រាជធានីភ្នំពេញ ៖ ការបើកអាជីវកម្មនីមួយៗអ្នកខ្លះអាចថា វាពិតជាងាយស្រួល ប្រសិនបើយើងមានដើមទុនគ្រប់គ្រាន់ ។

អ្នកខ្លះទៀតគិតថា មានថវិការគ្រប់គ្រាប់សម្រាប់រកស៊ី ប៉ុន្តែមិនហ៊ានដោយសារខ្លាចនូវកត្តាជាច្រើន និងមិនមានទំនុកចិត្តក្នុងការរកស៊ី ។
យោងតាមរយៈបទពិសោធន៍ដែលបានឆ្លងកាត់កន្លងមកលោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី បានឱ្យដឹងថា ជំហានដែលយើងត្រូវគិត គឺធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់យើងមាននិរន្តភាព និងបានយូរអង្វែង ។ ជាមួយគ្នានេះដែរ លោកស្រីបានណែរនាំគន្លឹះខ្លះៗសម្រាប់អាជីវកម្មដែលមានបំណងចង់បើក និងអ្នកដែលកំពុងចាប់ផ្តើម ។

តើការចាប់ផ្តើមអាជីវកម្មដំបូងត្រូវមានអ្វីខ្លះ ? គន្លឹះទី១ ៖ ជំនឿចិត្ត ឬការជឿជាក់លើខ្លួនឯង ។ ត្រង់ចំណុចនេះលោកស្រី កែវ មុំ បាននិយាយថា «តាមបទពិសោធន៍របស់ខ្ញុំកន្លងមក តាំងពីខ្ញុំបានចាប់ផ្តើមដំបូងអ្វីដែលយើងត្រូវមានមុនគេនឹង គឺជំនឿចិត្ត និងការជឿជាក់លើខ្លួនឯង បើយើងមិនមានជំនឿចិត្ត ក្នុងការធ្វើអាជីវកម្មនេះទេយើងធ្វើពិតជាបរាជ័យហើយ ។ នៅពេលយើងមានជំនឿចិត្តហើយ បើទោះបីជាយើងជួបឧបសគ្គយ៉ាងណាក្តី យើងនៅតែព្យាយាមដោះស្រាយវាឱ្យបានជោគជ័យផងដែរ» ។
គន្លឹះទី២ ៖ ចំណេះជំនាញ ។ លោកស្រីបានបន្តថា «យើងត្រូវមានជំនាញ ឬការយល់ដឹងអំពីអាជីវ កម្មនោះផងដែរ ព្រោះថាបើមានជំនឿចិត្តហើយមិនមានចំណេះដឹងក្នុងការធ្វើវាទេ នោះគឺដូចជាបោះម្ជុលមួយទៅក្នុងបាទសមុទ្រអ៊ីចឹង ។ អ៊ីចឹវាពិតជាពិបាករកមកវិញបានណាស់»។

គន្លឹះទី៣ ៖ មើលលើទីផ្សារ ។ លោកស្រីបានបន្តថា «ត្រូវគិតមើលទីផ្សារ ដូចជាផលិតផល ការលក់ និងការផលិត សួរថាតើផលិតផល និងការផលិតរបស់យើង នឹងតម្រូវទៅលើមនុស្សប្រភេទណា កូនក្មេង មនុស្សវ័យកណ្តាល ឬក៏មនុស្សចាស់។ នេះជាកត្តាសម្ខាន់មួយផងដែរ សម្រាប់ទិសដៅទីផ្សារ មួយឱ្យបានច្បាស់លាស់ ទើបយើងផលិតផល ឬការលក់ផលិតផលនេះ ត្រូវទៅតាមតម្រូវការទីផ្សារ និងអតិថិជនផងដែរ ព្រោះវាជាយុទ្ធសាស្ត្រធ្វើឱ្យទីផ្សារធំទូលាយ»។

គន្លឹះទី៤ ៖ រៀនសូត្របន្ថែមជានិច្ច និងមានទំនាក់ទំនងល្អ ។ លោកស្រីនិយាយថា «ការខ្វះបច្ចេក ទេស ក៏សំខាន់ដែរ អាចនិយាយបានថា នៅពេលចាប់ផ្តើមអាជីវកម្មដំបូង ធម្មតាបើទោះជាចេះច្រើនក៏ដោយ ក៏ពេលខ្លះយើងមានបញ្ហាឬឧបសគ្គខ្លះៗដែរ តែសម្ខាន់នោះថាយើងនឹងពឹង ឬរកអ្នកណាមកជួយយើង។

យើងអាចសួរយោបល់ពី គ្រួសារ មិត្តភ័ក្ត្រ ឬអ្នកមានជំនាញទាក់ទងខាងមុខរបរនឹង។ គឺដូចជាយើងមានជំងឺចឹង យើងត្រូវព្យាបាលជំងឺមុនពេលមានបញ្ហាកាន់តែធំ អាជីវកម្មក៏ដូចគ្នា យើងត្រូវដោះស្រាយបញ្ហាតូចៗមុនសិន ដើម្បីកុំឱ្យវារីកកាន់តែធំ»។
ទំនាក់ទំនងពិតជាសំខាន់ណាស់សម្រាប់អ្នករកស៊ី ឬអ្នកមានអាជីវកម្ម ព្រោះថាបើយើងមានទំនាក់ទំនងច្រើនហើយ មានគេស្គាល់ច្រើន និងមានការរៀនសូត្រពីគ្នាក៏បានច្រើន។ បើទោះបី វាជាប្រភេទតូចក្តី ឬធំក្តី វាតែងតែមានហើយនូវឧបសគ្គ ដូចនេះយើងឃើញថាមានកម្មវិធីជាច្រើនដែលបានធ្វើឡើងនៃជំនួបអ្នកមានអាជីវកម្មនានា ដែលបង្រៀនពីទ្រឹស្តី និងយល់ដឹងអំពីអ្នកទទួលបានជោគជ័យ។ មិនមែនថាយើងជោគជ័យហើយ ត្រូវប្រលែងដៃទេ ព្រោះពិភពលោកមានការប្រែរប្រួល និងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដូចនេះការប្រាស្រ័យទាក់ទងគ្នា គឺសំខាន់សម្រាប់សហគ្រិនទាំងអស់។
លោកស្រីបានបន្ថែមថា អាជីវកម្មក្នុងពេលបច្ចុប្បន្ននេះមានឱកាសច្រើន ទទួលបានជោគជ័យ ប្រសិនបើយើងខិតខំរៀនសូត្រដោយការអានសៀវភៅច្រើន ការចូលរួមតាមសិក្ខាសាលានានា ឬក៏ចូលជាសមាជិកសមាគមន៍ ទាំងនេះអ្នកកំពុងមានអាជីវកម្មក្នុងដៃ គឺកាន់តែពង្រឹងសមត្ថភាពបន្ថែមទៀត៕
ចែករំលែកព័តមាននេះ