ខេត្តព្រៃវែង ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចស្រុកព្រះស្ដេច ស្ទាក់ចាប់បាន រួមជាមួយ និងវត្ថុតាងព្រះជាច្រើនអង្គដែលពួកគេបានលួចពីក្នុងវត្ត ។ សកម្មភាពស្ទាក់ចាប់ក្រុមជនសង្ស័យខាងលើបានធ្វើឡើងនៅវេលាម៉ោង12និង30នាទីថ្ងៃទី៣ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សាម វី ភេទប្រុស អាយុ៣៩ឆ្នាំ និងទី២ ឈ្មោះ គង់ ហ្វារឹត ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិសាលាបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកវត្ថុតាងដែលជនសង្ស័យលួចបាន គឺព្រះពុទ្ធបដិមាករចំនួន 14 អង្គ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកព្រះស្ដេចបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះជនសង្ស័យទាំង២ បានជិះផាស់អាប់ចូលទៅក្នុងវត្តព្រៃច្បារ ដែលស្ថិតនៅក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច និងបានឡើងទៅលើកុដ្ឋចៅអធិការវត្ត គាស់ទំលាយទូប្រមូលយកបានព្រះពុទ្ធបដិមាករចំនួន 14 អង្គ ហើយបានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមនោះព្រះគ្រូចៅអធិការវត្តបានដឹង ហើយក៏បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្លាមទើបកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ សហការជាមួយនឹងកម្លាំងប្រជាការពារនាំគ្នាពួនស្ទាក់នៅលើកំណត់ផ្លូវជាតិលេខ 1 ហើយក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាងជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ៕

ចែករំលែកព័តមាននេះ