ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ​នៅ​កណ្តាល​ទ្រូងព្រៃ ជនបរទេស​វៀច​មាត់ វៀចក ព្រោះ​ទៅ​ឈូស​ឆាយ​ទន្ទ្រាន


ខេត្តព្រះវិហារ ៖ ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ នៅ​កណ្តាល​ទ្រូងព្រៃ​យ៉ាង​ស្ងាត់​ឆ្ងាយ​ផុត​ពី​ខ្សែ​ភ្នែក​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។ ទោះ​ជាយ៉ា​ង​ណា​ក្តី ប្រាសាទ​ទាំង​ពីរ​សល់​តែ​ស្លាកស្នាម​បន្តិចបន្តួច​ប៉ុណ្ណោះ ព្រោះ​បាន​បាក់បែក​ខូចខាត និង​មិន​មាន​ប្រវត្តិ​កត់ត្រា​នៅ​ក្នុង​ឯកសារ​ទេ ។

ប្រាសាទ​កំណប់​តូច បាក់បែក​ស្ទើរ​បាត់​រូបរាង​ទៅ​ហើយ ព្រោះតែ​ជន​ទុច្ចរិត​គាស់កកាយ​រាវរក​វត្ថុ​បុរាណ​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង កាលពី​សម័យ​សង្គ្រាម ។ ចាប់ពី​ពេល​នោះ​មក ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ ត្រូវ​គេ​បោះបង់​ចោល​នៅ​ក្នុង​ព្រៃ​ជ្រៅ ស្ទើរតែ​បាត់ឈ្មោះ​សូន្យឈឹង ។

ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ ចូល​ពី​ផ្លូវជាតិ​លេខ​៩ ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។

បុរស​ឈ្មោះ​ហ៊ី​ម ភាព អាយុ​៤០​ឆ្នាំ ជនជាតិ​កួយ និង​ប្រពន្ធ​ឈ្មោះ​ឈឿ​ន សុវណ្ណ រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កាលពី​ពេល ថ្មី​ៗ​នេះ​ថា ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ ជនជាតិ​កួយ​ចាត់ទុកជា​វត្ថុ​បន់ស្រន់​សុំ​សេចក្តីសុខ និង​ជាទី​សក្ការបូជា ។ អ្នក​ភូមិ​ពោធិ៍​ទាប តែងតែ​ធ្វើ​ពិធី​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា អ្នក​ថែរក្សា​ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ ឈ្មោះ ហ៊ី​ម ដោយ​ជនជាតិ​បារាំង​ម្នាក់​ផ្គត់ផ្គង់​ប្រាក់​ឱ្យ​ដើម្បី​កាប់​ឆ្ការព្រៃ​នៅ​ជុំវិញ​ប្រាសាទ ។ ជាង​នេះ​ទៅ​ទៀត​ជា​រៀង​រាល់​ឆ្នាំ ជនជាតិ​បារាំង​នោះ តែងតែ​ទៅ​មើល​ប្រាសាទ​កំណប់​តូច កំណប់​ធំ ព្រោះតែ​ចង់​អភិរក្ស​ប្រាសាទ​ទាំងនោះ ។

អ្នក​ភូមិ​ជា​ច្រើន​ដែល​ធ្លាប់​ដឹង​ពី​ប្រវត្តិ​របស់​ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ ឱ្យ​ដឹង​ថា ពី​មុន​នៅ​ក្នុង​ប្រាសាទ​កំណប់​តូច មាន​វត្ថុ​មាន​តម្លៃ​ដូច​ជា​បដិមា​សំរឹទ្ធិ​ជាដើម ប៉ុន្តែ​ត្រូវ​ពួក​ទុច្ចរិត​គាត់​យក​ទៅ​បាត់ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​ទន្ទ្រាន​ទាំងនោះ​ខ្លះ​ឈឺ ខ្លះ​ធ្លាក់ខ្លួន​ពិការ ចំណែក​អ្នកខ្លះ​ស្លាប់​យា​៉​ង​វេទនា ។

ដោយឡែក កាលពី​ប៉ុន្មាន​ខែ​កន្លង​មក ក្រុមហ៊ុន​បរទេស​មួយ បាន​ឈូស​ឆាយដី​ព្រៃ ប៉ះពាល់​ប្រាសាទ​កំណប់​តូច ក៏​ត្រូវ​បារមី​ប្រាសាទ និង​ម្ចាស់​ទឹក​ម្ចាស់​ដី​ធ្វើ​ឱ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​វៀច​មាត់​វៀចក ។ ក្រោយមក​ជនបរទេស​នោះ យក​មាន់​ស្ងោរ​ទៅ​សែន​នៅ​មុខ​ប្រាសាទ​កំណប់​តូច និង​សុំ​ខ​មា​ល​ទោស ទើប​បានជា​សះស្បើយ ហើយ​ចាប់ពី​ថ្ងៃ​នោះ​មក​ឈប់​ហា​៊​ន​ឈូស​ឆាយ​នៅ​ក្បែរ​ប្រាសាទ​ទៀត ។

លោក​យៀន ឆាយ មេ​ភូមិ​ពោធិ៍​ទាប ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ដំណឹង​ពី​រឿង​ក្រុមហ៊ុន​ដាំ​អំពៅ ឈូស​ឆាយ​ទីទួល​ប្រាសាទ​នោះ ប៉ុន្តែ​វា​ហួស​កម្រិត​គ្រប់គ្រង​របស់​លោក ។

ចំណែក​លោក​មេឃុំ​ម្លូព្រៃ ឈ្មោះ​ហេង ភួ​ន អះអាង​ថា លោក​មិន​បានដឹង​រឿង​ក្រុមហ៊ុន​ឈូស​ឆាយ​ទីទួល​ប្រាសាទ​កំណប់​តូច ប្រាសាទ កំណប់​ធំ​ទេ តែ​សន្យា​ថា នឹង​ទៅ​មើល ។ បាន​ព័ត៌មាន​យា​៉​ង​ណា លោក​នឹង​រាយការណ៍​ជូន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោក​នូវ សុគន្ធ​ណា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ប្រាសាទ​កំណប់​តូច ត្រូវ​មន្ទីរ​ឱ្យ​កម្មករ​កាប់​ឆ្ការព្រៃ ជា​រៀង​រាល់​ខែ ដោយ​ក្នុង​មួយ​ខែ​ផ្តល់​ប្រាក់​១៥​ម៉ឺន​រៀល​សម្រាប់​កម្មករ​មើលថែ​ប្រាសាទ ។ ទោះ​ជាយា​៉​ង​ណា​ក្តី ប្រាសាទ​កំណប់​តូច ប្រាសាទ​កំណប់​ធំ មិន​អាច​អភិរក្ស​បាន​ឡើយ ព្រោះ​នៅ​សល់​តែ​ដុំ​ថ្ម​៤​ទៅ​៥​ដុំ​ប៉ុណ្ណោះ រីឯ​តួ​ប្រាសាទ​គ្មាន​នៅ​សល់​អ្វី​ឡើយ ។

លោក​នូវ សុគន្ធ​ណា បញ្ជាក់​ថា ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ មិនឃើញ​មានការ​កត់ត្រា​ក្នុង​ឯកសារ​ណាមួយ​ឡើយ ដូច្នេះ​មិនដឹង​កសាង​ដោយ​អង្គ​ស្តេច​ណា និង​នៅ​ឆ្នាំ​ណា​ទេ ។ បើ​តាម​លោក​ដឹង ខ្លះ​ៗ ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ កសាង​នៅ​សម័យ​មេកន្ទ្រាញ​ជំនាន់​ប្រើ​ដាវ លំពែង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ