ខេត្តកោះកុង ៖ ដោយសារតែល្បឿននៃការអភិវឌ្ឍន៍តំបន់ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលធ្លាប់តែជាទីកន្លែងបំផ្លាញធនធានធម្មជាតិពលរដ្ឋធ្លាប់តែប្រកបមុខរបរកាប់ព្រៃឈើ បរបាញ់សត្វព្រៃ ប៉ុន្តែបច្ចុប្បន្នតំបន់ជីផាតបានក្លាយ ជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវជាតិ និង អន្តរជាតិ។

គួរបញ្ជាក់ថា តំបន់ ឃុំជីផាត ប្រជុំទៅដោយតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង មានដូច ជា៖ស្ទឹងព្រាត់ ទឹកធ្លាក់អូរម្លូ ទឹកវេត ឆាយខ្ពស់ ទឹកធ្លាក់អូរស្រឡៅ វាលប្រាក់ ពាងបុរាណ ម្ឈូសបុរាណ ត្រពាំងគិត ត្រពាំងថ្ម ដំណាក់ខូស អូស្បត រោងប្រចៀវជាដើម។

លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានបានឱ្យដឹងក្នុងដំណើរ ដឹកនាំប្រតិភូទស្សនកិច្ចខេត្តកោះកុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ ២០២០នេះបានថ្លែងថា វាជាជោគជ័យមួយរបស់ សហគមន៍អេកូទេសចរណ៍នៃអង្គការសម្ព័ន្ធ មិត្តសត្វព្រៃដែលបានប្រែក្លាយតំបន់ដែលទទួលរងការបំផ្លាញធនធានធម្មជាតិ ហើយប្រជាពលរដ្ឋងាកមកចូលរួមថែរក្សាការពារវិញ ។ លោកបានបន្តថា អ្វីទាំងអស់នេះជាការបង្ហាញ ថាពួកគាត់បាន យល់ដឹងពីតម្លៃធន ធានធម្មជាតិដែលជាកំណប់មហាសាលមិនអាចកាត់ថ្លៃបានសោះ ឡើយ។

លោករដ្ឋលេខាធិការបានអះអាងថា ការពារបាននូវតំបន់ធនធានធម្មជាតិគឺមានន័យថា យើងមានសុវត្តិភាពមួយក្នុងការបង្កើតប្រភពចំណូលជូនប្រជាពល រដ្ឋ។ចឹងហើយការ កែប្រែពីតំបន់ការពារធម្មជាតិដែលមានសក្តានុពលទៅជាជាកន្លែងទេសចរណ៍ទី១គឺការបង្កើនចំណូល ទី២គឺការចូលរួមអភិរក្ស ហើយចំណុចនេះគឺការគិតអំពីនិរន្តភាព នៃការការពារ បរិស្ថាននិងធនធានធម្មជាតិរបស់យើង ។ ប៉ុន្តែលោកថា ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាការរួម វិភាគទានមួយដ៏មាន តម្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងថែរក្សា ការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។

លោក នេត្រ បានថ្លែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្ត ច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ពទ្ធ័ក្នុងតំបន់ការធម្មជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ដោយក្នុងនោះក្រុមការងារអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើកការពារពារ សក្តានុពលបរិស្ថាន និងធនធានធម្ម ជាតិក្នុងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង តាតៃ និងក្រវាញកណ្តាល។

លោកថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុង តំបន់ការពារ ធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធន ធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចេរភាព ។

លោករដ្ឋលេខាធិការបានលើកឡើងថា បច្ចុប្បន្ននេះយើងមានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ច ដែលក្រសួង បរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ពទ្ធ័នានា ក្នុងការធានាបាន នូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តំកល់ ជូនឧត្តមប្រយោជន៍ដល់ ជំនាន់ក្រោយ។
លោក ម៉ៅ ស្រស់ ជាប្រជាសហគមន៍ មួយរូបបានលើកឡើងថា កាលពីមុនប្រជា ពលរដ្ឋរស់ នៅទីនេះបានពឹងអាស្រ័យសំខាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិតគឺអនុផលព្រៃឈើ ប៉ុន្តែ បច្ចុប្បន្នពួកគាត់បានផ្លាស់ប្តូរច្រើនបន្ទាប់ពីចូលជាសហគមន៍ក្នុងនេះពួកគាត់កែប្រែពីការកាប់ព្រៃឈើមកបង្កើតមុខរបរលើវិស័យទេសចរណ៍វិញដូចជា សេវ៉ាទូក សេវ៉ាម៉ូតូឌុប សេវ៉ាលក់ ម្ហូបអាហារ លក់របស់របរ ធ្វើផ្ទះសំណាក់ដល់ភ្ញៀវទេសចរណ៍ជាដើម។
លោកបានបញ្ជាក់ថា តំបន់សហគមន៍ជីផាតនេះមានចំណុចសំខាន់សម្រាប់ទាក់ទាញភ្ញៀវ ទេសចរណ៍ច្រើនជាង គេគឺ ការដើរព្រៃទឹកធ្លាក់(បីកន្លែង)ជិះទូកកាត់ដៃព្រែកជាដើម។ ប៉ុន្តែបច្ចុប្បន្នសហគមន៍ នេះសំបូរតែភ្ញៀវជនជាតិបរទេសប៉ុណ្ណោះចំពោះភ្ញៀវជាតិមានចំនួន តិចជាងភ្ញៀវបរទេស ។
ចំណែកអ្នកស្រី ឡុង ចាន់ ដែលជាប្រជាសហគមន៍ដែលនោះក៏បានបង្ហាញមោទន ភាពពីតំបន់នេះផងដែរ ដោយលោកស្រីលើកឡើងក្រោយប្រែក្លាយជាតំបន់ទេសចណ៍ គឺទីនេះមិនត្រឹមតែជួយរកចំណូលដល់ជីវភាពអ្នកស្រីតាមរយៈភ្ញៀវទេសចរណ៍ទេប៉ុន្តែក៏ជាទឹកដីស្រស់ស្អាតបែបធម្មជាតិគួរជាទីរស់នៅថែមទៀត។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍នៃអង្គការ សម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹង ថាតាមរយៈការបង្កើតតំបន់ជីផាត់ឱ្យក្លាយជាកន្លែងអេកូទេសចណ៍នេះធ្វើឱ្យជីវភាពប្រជាជនសហគមន៍បច្ចុប្បន្នផ្លាស់ប្តូរថ្មី ហើយប្រជាពលរដ្ឋដែលធ្លាប់ ពឹងអាស្រ័យតែទៅលើ ការកាប់ ព្រៃឈើ បរបាញ់សត្វក៏បានផ្លាស់ប្តូរមកប្រកបរបរបែបទេសចរណ៍វិញ។លោកថា ពលរដ្ឋក្នុង សហគមន៍បាននាំគ្នាចេះថែររក្សាបរិស្ថាននិងអនុវត្តអនាម័យល្អសំដៅធ្វើយ៉ាងឱ្យតំបន់ទីនេះក្លាយជាកន្លែងទេសចរណ៍យ៉ាងសំខាន់ទាំងពេលបច្ចុប្បន្ននិងថ្ងៃអនាគត។
ដោយឡែក លោកទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍នៃអង្គការ សម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថាកាលពីអំឡុងឆ្នាំ២០០៧តំបន់កន្លែងនេះគឺជាកន្លែងបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរមួយកន្លែងផងដែរ ។ ប៉ុន្តែដោយការយកចិត្តទុក់ពីសំណាក់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃជាមួយអាជ្ញាធរពាក់ព័ន្ធខិតខំបង្កើតតំបន់នេះឱ្យក្លាយជាតំបន់អេកូទេសចរណ៍បានធ្វើឱ្យពលរដ្ឋនៅទីនេះមានមុខរបរថ្មី ហើយឈប់ចូលព្រៃកាប់ឈើបន្តទៀត។
ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃរូបនេះបានឱ្យដឹងផង ដែរថា អង្គការរបស់លោកបានចុះមកជួយរៀបចំអេកូទេសចរណ៍ នៅឃុំជីផាតស្រុកថ្ម បាំងខេត្ត កោះកុងចាប់តាំងពីខែមករាឆ្នាំ២០០៧មក។តាមរយៈការបង្កើតអេកូទេស ចរណ៍នេះ ដែរបានធ្វើឱ្យតំបន់នេះទទួលការរីកចម្រើនគួរកត់សម្គាល់ក្នុងនេះដូចជា ការអភិវឌ្ឍន៍លើ វិស័យ សេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍។
លោកបានបន្តឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅតំបន់នេះបានចុះកិច្ចព្រមព្រៀងចូលក្នុង សហគមន៍ចំនួន៣៣២គ្រួសារក្នុងចំណោម៦៣៣គ្រួសារ។បច្ចុប្បន្ននៅទីនេះគេឃើញហេដ្ខារចនាសម្ព័ន្ធនៅតំបន់នេះបានផ្លាស់ប្តូរថ្មីហើយបើប្រៀបធៀបកាលពី១០ឆ្នាំមុន ឃើញថា ខុសគ្នាស្រឡះពិសេសផ្លូវថ្នល់តែម្តង។បើទោះបីនេះជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលពិតមែនប៉ុន្តែអង្គការសម្ព័ន្ធមិត្តសត្វព្រៃរបស់លោកក៏បានចូលរួមមួយចំណែកណាមួយផងដែរ។ចំណែកសត្វព្រៃនៅតំបន់នេះក៏ទទួលបានការរីកចម្រើនដោយសេសសល់ច្រើនជាងមុនផង។
លោកថាសមិទ្ធផលទាំងនេះមិនត្រឹមតែជួយដល់ជីវភាពប្រជាពលរដ្ឋសហគមន៍ទេពិសេសយើងក៏ថែរក្សាបាននូវសម្បត្តិធនធានធម្មជាតិយ៉ាងមហាសាលមិនអាចកាត់ថ្លៃបាននេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។
គួរបញ្ជាក់ថា តំបន់ជីផាត មានទេសភាពធម្មជាតិយ៉ាងស្អាតស្រស់ត្រកាលដោយរួមមានដូចជា ព្រៃឈើ និងរុក្ខជាតិពណ៌បៃតងស្រស់បំព្រងគួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ ចូលកម្សាន្ត ។ហេតុនេះការរក្សាបាននូវធនធានធម្មជាតិ សត្វព្រៃ និងធនធាន ផលនេសាទគឺជាកិច្ចការ ចំបងនៃខឿនសេដ្ខកិច្ចដ៏សំខាន់របស់ប្រជាសហគមន៍ក៏ដូចជាពលរដ្ឋទូទៅដែលរស់នៅតំបន់មួយកន្លែងនេះ៕
ចែករំលែកព័តមាននេះ