ឥណ្ឌា ៖ ខណៈប្រជាជនក្រីក្រប្រឈមមុខខ្លាំងនឹងការខ្វះខាតម៉ាស់សម្រាប់ពាក់ការពារខ្លួននៅយុគ្គសម័យជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពេញពិភពលោក ស្រាប់តែបុរសអ្នកមានជាជនជាតិឥណ្ឌាម្នាក់បានពាក់ម៉ាស់ធ្វើពីមាសសុទ្ធ ដែលមានទម្ងន់ជាង ៥០ ក្រាម ដែលមានតម្លៃស្មើនឹង ៣,៨៧០ ដុល្លារអាមេរិកដើម្បីពាក់ការពារជំងឺរាតត្បាត បង្កឲ្យមានការរិះគន់ ច្រើនជាងការស្ងើចសរសើរពីសំណាក់ប្រជាជនឥណ្ឌា ។

យោងតាម The Financial Express ចុះផ្សាយកាលពីថ្ងៃទី ៤ ខែកក្កដាបានឲ្យដឹងថាបុរសរូបនោះមានឈ្មោះថា ស៊ាន់កា គូហេត (Shankar Kurhade) អាយុ ៤៨ ឆ្នាំនោះ ជាអ្នកស្រុកក្នុងរដ្ឋម៉ាហា
រ៉ាស់ស្ត្រា នៃប្រទេសឥណ្ឌា ដែលបុរសរូបនេះបាននិយាយថា «ម៉ាស់របស់ខ្ញុំស្តើង ហើយនឹងមានចន្លោះតូចៗសម្រាប់ដកដង្ហើមទៀតផង»។

សកម្មភាពរបស់បុរសឥណ្ឌាម្នាក់នេះត្រូវបានបង្ហាញថា ជីវិតមនុស្ស ពិតជាមានតម្លៃ ប៉ុន្តែលោកថាម៉ាស់នេះក៏មិនប្រាកដថាជួយបានដែរ។ រូបភាពនិងវីដេអូ របស់គាត់ជាច្រើនត្រូវបាន ផ្សព្វផ្សាយពាសពេញបណ្តាញសង្គម បានបង្ហាញពីការស្រលាញ់មាសប្រាក់ របស់បុរសម្នាក់នេះ គឺបន្ទាប់ពីគេឃើញថា គាត់ពាក់គ្រឿងអលង្ការមាសជាច្រើន រួមទាំងខ្សែកធំ ខ្សែដៃធំ និងចិញ្ចៀនធំៗ។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បានរាយការណ៍ អំពីការកើនឡើងខ្ពស់បំផុត នៃករណីឆ្លងវីរុសថ្មីចំនួន ២២.៧៧១ ក្នុងមួយថ្ងៃ ដែលទទួលបានតួលេខសរុប ចំនួន ៦៤៨.៣១៥ នាក់ និងចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨.៦៥៥ នាក់ ជាមួយនឹង អ្នកស្លាប់ថ្មីចំនួន ៤៤២ នាក់៕
ចែករំលែកព័តមាននេះ