រាជធានីភ្នំពេញ៖ កម្ពុជាបានបញ្ចេញទឹកប្រាក់ប្រមាណ១ ១៦៤លានដុល្លារអាមេរិកហើយនៅក្នុងការស្តារស្ថានភាពសង្គមនិងសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងចំណោមថវិកាទាំងអស់នោះ រដ្ឋបានចំណាយលើការស្តាសេដ្ឋកិច្ច ជំរុញលើកកម្ពស់សហគ្រាសធនតូចនិងធម្យមតាមរយៈការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ជំរុញវិស័យកសិម្ម ពិសេសការពង្រឹងការដាំដុះនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញ។
មន្ត្រីបានបញ្ជារដ្ឋាភិបាលបានជួយរក្សាលំនឹងដល់ក្រុមហ៊ុន សហគ្រាសជាច្រើនដែលរងផលប៉ះពាល់ដោយកូវីដ១៩ ដូចជាការមិនអនុញ្ញាតឲ្យបំពេញកាតព្វកិច្ចបង់ពន្ធឬរបបបេឡាសន្តិសុខសង្គមជាដើម ដើម្បីធ្វើយ៉ាងណារក្សាក្រុមហ៊ុនទាំងអស់នោះបន្តដំណើរការឡើងវិញ នៅពេលជំងឺកូវីដ១៩ រលត់ទៅ។
ចំណែកការដោះស្រាយបញ្ហាសង្គមវិញនោះលោក វង្សី វិស្សុត ថារដ្ឋបានផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ដល់កម្មករកម្មការិនី និយោជិត ដែលបានព្យួការងារ នៅក្នុងឧស្សាហកម្មកាត់ដេរនិងទេសចរណ៍ ជាដើមនោះ។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋាភិបាលមិនត្រឹមចាត់វិធានការដំណោះស្រាយបញ្ហាប្រឈមដែលកើតមានដោយសារជំងឺកូវិដ១៩នោះទេ ។ រដ្ឋបានយកឱកាសឧបសគ្គនេះ ធ្វើការកែទម្រង់ផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសូងសេដ្ឋកិច្ចថា ការចុះបញ្ជីក្រុមហ៊ុនថ្មី តាមអនឡាញនិងជាកញ្ចប់ជាអ្វីថ្មី ដែលរដ្ឋបានធ្វើការកែទម្រង់នៅពេលនេះ។
លោកផល្លា បានបញ្ជាក់ថា ក្រោយបង្កើតយន្តការនេះ មិនបានបីអាទិត្យផង មានក្រុមហ៊ុនថ្មីចំនួន៤៧ ចុះបញ្ជីស្ថាពរ។ មន្ត្រីថាការចុះបញ្ជីក្រុមហ៊ុនថ្មី តាមយន្តការថ្មី ចំណាយពេលតិច រហ័ស មិនចំណាយថវិកាច្រើន ហើយមិនស្មុគស្មាញ។
សូមជម្រាបថា កាលពីថ្ងៃទី១៥ មិថុនាឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគេហទំព័រមួយដើម្បីឲ្យធុរជនចូលទៅចុះបញ្ជីក្រុមហ៊ុនថ្មីបានលើគេហទំព័រ តែមួយ ជាមួយស្ថាប័នចម្រុះ ដែលច្បាប់តម្រូវនោះ។ គេហទំព័រនោះគឺ www.registrationservices.gov.kh។
រហូតមកដល់ពេលនេះ មន្ត្រីអះអាងថា ការជួយសង្គ្រោះរបស់រដ្ឋទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមក្នុងពេលវិបត្តិកូវីដ១៩នេះ បានដល់ជុំទី៥ហើយ៕
ចែករំលែកព័តមាននេះ