រាជធានីភ្នំពេញ ៖ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា តំបន់ដីសើមនៅខេត្តស្ទឹងត្រែង និងបឹងទន្លេសាប ដែលជាទីកន្លែងសម្បូរដោយជីវចម្រុះដ៏សម្បូរបែប និងជាកន្លែងចិញ្ចឹមជីវិតដ៏៏មានសក្តានុពលរបស់សត្វក្នុងទឹក ដែលធនធានទាំងនេះជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាប្រមាណ៨០% ដែលពឹងអាស្រ័យទៅលើអាងទន្លេមេគង្គសម្រាប់ការចិញ្ចឹមជីវិត។

បើតាមលោក តឹក វណ្ណារ៉ា តំបន់ដីសើម នៅកម្ពុជាមានចំនួន៥កន្លែង សំខាន់ៗ ដែលមានប្រយោជន៍មហាសាលជាសកលសម្រាប់ មនុស្ស និងពពួកសត្ វ។ តំបន់ទាំងនោះមានដូចជា តំបន់រ៉ាមសារស្ទឹងត្រែង នៅខេត្តស្ទឹងត្រែង តំបន់រ៉ាមសារកោះកាពិ នៅខេត្តកោះកុង តំបន់រ៉ាមសារបឹងឆ្មារ ព្រែកទាល់ និងស្ទឹងសែន ស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាប ដែលមានផ្ទៃដីសរុបជាង ៨ម៉ឺនហិចតា។

មន្ត្រីសង្គមស៊ីវិល បានលើកឡើងថា ទន្ទឹមនឹងប្រសិទ្ធិភាពនៃការងារអភិរក្ស និងកិច្ចការពារជីវិចម្រុះរបស់រាជរដ្ឋាភិបាល និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តំបន់ដីសើម ឬរ៉ាមសារមានការប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានមួយចំនួន ដែលបង្កដោយសកម្មភាពរបស់មនុស្ស ការនេសាទហួសកម្រិត ការកាប់បំផ្លាញ់ព្រៃឈើដែលជាប្រភពទាក់ទាញទឹកភ្លៀង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅលើតួមេទន្លេមេគង្គ។
ជាមួយគ្នាផងដែរ កំណើននគររូបនីយកម្ម ឧស្សាហកម្ម និងតម្រូវការប្រើប្រាស់ មានឥទ្ធិពលយ៉ាងខ្លាំងលើការប្រែប្រួលទន្លេមេគង្គ ។ សកម្មភាពទាំងនេះ បាន និងកំពុងបង្កការគំរាមកំហែង យ៉ាងខ្លាំងដល់ជីវៈចម្រុះដីសើម និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដែលផ្តល់អោយទន្លេមេគង្គ និងដៃរបស់វា។

វេទិកាពិភាក្សាស្តីពី ដីសើម ធនធានទឹក និងការប្រែប្រួលអាកាសធាតុនៅតំបន់មេគង្គ
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុង ខេត្តស្ទឹងត្រែង លោក តឹក វណ្ណារ៉ាជំរុញឲ្យមានកិច្ចសហការល្អរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ឲ្យកាន់តែរឹងមាំឡើងដើម្បី ចែករំលែកព័ត៌មាន បទពិសោធន៍ ក៏ដូចជាចំណេះដឹងពីការអភិវឌ្ឍន៍ថ្មីៗនៅតំបន់ដីសើម ពីអ្នកអនុវត្តលើវិស័យនេះដោយផ្ទាល់ដើម្បីចូលរួមចំណែកការពារ និងអភិរក្សតំបន់ដីសើម ឱ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្តរភាព។
សូមជម្រាបថាតំបន់ដីសើមនៅខេត្តស្ទឹងត្រែងជាសហគមន៍ទេសចរណ៍ដ៍ស្រស់ត្រកាលមួយ ដែលមនុស្សជាច្រើនពុំទាន់បានទៅកម្សាន្ត។ ឆ្នេរខ្សាច់ ព្រៃឈើលិចទឹក សត្វស្លាប ជាអ្វីដែលទាក់ទាញបំផុតសម្រាប់អ្នកទេសចរបែបធម្មជាតិ៕
ចែករំលែកព័តមាននេះ