រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែមានក្តីស្រម៉ៃ គ្រាន់តែបងប្អូនខ្លះមានក្តីស្រម៉ៃធំ ខ្លះមានក្តីស្រម៉ៃល្មមៗ ។ ក៏ប៉ុន្តែតើយើងហ៊ានស្រម៉ៃថា អាចរកលុយឱ្យក្រុមហ៊ុន ១លានដុល្លារអាមេរិកក្នុង ១ឆ្នាំដែរឬទេ ? តើអ្នកហ៊ានក្តីស្រម៉ៃខ្ពស់ដែរ ឬទេ? ហើយក្តីស្រម៉ៃនោះទៀតសោត តើយើងហ៊ានស្រម៉ៃធំ ឬខ្ពស់កម្រិតណា? មនុស្សម្នាក់ៗពិតជាមានក្តីស្រម៉ៃ តែគ្រាន់តែវាមានទំហំប៉ុន្មាន?

បើតាមលោក ប៊ុន ផាក ជានាយកប្រតិបត្តិក្រុមហ៊ុន Camazoon និងប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខបាននិយាយថា គ្រាន់តែមានក្តីស្រម៉ៃហើយស្រម៉ៃឱ្យធំនោះមិនមានអស់លុយអ្វីនោះទេ ហើយយើងម្នាក់ៗ បើសូម្បីតែស្រម៉ៃមិនហ៊ានស្រម៉ៃផង តើយើងទៅអាចធ្វើអ្វីបាន ។

លោក ប៊ុន ផាក បានបន្តថា «ដូចនេះយើងគួរតែហ៊ានស្រម៉ៃ ហើយការចាប់ផ្តើមគួរតែពីតូចឡើងទៅ ប៉ុន្តែផ្លាស់ប្តូរឱ្យបានរហ័ស គួរតែមិនត្រូវចាប់ផ្តើមធំពេកទេ ព្រោះថា ទូកតូចស្រួលបត់ ។ សំខាន់ត្រូវដឹងពីប្រភពចំណូលរបស់យើងធ្វើយ៉ាងណាឱ្យមានស្ថេរភាពរបស់លំហូរលុយចេះគ្រប់គ្រងលុយដែរ ធ្វើឱ្យក្រុមហ៊ុនតូចមួយនឹង អាចដំណើរការបានយូរ» ។
លោក បានបន្ថែមថា «យើងកុំចាំចាប់ផ្តើមឡើង បើកក្រុមហ៊ុន ដែលត្រូវចំណាយលើអគារជួលរាប់ពាន់ដុល្លារអាមេរិកក្នុងមួយខែៗនោះមិនបាច់ធំបែបនេះទេ ។ អ្នកខ្លះចាប់ផ្តើមធំ តែសូម្បីតែវិធីរកលុយសម្រាប់ចិញ្ចឹមក្រុមហ៊ុនឱ្យវែងឆ្ងាយនឹងក៏មិនដឹងផង ដូចនេះបើកធំក៏មិនមែនជាគំនិតល្អដែរ ។ សុខចិត្តចាប់ផ្តើមពីតូចតែមានការអភិវឌ្ឍ និងរីកចំរើនលឿន ហើយបានយូរអង្វែង ។

អ្វីៗគ្រប់យ៉ាងតែងតែចេញពីគំនិត ដូចខ្ញុំបាននិយាយហើយចឹងថា អ្នកណាក៏មានគំនិតដែរ ប៉ុន្តែមនុស្សមិនច្រើនទេ ដែលអាចបំលែងគំនិតរបស់គាត់ទៅជា ផលិតផល ឬសេវាកម្មជាក់ស្តែងក្នុងសង្គម»។
ក្នុងរយៈពេលលោកជាប្រឹក្សារបស់យុវជន លោក ប៊ុន ផាក បានស្តាប់នូវគំនិតរបស់ពួកគាត់ជាច្រើន ដោយលោកគិតថា វាពិតជាល្អមែនទែន ។ មិនដឹងថា គំនិតរបស់គាត់បានមកពីណាទេ ប៉ុន្តែនៅពេលដែលសួរថា តើអ្វីដែលគួរចាប់ផ្តើមបន្ទាប់មុនគេ ? លោកបានសួរទៅយុវជនទាំងនោះថា «មានគំនិតល្អនេះហើយ តើអ្នកត្រូវធ្វើដូចម្តេច ត្រូវរកអ្នកសហការរកលុយរកក្រុមការងារ ចឹងពួកគាត់ខ្វះទាំងអស់នឹង។ នៅក្នុងស្រុកយើង មានអ្នកចាប់ផ្តើមនូវបច្ចេកវិទ្យាច្រើន Tech Start-up មានអ្នកជំនួយច្រើន និងអ្នកដែលមានលុយច្រើន តែហេតុអ្វី មនុស្សពីរក្រុមនេះមិនប៉ះគ្នា (អ្នកមានគំនិតឬអ្នកត្រូវការលុយ និងអ្នកមានលុយ) ។ នោះគឺដោយសារ គេមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេច អត់ដឹងថាជួបគ្នាតាមរបៀបណា»។
ប្រសិនយើងមានគំនិតហើយសួរថា ត្រូវធ្វើអ្វីទៀត ដូចនេះមានគំនិតហើយ ត្រូវមានសមត្ថភាពធ្វើគំនិតនឹងឱ្យក្លាយជាលិទ្ធផលជាក់ស្តែងក្នុងសង្គម។ ដូចនេះលោកបានណែរនាំឱ្យគិតទៅលើ បញ្ហាដំណោះស្រាយថវិកាក្រុម និងទីផ្សារ ។ បញ្ហាមានន័យថា ផលិតផលខ្លះមិនមែនជាបញ្ហាទេ ឧទារហណ៍ថា ហាងកាហ្វេបច្ចុប្បន្នរីកដូចផ្សិត ក្នុងការប្រកួតទីផ្សារនេះមិនល្អលេងទេ អ្នកទាំងអស់គ្នាយក ១០ ទៅ ២០ ម៉ឺនដុល្លារទៅបង្កើតហាងកាហ្វេ សួរថាបានប្រយោជន៍អ្វី? ។
ប្រជាជនក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ មានប្រមាណជាជាង ១៦, ៩ លាននាក់ ទោះបីអ្នកធ្វើបានល្អយ៉ាងណា យ៉ាងច្រើនអ្នកញុំាមានត្រឹម ២ លាននាក់ទេ វាមិនល្អលែងទេអានឹង ។ ដូចនេះការចេញដំបូងការបង្កើតក្តីស្រមៃអ្នកទាំងអស់គ្នា ត្រូវគិតឱ្យបានច្បាស់លាស់ មុនចេញទូក ។ start-up ប្រសិនជាគំនិតចេញដំបូងមកខុសហើយ ទោះបីជាអ្នកសហការ ឬក៏ក្រុមការងារធ្វើល្អប៉ុណ្នាក៏ខុសដែរ៕
ចែករំលែកព័តមាននេះ