រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី ១១ ខែ កក្កដា នេះបានឱ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានបន្តថា «ក្រសួងបរិស្ថានសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមប្រតិបត្តិមេត្រីភាព ក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះថ្នាក់»។

ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។

ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។ លោកថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។

លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំនឿថាគម្រោងផ្តើមពីយើងនេះនឹងទទួលបានជោគជ័យហើយក្លាយជាគំរូសម្រាប់កាអនុវត្តនៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជាដោយឯកឧត្តមបានគូសបញ្ជាក់ថា សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ដាក់លើដំណាំឬរុក្ខជាតិផ្សេងទៀតបាន ។

យ៉ាងណាមិញ មហាជនកំពុងមានចម្ងល់ថាតើសម្រាមដែលបន្តកើនឡើងមិនឈប់នឹងត្រូវខាងស្ថាប័នពាក់ព័ន្ធចាត់ចែងយ៉ាងណា ឬកែច្នៃយ៉ាងណា ខណៈពេលនេះទីលានចាក់សម្រាមពេញហៀរ និងត្រៀមបង្កើតទីលានចាក់សម្រាមថ្មីនៅខេត្តកណ្តាល ?
ចែករំលែកព័តមាននេះ