រាជធានីភ្នំពេញ ៖ នៅក្នុងវិស័យទេសចរណ៍ ស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ ដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១០ ខែកក្កដា លោកស្រី ហ៊ុន ដានី បានលើកឡើងថា «រយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាអតិប្បរមាទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេសតាមរយៈការបញ្ជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដោយបានបញ្ចូលនូវសូចនាករជាក់លាក់សម្រាប់តាមដានការអនុវត្ត» ។

បើតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចបានបង្ហាញថា អត្រាស្ត្រីដែលធ្វើការងារមានប្រាក់កម្រៃក្នុងវិស័យចម្បងៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម មានការរីកចម្រើនទោះបីជាអត្រានោះមិនទាន់សម្រេចបានដល់ចំណុចដៅដែលបានកំណត់៥០%ក៏ដោយ។

គួរបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយចីរភាព និងបរិយាបន្ន។
ផ្តើមពីតួនាទីដ៏មានសារៈសំខាន់ដែលបានចាត់ទុក «ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» ក្រសួងទេសចរណ៍តែងតែគាំទ្រដល់ការលើកកម្ពស់យេនឌ័រនៅគ្រប់ដំណើរការការងាររបស់ខ្លួនស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រនៅក្នុងវិស័យរបស់ខ្លួន។
លោកស្រីបានកោតសរសើរដល់គ្រប់អង្គភាពបាន ខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវដើម្បីជំរុញកំណើនទេសចរណ៍ឡើងវិញ នៅក្នុងដំណាក់កាល និងក្រោយនៃវិបត្តិជំងឺកូវីដ-១៩៕
ចែករំលែកព័តមាននេះ