រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកប្រាដូ (PRADO) បើកបរដោយជនបរទេសម្នាក់បានបើកកៀររថយន្តស្ព័រមួយគ្រឿងដែលមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ ហើយព្យាយាមបើកគេច ក៏បានកិនម៉ូតូមួយគ្រឿងទៀតជាប់ពីក្រោមរថយន្ត ខណៈពេលដែលព្យាយាមដេញតាមឃាត់ និងយកម៉ូតូស្ទាក់ផ្លូវរថយន្តនោះ។

ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២០ នៅចំណុចវិថីឧកញ៉ា ម៉ុង់ឬទ្ធី ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿងដែលបើករត់នោះម៉ាកប្រាដូ (PRADO) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ONG ២០០ .២.២២៨ បើកបរដោយជនបរទេសម្នាក់ មិនស្គាល់ឈ្មោះ ហើយក៏មិនដឹងថាជាជនជាតិអ្វីនោះទេ ជាបុគ្គលិកអង្គការ ក្តីសង្ឃឹមកុមារក្នុងប្រទេសកម្ពុជា ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកប្រាដូនោះបានបើកកៀររថយន្តស្ព័រមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២BD-០០០៧ ដែលមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ នៅចំណុចខាងលិចផ្សារអីអន២។

តាមប្រភពព័ត៌មានបានអោយដឹងបន្តថា បន្ទាប់ពីកើតហេតុ ជនបរទេសរូបនោះបានបើកគេច ហើយត្រូវបានម្ចាស់រថយន្តដេញតាមនិងបានហៅអ្នកស្គាល់គ្នា ព្រមទាំងសមត្ថកិច្ចដេញតាមឃាត់អោយឈប់ដែរ ប៉ុន្តែរថយន្តនោះពុំព្រមឈប់បានព្យាយាមបើកគេចចុះឡើងៗ លុះនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ភាគីខាងរថយន្តស្ព័រក៏បានយកម៉ូតូស្ទាក់ រួមជាមួយរថយន្តមួយគ្រឿងទៀត ហើយត្រូវបានជនបរទេសម្នាក់នោះបើកកិនម៉ូតូដែលស្ទាក់នោះជាប់ពីក្រោមរថយន្ត ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តទៀតថា បន្ទាប់ពីបើកកិនហើយ ជនបរទេសម្នាក់នោះមិនបានចុះពីលើរថយន្តឡើយ ហើយនៅពេលដែលសមត្ថកិច្ចឃាត់ ស្រាប់តែជនបរទេសម្នាក់នោះព្យាយាមបើកថយក្រោយប្រុងគេចទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចយកថ្មជើងឆត្ររបស់ប្រជាពលរដ្ឋនៅក្បែរនោះមកកល់ទាំងមុខ ទាំងក្រោយ និងបានយករថយន្តប៉ូលិសមកស្ទាក់ទៀត ដោយក្នុងហេតុការណ៍នោះបណ្តាលឱ្យកកស្ទះចរាចរណ៍ប្រមាណ១ម៉ោង ទើបជនបរទេសនោះទាក់ទងទៅអ្នកបកប្រែ ហើយទាក់ទងទៅនគរបាលដើម្បីធ្វើការសម្របសម្រួលដោយត្រូវរ៉ូវគ្នា និងចេញថ្លៃជួសជុលរថយន្តចំនួន២០០ដុល្លារ និងម៉ូតូចំនួន១០០ដុល្លារ ៕ (កែសម្រួលដោយ ៖ ធិតា)



ចែករំលែកព័តមាននេះ