រាជធានីភ្នំពេញ ៖ ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមទាំងអាជ្ញាធរមូលដ្ឋាន សម្រេចបាននូវស្នាដៃជាច្រើនក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ ដែលមានទំហំប្រមាណ១,៤លានហិកតា និងគ្របដណ្តប់ក្នុងភូមិសាស្ត្រនៃខេត្តចំនួន៣គឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ។

តាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងរយៈពេល១៨ខែចុងក្រោយ ដោយ
គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន
និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានសហការចុះល្បាតទាំងយប់ទាំងថ្ងៃចំនួន៧.៦៥៤លើក មានចម្ងាយ២៤៥.៥៣៥គីឡូម៉ែត្រដែលក្នុងនោះបានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន ការបញ្ឈប់ការទន្ទ្រានដីដោយខុសច្បាប់ចំនួន១៧១ករណី ដាក់ពាក្យបណ្តឹងទៅតុលាការចំនួន២០៥ករណី ពិន័យអន្តរការណ៍ចំនួន២៧៧ករណី បញ្ជូនជនល្មើសចំនួន៨៧នាក់ទៅតុលាការ និងរុះរើខ្ទមខុសច្បាប់ចំនួន៩៨៣ខ្នង ។

ទន្ទឹមនេះ បានដកហូតឈើចំនួន២.១៧៩ ម៉ែត្រគូប ដកហូតនិងរឹបអូសរណារយន្តចំនួន ១.៩៥៤គ្រឿង ដោះអន្ទាក់បានចំនួន៣២.៣២២ជួយសង្គ្រោះសត្វព្រៃរស់បានចំនួន៧៤៧ក្បាល និងសត្វព្រៃងាប់ចំនួន២០៦ក្បាល រឹបអូសរថយន្តបានចំនួន១៦៩គ្រឿង ត្រាក់ទ័រនិងប៊ុលដូហ្សែ៊រចំនួន៤៣គ្រឿង ម៉ូតូ១៧៣គ្រឿង គោយន្ត២៧១គ្រឿង ។

ផ្តើមចេញពីលទ្ធផលដែលទទួលបានខាងលើនេះ ក្រសួងបរិស្ថានបានសម្តែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហការ និងការអនុវត្តច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ព័ន្ធក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងនោះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានផ្តោតលើការពារពារសក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ជួរភ្នំក្រវាញ ជាពិសេសក្នុងខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ។

សូមជម្រាបថា ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះអនុស្សរណៈលើកិច្ចសហការការពារនិងអភិរក្សតំបន់ជួរភ្នំក្រវាញដែលមានទំហំដីអភិរក្ស១,៤លានហិកតា ក្នុងនោះរួមមាន ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិបទុមសាគរជាដើម ។

ក្រសួងបរិស្ថាន បានចាត់ទុកកិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិ មានសារៈសំខាន់ណាស់ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្ម
ជាតិ ការអភិរក្សជីវចម្រុះដែលកម្ពុជាមាន ។
ក្រសួងបរិស្ថាន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួលនិងសហការយ៉ាងល្អជាមួយក្រសួងបរិស្ថាន ជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលជាមន្ត្រី នគរបាលយុត្តិធម៌នៅតាមតំបន់ការពារធម្មជាតិនានា ក្នុងការចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា ។ នេះគឺជាកិច្ចសហការដ៏ស្មោះត្រង់ និងប្រកបដោយផ្លែផ្កាដែលក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ។

ក្រសួងក៏បានអះអាងថា កិច្ចខិតខំប្រឹងប្រែងខាងលើនេះ បានធ្វើឱ្យតំបន់អភិរក្សកាន់តែត្រូវបានការពារយ៉ាងល្អប្រសើរ បទល្មើសគ្រប់ប្រភេទបានថយចុះយ៉ាងច្រើននៅតំបន់នោះ ទាំងបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ ។ ការការពារបាននូវធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងល្អប្រសើរនេះ បានធ្វើឱ្យកម្ពុជាលក់ឥណទានកាបូននៅក្នុងតំបន់ដែន
ជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ។

គួររំឭកថា ខណៈនេះកម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន៦៩កន្លែង លើទំហំផ្ទៃដីចំនួន៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការ យ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តរភាពការពារសក្តានុពលបរិ
ស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើងសម្រាប់តម្កល់នូវឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ៕





ចែករំលែកព័តមាននេះ