រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋមានការយល់ដឹងពីការបរិភាគ ហើយមានការបែងចែកថា បន្លែមានជាតិគីមី និងបន្លែសុវត្ថិភាព ឬធម្មជាតិគេសង្កេតឃើញក្នុងមួយរយៈចុងក្រោយនេះ តម្រូវការនៅលើទីផ្សារបន្តកើនឡើង ជាហេតុធ្វើឱ្យប្រជាកសិករបង្កើនការផលិតដើមឆ្លើយតបទីផ្សារ ។

ជាក់ស្តែងប្រជាកសិកររស់នៅក្នុងខេត្តកណ្តាលបានបង្កើនការផលិតបន្លែសុវត្ថិភាពរហូតដល់៦រោង ឬផ្ទះសំណាញ់ ក្រោយពីឈប់ដាំបន្លែប្រើជាតិគីមី ។
លោក ផៃ ប្រុស ប្រជាកសិករផលិតបន្លែសុវត្ថិភាពនៅក្នុងខេត្តកណ្តាលបានឱ្យដឹងថា មកដល់បច្ចុប្បន្នលោក មានផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពចំនួន៦ តែសព្វថ្ងៃនេះបាន និងកំពុងដាំបាន៤រោង ក្នុងនោះ២រោងកំពុងប្រមូលផល ហើយ២រោងផ្សេងទៀតអាចប្រមូលផលបាននៅ១៥ថ្ងៃទៀតយ៉ាងយូរ ។

ប្រជាកសិកររូបនេះបានឱ្យដឹងថា រូបលោកបានចាប់ផ្តើមដាំបន្លែសុវត្ថិភាពនៅឆ្នាំ២០១៩ តែពេលនោះដាំស្ពៃក្តោបមានតែ១រោងទេ ។ លោកបានលើកឡើងថា « មុនខ្ញុំដាំបន្លែសុវត្ថិភាពដូចសព្វថ្ងៃនេះ កាលពីមុនខ្ញុំជាអ្នកដាំបន្លែប្រើថ្នាំគីមី តែនៅពេលបានចូលជាសមាជិក ឬក្រុមអ្នកដាំបន្លែនៅក្នុងសហគមន៍មកខ្ញុំបានមករៀននៅតាមមន្ទីរកសិកម្មនៅក្នុងខេត្ត និងគួបផ្សំជាមួយការយល់ ខ្ញុំចាប់ផ្តើមប្តូរទម្លាប់ គឺឈប់ដាំបន្លែប្រើថ្នាំគីមី» ។
លោក ផៃ ប្រុស បានបន្តថា «មុននឹងដាំបន្លែសុវត្ថិភាពនេះ ខ្ញុំមានកុងត្រាជាមួយអ្នកបញ្ជាទិញគេឱ្យដាំប្រភេទស្ពៃតឿ និងស្ពៃក្រញាញ់ ក្នុងមួយគីឡូក្រាមគេឱ្យតម្លៃ៣៥០០រៀល ។ ខាត់ណាដើម គេឱ្យថ្លៃ៥០០០រៀល ស្ពៃចង្កេះ និងស្ពៃខ្មៅគេឱ្យតម្លៃ២៥០០រៀល» ។

ទន្ទឹមនឹងប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងក្នុងតំបន់មានការយល់ដឹងពីការបរិភោគអាហារ ឬបន្លែមានជាតិគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពនាពេលអនាគត ។ គេសង្កេតឃើញថា តម្លៃបន្លែសុវត្ថិភាពលក់នៅលើទីផ្សារជាទូទៅថ្លៃជាងប្រភេទបន្លែពេលដាំប្រើថ្នាំគីមី ឬមានប្រភពមិនច្បាស់ ។
លោកគូសបញ្ជាក់ថា «សព្វថ្ងៃនេះ ខ្ញុំបានដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ចំនួន៤រោងក្នុងនោះ២រោងកំពុងប្រមូលផលលើប្រភេទស្ពៃតឿ និងស្ពៃក្រញាញ់ ។ ចាប់ពីថ្ងៃទី៤ កក្កដា រហូតមកដល់ថ្ងៃនេះក្នុងមួយថ្ងៃ ខ្ញុំប្រមូលបាន១០០គីឡូក្រាម បើគិតជាប្រាក់បានចំនួន៣៥ម៉ឺនរៀល ។ ដោយឡែក២រោងផ្សេងទៀត អាចប្រមូលផលបានក្នុងរយៈពេលពី១០ទៅ១៥ថ្ងៃទៀត (ស្ពៃតឿ)» ។
បើតាមលោក ផៃប្រុស ប្រភេទបន្លែសុវត្ថិភាពរបស់លោកអ្នកទទួលទិញលក់បន្តគេដឹកមកផ្គត់ផ្គង់នៅផ្សារទំនើបនៅក្រុងភ្នំពេញ ហើយបន្លែបែបនេះបើដាំបានច្រើនយ៉ាងណាក៏ដោយក៏មិនខ្វះអ្នកទិញយកទៅលក់បន្តនោះដែរ ។
ជាក់ស្តែង មានឧកញ៉ាម្នាក់ចេញមុខធ្វើរោង ឬផ្ទះសំណាញ់ឱ្យលោកដាំបន្លែដោយសារការដាំរបស់លោកមិនប្រើប្រាស់ថ្នាំគីមី ។ ដាំបន្លែប្រើថ្នាំគីមីមួយគីឡូក្រាមលក់បាន៤០០ទៅ៥០០រៀល អីចឹងបន្លែមួយតោនស្មើនឹងបន្លែដែលខ្ញុំដាំដឹកតែមួយម៉ូតូ ។ អីចឹងបានជាខ្ញុំឈប់ដាំបន្លែប្រើថ្នាំគីមី ។ ខ្ញុំងាកមកដាំបន្លែសុវត្ថិភាពនេះដឹងថា បានលុយ ។
លោកលើកឡើងថា ការដាំបន្លែសុវត្ថិភាពនៅរដូវក្តៅវាសូវបានផលនោះទេ ក្នុងមួយផ្ទះសំណាញ់បានផលយ៉ាងច្រើន៦០០គីឡូក្រាម តែចាប់ពីខែកក្កដានេះទៅក្នុងមួយរោងបានផលដល់១តោន ។ បន្ទាប់ពីចាប់ដាំបន្លែនេះគ្រួសារមានប្រាក់ចំណូលប្រសើរជាងពេលមុនៗ ព្រោះខែណាក៏ទទួលបានចំណូល។
នៅក្នុងរដូវក្តៅ បើយើងចំណាយលើការដាំដុះអស់ប្រាក់៥០ម៉ឺនរៀល អាចបានប្រាក់ចំណាញពី៥០ទៅ៦០ម៉ឺនរៀល ។ នៅរដូវវស្សា បើយើងចំណាយអស់ប្រាក់តែ៥០ម៉ឺនរៀលដូចគ្នា តែអាចបានចំណូលមកវិញដល់ជាង៣លានរៀល ៕
ចែករំលែកព័តមាននេះ