ ត្រី​សណ្តាយ ត្រី​ច្រកែង ត្រី​ប្រមា ត្រី​ឆ្លាំង និង​ត្រី​ជា​ច្រើន​ទៀត ។ មេ​ពូជ​ត្រី​ទាំងនោះ​ហាក់​ដឹង​ជម្រក​របស់​ខ្លួន ពេល​ដល់​រដូវប្រាំង វា​នឹង​រត់​មក​ជ្រក​នៅ​កន្លែង​អភិរក្ស​តែ​ម្តង ។

ចំពោះ​ការងារ​រ​របស់​សមាជិក​សហគមន៍ សព្វថ្ងៃ​ក្រៅពី​ការងារ​ដាក់​វេន​គ្នា​យាម​យប់​យាម​ថ្ងៃ សហ​គមន៍​នូវ​បាន​រៀបចំ​បោះបង្គោល​រាយ​ខ្សែលួស ដើម្បី​ដាក់​ពង្រាយ​មិន​ឱ្យ​មាន​បទល្មើស​ចូល​មក ។ ពេល​ខ្លះ​ខ្យល់​បោកបក់​ដួល​បង្គោល សហគមន៍​បាន​ចុះ​ដាំ​ឡើង​វិញ​ជាដើម ។

ជា​ចុង​ក្រោយ អ្នកស្រី​សំណូមពរ​ដល់​អង្គការ​នានា​ដែល​ធ្លាប់​ផ្តល់​ជំនួយ​ផ្នែក​វិស័យ​ជលផល សូម​មេត្តា​ជួយ​ដល់​សហគមន៍​របស់​អ្នកស្រី​ផង និង​សំណួ​ម​ពរ​ដល់​អាជ្ញាធរ រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ផ្តល់​ថវិកា​ដល់​សហគមន៍ ក្នុង​ការ​ការពារ​តំបន់​អភិរក្ស​មេ​ពូជ​ត្រី​ក្នុងភូមិ​កំពង់​អុស​នេះ ដើម្បី​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ ។

សូម​បញ្ជាក់​ថា បឹង​ល្មុ​សមាន​ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ ស្ថិត​នៅ​ក្នុងភូមិ​កំពង់​អុស ស្រុក​ជល​គិរី ជាប់​ជាមួយនឹង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ និង​ជាប់​ព្រំប្រទល់​ជាមួយ​ក្រុង​កំពង់ឆ្នាំង​ផង​ដែរ ។វិសាលភាព​ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ​បែប​នេះ ពិតជា​ពិបាក​ក្នុង​ការ​ការពារ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ