ជាក់ស្តែង ពេលដែលសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា វាបង្កនូវស្ថានការដ៏គួរឲ្យភ័យខ្លាច និងស្ត្រេសមួយសម្រាប់មនុស្សគ្រប់គ្នា ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលបានបាត់បង់ការងារព្រោះតែកូវីដ ១៩ អ្នកត្រូវចងចាំថាមានយុទ្ធសាស្ត្រច្រើនណាស់ដែលអាចជួយឲ្យអ្នកក្រោកឈរឡើង និងបន្តដំណើរទៅមុខទៀត ។

យ៉ាងណាក្តី ការបាត់បង់ការងារអាចបង្កើតនូវឱកាសថ្មីៗឲ្យអ្នកដែរ ហើយជំហានដែលអ្នកដើរពេលដែលបានបាត់បង់ការងារអាចជួយឲ្យអ្នកមានឱកាសកាន់តែខ្ពស់ក្នុងការដើរផ្លូវដែលត្រូវនៅថ្ងៃអនាគត ។ ខាងក្រោមគឺជាអ្វីដែលអ្នកគួរតែធ្វើពេលដែលបាត់បង់ការងារ ៖
១. រកជំនាញការងារដែលសំខាន់ជាងគេ
ពេលនេះជាពេលល្អក្នុងការរៀនជំនាញថ្មីៗ ពង្រឹងសមត្ថភាព និងរៀនធ្វើជាអ្នកដឹកនាំក្រុម និងសមាជិក្រុមល្អជាងមុន ។ ដូច្នេះវាជាពេលដែលអ្នកត្រូវគិតពីអ្វីដែលអ្នកត្រូវធ្វើដើម្បីធ្វើឲ្យក្រុមហ៊ុន ឬស្ថាប័នការងារដទៃចង់បានអ្នកជាងមុន ។ តើមានវគ្គខ្លីអ្វីដែលអាចជួយពង្រឹងជំនាញបច្ចេកទេសរបស់អ្នកទេ? តើអ្នកត្រូវការបរិញ្ញាប័ត្រទេ?
ជំនាញមូលដ្ឋានដែលអ្នកគួរពង្រឹងមានដូចជា ការសរសេរ ការសន្ទនា ការនិយាយជាសាធារណៈ និងការស្តាប់បែបសកម្ម ។ ជំនាញដែលនឹងមានតម្រូវការខ្ពស់ចាប់ពីឆ្នាំ ២០២០ មានដូចជា ភាពច្នៃប្រឌិត ការបញ្ចុះបញ្ចូល ការសហការគ្នា ការសម្របខ្លួន និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ។
២. រកចំណុចទន់ខ្សោយរបស់អ្នក
បច្ចុប្បន្នក៏ជាពេលល្អក្នុងការគិតពីចំណុចខ្សោយរបស់អ្នកដែរដើម្បីអាចបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ។ អ្នកអាចគិតពីកិច្ចការ ឬទំនួលខុសត្រូវដែលអ្នកជួបបញ្ហាច្រើនឧទាហរណ៍ដូចជាការដឹកនាំក្រុម ឬការនិយាយជាសាធារណៈជាដើម ។ អ្នកសម្ភាសន៍ឧស្សាហ៍សួរពីចំណុចខ្សោយរបស់អ្នកណាស់ ដូច្នេះអ្នកគួរតែស្មោះត្រង់និងប្រាប់ពីអ្វីដែលអ្នកកំពុងតែធ្វើដើម្បីអភិវឌ្ឍន៍ខ្លួន ។
៣. ធ្វើការស្ម័គ្រចិត្ត
ក្នុងពេលដែលអ្នកមានពេលទំនេរច្រើននេះ អ្នកអាចធ្វើការស្ម័គ្រចិត្តឲ្យអង្គការមិនគិតប្រាក់ចំណូលជាច្រើនដែលកំពុងត្រូវការជំនួយ ។ ការធ្វើការស្ម័គ្រចិត្តមិនត្រឹមតែសប្បាយទេ តែវាអាចជួយពង្រឹងជំនាញផ្សេងៗសម្រាប់ការងារទៀតផង ៕
ចែករំលែកព័តមាននេះ