រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២លើកក្នុងពេលតែមួយនិងទីកន្លែងតែមួយបានបណ្ដាលឲ្យមានរថយន្តចំនួន៣គ្រឿង ព្រមទាំងម៉ូតូចំនួន២គ្រឿងបានរងការខូចខាត ប៉ុន្តែសំណាងល្អមិនបណ្ដាលឱ្យមនុស្សណាម្នាក់បាត់បង់ជីវិតឡើយ គ្រាន់តែរងរបួសស្រាលចំនួន៤នាក់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចភ្លើងស្តុបអូដឹម តាមកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដំបូងឡើយបានកើតឡើងរវាងរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08 .2-3522 បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-5128 និងម៉ូតូមួយគ្រឿងទៀតប្រភេទម៉ូតូធំ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-8128 ។

តាមប្រភពព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុ រថយន្តម៉ាកកាមរីបាឡែនបានបើកបរធ្វើដំណើរឆ្លងផ្លូវកាត់ផ្លូវក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះមានម៉ូតូ២គ្រឿងធ្វើដំណើរក្នុងទិសដៅស្របគ្នាពីលិចទៅកើតក្នុងល្បឿនលឿនដែរ លុះទៅដល់ក៏វាក់គេចមិនទាន់ ក៏បានបុកចំទទឹងខ្លួនរថយន្ត បណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលតែម្ដង ប៉ុន្តែមនុស្ស៤នាក់ដែលជិះម៉ូតូទាំង២គ្រឿងរងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តបានរងការខូចខាតដូចគ្នា។

តាមប្រភពព័ត៌មានបានបន្តទៀតថា លុះបន្តិចក្រោយមក ខណៈដែលម៉ូតូកំពុងដួលដេក ហើយរថយន្តខាងលើកំពុងស្ថិតនៅទទឹងផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-9391 ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបានមកដល់ ខណៈនោះរថយន្តព្រូសបានបន្ថយល្បឿនគេចចេញពីម៉ូតូនិងរថយន្តកាមរីបាឡែ ពាក់ស្លាកលេខខេមរភូមិន្ទដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ស្រាប់តែត្រូវរថយន្តដឹកទំនិញម៉ាកFUSO ប្រភេទយីឌុបពាក់ស្លាកលេខកំពង់ស្ពឺ 3A-1851 បើកបរស្របទិសគ្នាទៅដល់បុកពីក្រោយបណ្ដាលឲ្យរងការខូចខាតចំហៀងឆ្វេងយ៉ាងដំណំ ។

តាមប្រភពព័ត៌មានបានបន្តទៀតថា ចំណែករថយន្តធុនធំនោះបានរងការខូចខាតខ្លះដែរ ហើយក្រោយពេលកើតហេតុ នគរបាលបានឲ្យភាគីទាំងអស់សម្របសម្រួលគ្នា ខណៈនោះខាងរថយន្តកាមរីបាឡែនពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងទៅខាងអ្នកជិះម៉ូតូម្នាក់៥០ដុល្លារបញ្ចប់រឿង ។ ដោយឡែកខាងភាគីរថយន្តព្រូសនិងរថយន្តដឹកទំនិញក៏បានសម្របសម្រួលគ្នាបញ្ចប់រឿងក្នុងពេលនោះដែរ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ