រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនមួយគ្រឿង ខណៈអ្នកបើកបរបើកមកចតទុកមុខផ្ទះអត់បានដកសោចេញ ស្រាប់តែមានបុរសជាជនអនាថាម្នាក់សង្ស័យមានសតិមិនប្រក្រតីបានឡើងទៅបើករីយ៉ែចុះឡើងៗ រួចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាត ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ទល់មុខផ្ទះលេខ៨៥ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយ២ ខណ្ឌបឹងកេងកង ។

រថយន្ដដឹកទំនិញមួយមួយគ្រឿងខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-5431 ជារបស់ក្រុមហ៊ុន មួយ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកបុរសជាជនអនាថាម្នាក់ខាងលើត្រូវបានគេអះអាងថាមានសតិមិនប្រក្រតី មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រថយន្ដដឹកទំនិញមួយគ្រឿងខាងល់ត្រូវបានអ្នកបើកបរបើកមកឈប់ចតទុកនៅមុខផ្ទះដូចសព្វដងនៅលើផ្លូវ៣៨៨ ដោយមិនបានដកកូនសោចេញនោះទេ ព្រោះថា មានសន្តិសុខនៅយាមកាមទីនោះ ។

តាមប្រភពដដែលបានបន្តថា លុះនៅពេលសន្តិសុខដេកលក់មួយភាំង ស្រាប់តែមានបុរសជាជនអនាថាម្នាក់ ដែលគេដឹងថាមានសតិមិនប្រក្រតីបានដើរមកបើកទ្វាររថយន្តរួចចូលទៅក្នុងរថយន្ត ហើយបញ្ឆេះម៉ាស៊ីនបើកទៅមុខបាន៣០ម៉ែត្រ គាប់ជួនពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាកម្លាំងសមត្ថកិច្ច ល្បាតឃើញបុរសខាងលើកំពុងតែបើករថយន្ត ក៍បាននាំគ្នាស្រែកអោយឈប់ ប៉ុន្តែបុរសជាជនអនាថានោះមិនបានឈប់នោះទេ គឺបានដាក់លេខ និងរីយ៉ែចុះឡើងៗ ទើបបណ្ដាលឲ្យរថយន្តជ្រុលទៅបុករបងផ្ទះ របស់ប្រជាពលរដ្ឋខាងលើ បណ្តាលឱ្យរងការខូចខាតវៀចអស់ចំនួន៨ផ្ទាំង កល់ជាប់រថយន្ដតែម្ដង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះដែរ ។

បន្ទាប់មក បុរសដែលជាជនអនាថាក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះទៅកន្លែងកើតហេតុ រួចក៏បានយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ ដើម្បីអោយម្ចាស់រថយន្តទៅសម្របសម្រួលជាមួយនឹងខាងម្ចាស់ផ្ទះផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ