រាជធានីភ្នំពេញ ៖ ដើម្បីឱ្យកសិករនាពេលបច្ចុប្បន្នអាចគេចផុតពីការបាត់បង់ប្រាក់ចំណេញក្នុងរដូវប្រមូលកសិផល តាមរយៈការប្រែប្រួលតម្លៃនៅលើទីផ្សារ គឺមានតែធ្វើកសិកម្មតាមកិច្ចសន្យា ហើយការធ្វើកសិកម្មតាមប្រភេទបែបននេះ កំពុងបានបង្ហាញសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ។

ជាក់ស្តែង បើតាមថ្នាក់ដឹកនាំកំពូលរបស់ក្រសួងកសិកម្ម គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះមានរហូតដល់ជាង៥០០កិច្ចសន្យា ហើយរំពឹងវានឹងកើនដល់ជិត១.០០០កិច្ចសន្យា ។

លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កាលពីឆ្នាំកន្លងទៅនេះ យើងបានទទួលរៀបចំពិធីចុះកិច្ចសន្យាកសិកម្មរវាងអ្នកផលិតជាកសិករ សហគមន៍កសិកម្ម និងបណ្តុំកសិករ និងអាជីវករបានជិត៥០០កិច្ចសន្យាក្នុងនោះមានទាំងពីការធ្វើស្រូវសេរីរាង , ស្រូវចំណី, ការដាំបន្លែ, ការចិញ្ចឹមសត្វ និងការធ្វើស្ករតោ្នតជាដើម ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «នៅឆ្នាំនេះយើងគិតថា ការធ្វើកសិកម្មតាមកិច្ចសន្យានឹងមានការកើនឡើង គិតត្រឹមរយៈពេល៦ខែដើម ឆ្នាំនេះយើងឃើញថា ការរៀបចំកិច្ចសន្យាបានកើនឡើងដល់៥៤០កិច្ចសន្យាហើយ សង្ឃឹមថា អាចនឹងកើនដល់ជិត១.០០០កិច្ចសន្យា» ។
លោករដ្ឋមន្ត្រីលើកឡើងថា « ការធ្វើកសិកម្មតាមកិច្ចសន្យានេះ កសិករមានការយល់ដឹងកាន់តែច្រើន ហើយទីផ្សារកាន់តែល្អប្រសើរទាំងការផលិតស្រូវ ចិញ្ចឹមសត្វបន្លែជាដើម ។
សព្វថ្ងៃនេះយើងឃើញថា សកម្មភាពនៃការធ្វើកសិកម្មតាមកិច្ចសន្យានេះ មានលក្ខណៈផុលផុសខ្លាំងមែនទែន ហើយយើងសង្ឃឹមថា យើងនឹងទទួលបានជោគជ័យក្នុងការផលិតនាំចេញនាពេលខាងមុខ» ។

ពាក់ព័ន្ធ និងកិច្ចសន្យាកសិកម្មនេះ បើតាមលោករដ្ឋមន្ត្រីកសិកម្ម គឺមានសារសំខាន់ចំនួន៦ចំណុចធំៗ៖ទី១ – ការកសាងភាពជាដៃគូរវាងអ្នកផលិត និងអាជីករ , ទី២ – អ្នកផលិតមានក្តីសង្ឃឹម ជឿជាក់ថា ពេលគាត់ផលិតទៅមានទីផ្សារមានអ្នកទិញធ្វើឱ្យកសិករមានភាពកក់ក្តៅក្នុងការផលិត,ទី៣ – ការបង្កើតឱ្យមានខ្សែច្រវាក់ផលិតកម្មរវាងអ្នកផលិតអ្នកប្រមូលទិញ និងអ្នកកែច្នៃ ។
បើយើងអត់មានចំណងនៃការធ្វើកសិកម្មតាមកិច្ចសន្យានេះមានការលំបាក ហើយខ្សែច្រវាក់នេះវាមានលក្ខណៈដាច់ពីផ្នែកមួយទៅមួយធ្វើឱ្យការផលិតមិនអាចឆ្លើយតបទៅនឹងតម្រូវការ , ទី៤ – កសិករទទួលបានបច្ចេកវិទ្យាថ្មីៗ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យាពីអាជីវករព្រោះអាជីវកម្មគាត់បានទៅធ្វើទំនាក់ទំនងផ្គត់ផ្គង់ទៅដល់ទីផ្សារក្នុងស្រុក និងក្រៅស្រុក,ទី៥ – កសិករទទួលបានការគាំំទ្រហិរញ្ញប្បទានពីធនគារឯកជន និងពីដៃគូអភិវឌ្ឍន៍ ។ បើសិនយើងធ្វើកសិកម្មតាមកិច្ចសន្យានេះបានល្អប្រសើរ និងទី៦ – កសិករទទួលបានប្រាក់ចំណូលល្អ អាចជួយឱ្យគាត់កាត់បន្ថយការធ្វើចំណាកស្រុក ។

លោករដ្ឋមន្ត្រីវេង សាខុន មានប្រសាសន៍ថា «រាល់ការធ្វើកសិកម្មតាមកិច្ចសន្យានេះជាគោលដៅចម្បង និងជាយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម គឺយើងត្រូវអនុវត្តទូទាំងប្រទេស ពិសេសរាល់គម្រោងសកម្មភាពនៃកម្មវិធីទាំងអស់ត្រូវតែបញ្ចូលសកម្មភាពនេះទៅដល់កសិករ ដើម្បីធានាការផលិតរបស់គាត់មានរយៈពេលយូរអង្វែង លើសពីនេះធានាប្រាក់ចំណូលគាប់ប្រសើសម្រាប់កសិករ» ៕
ចែករំលែកព័តមាននេះ