កាលពីឆ្នាំមុន លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានចែករំលែកនូវទស្សនៈរបស់លោកទាក់ទិននឹងជំនាញដែលមានតម្រូវការខ្ពស់សម្រាប់ឆ្នាំ ២០៣០ និង ២០៤០ ។
ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត លោក ហ្គេតស៍ បានលើកឡើងថា ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត សិស្សានុសិស្សគួរតែរក្សាភាពងើយឆ្ងល់ដើម្បីពង្រីកចំណេះដឹងដែលខ្លួនមាន ។ លោកបានជំរុញឲ្យសិស្សខិតខំក្នុងផ្នែកប្រវិត្តិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច ព្រោះលោកគិតថាវានឹងមានប្រយោជន៍យ៉ាងខ្លាំងនៅថ្ងៃអនាគត ។
លើសពីនេះទៅទៀត ផ្នត់គំនិតបែបអភិវឌ្ឍន៍គឺជាមូលដ្ឋានសំខាន់ក្នុងការរៀនសូត្រ និងជាកត្តាដែលជំរុញដល់ភាពងើយឆ្ងល់ផងដែរ ។
គួរបញ្ជាក់ផងដែរថា ទោះជាលោក ហ្គេតស៍ មិនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ពិតមែនក្តីដើម្បីចាប់ផ្តើមក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៧៥ លោកបានអះអាងថាលោកនៅតែឃ្លានចង់បានចំណេះដឹងរហូតលោករកវិធីផ្សេងៗដែលជួយឲ្យលោកបន្តរៀនសូត្រជានិច្ច ។
លោកបានបន្តរក្សាភាពងើយឆ្ងល់តាមរយៈការអានសៀវភៅ ។ លោកធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយ The New York Times ថា លោកអានសៀវភៅប្រមាណ ៥០ ក្បាលក្នុងមួយឆ្នាំ ហើយវាជាទម្លាប់របស់លោកតាំងពីលោកនៅវ័យក្មេង ។ តើមូលហេតុអ្វីបានជាភាពងើយឆ្ងល់មានសារៈសំខាន់?
ភាពងើយឆ្ងល់ជាផ្នែកមួយនៃការរៀនសូត្រ តែវាក៏ជួយឲ្យមនុស្សមានអារម្មណ៍ពេញចិត្តនឹងជីវិតរបស់ពួកគេកាន់តែខ្លាំងដែរបើយោងទៅតាមការសិក្សាស្រាវជ្រាវ ។ ការសិក្សាជាច្រើនបានប្រទះឃើញថា មនុស្សដែលពូកែឆ្ងល់ មានទំនាក់ទំនងល្អជាមួយមនុស្ស និងចូលចិត្តការសន្ទនាជាមួយអ្នកដទៃផងដែរ ។ លើសពីនេះទៅទៀត ពួកគេអាចទាក់ទាញឲ្យអ្នកដទៃចូលចិត្តខ្លួនបានទៀតផង ។
ក្រៅពីនេះហើយ Harvard Business Reviews បានអះអាងថា មនុស្សដែលពូកែឆ្ងល់មានភាគរយកច្រើនក្នុងការគិតឃើញគំនិតថ្មីៗ និងជួយឲ្យពួកគេរៀនបាននូវចំណេះដឹងជាច្រើនផងដែរសម្រាប់ការដោះស្រាយបញ្ហាស្មុគស្មាញ ៕
ចែករំលែកព័តមាននេះ