រាជធានីភ្នំពេញ៖ កេសរកូលព្រៃរបស់កម្ពុជា ឬបងប្អូនមួយចំនួននិយមហៅថា ផ្កាអ័រគីដេ កំពុងប្រឈមបាត់បង់ ដោយសារដោយឈ្មួញកំពុងដើរបំផុស ទិញ និងជួញដូរយកទៅលក់នៅក្រៅប្រទេស។ ជាក់ស្តែងក្រសួងបរិស្ថានបានបញ្ជាក់ថា នៅលើបណ្តាញសង្គម មានគេទិញកេសរកូលព្រៃក្នុងតម្លៃខ្ពស់ ដែលធ្វើឲ្យមានសកម្មភាពដើរប្រមូលកេសរកូល ពីព្រៃ ចេញព្រៃតំបន់ការពារធម្មជាតិយ៉ាងអនាធិបតេយ្យ។

ក្រសួងបានបញ្ជាក់ថាទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រភេទកេសរកូលព្រៃ និងអាចឈានដល់ការផុតពូជទាំងស្រុងនូវប្រភេទកេសរព្រៃមួយចំនួន។ ក្រសួងបានបញ្ជាក់ថា រាល់សកម្មភាពជូញដូរកេសរកូលគឺខុសច្បាប់ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការយ៉ាងម៉ឹងម៉ាត់។

«សកម្មភាពទាំងឡាយដែលបាននិងកំពុងប្រមូលជូញដូរ និងធ្វើអាជីវកម្មប្រភេទកេសរកូលព្រៃពីតំបន់ការពារធម្មជាតិទាំងការធ្វើអាជីវកម្មឬគោលបំណងណាមួយជាសកម្ម ភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ចំណុច៣ ចំណុច៤ និងមាត្រា៦១ចំណុច៤» ។ នេះជាការបញ្ជាក់របស់ក្រសួងបរិស្ថាននៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០២០ ។

សូមជម្រាបថាកេសរកូលព្រៃក្នុងប្រទេសកម្ពុជាមានច្រើនប្រភេទ និងបានដុះស្ទើរពេញប្រទេសក្នុងតំបន់ព្រៃ ។ឈ្មួញបានលូចនាំចេញកូសេព្រៃពីកម្ពុជាទៅលក់ឲ្យប្រទេសថៃជាច្រើនឆ្នាំមកហើយ ដែលបង្កឲ្យមានការព្រួយបារម្ភពីការផុតពូជកេសរកូលព្រៃនេះ។ កេសរកូលព្រៃកម្ពុជា ត្រូវគេទិញយកទៅបង្កាត់ពូជដើម្បីឲ្យក្លាយជារុក្ខជាតិរបស់ប្រទេសគេ។
ដើម្បីពង្រឹងប្រសិទ្ធភាពការពារធនធម្មជាតិមួយនេះ ក្រសួងបានអំពាវនាវឲ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ ការដឹកជញ្ជួន ការប្រមូល ការធ្វើសន្នធិកេសរកូលព្រៃនិង បញ្ឈប់នូវរាល់សកម្មភាពទិញលក់កេសរកូលព្រៃ ជាបន្ទាប់។

ជាការកត់សម្គាល់ដើម្បីតែប្រាក់រុក្ខជាតិកម្ពុជាត្រូវបានគេកាប់គាស់ រំលើងទាំងឬស យកទៅឲ្យបរទេសបន្តបន្ទាប់ និងជាច្រើនប្រភេទ រាប់តាំងពីដើមត្នោត ដើមរាំង ជាដើមនោះ៕







ចែករំលែកព័តមាននេះ