រាជធានីភ្នំពេញ ៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះ ការចាំចេញកសិផលកម្ពុជាទៅបរទេស មានដំណើរការល្អទោះបីមានបញ្ហាជំងឺកូវីដ១៩ ជាសកលយ៉ាងណាក្តី ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មសរុប ៦ខែដើម ឆ្នាំ២០២០នេះបានចំនួនជាង ៤ លានតោន ក្នុងនោះអង្ករស្រូវ ចេក ម្រេច ស្វាយ គ្រាប់ស្វាយចន្ទី ម្សៅដំឡូងមី និងផ្លែស្វាយជាដើម ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានរៀបរាប់តាមមុខទំនិញថា អង្ករកម្ពុជា បាននាំចេញ ៣៩៧ ៦៦០ តោន មានកំណើន ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើម ឆ្នាំ២០១៩ ។ មានទីផ្សារ ៥៦ ប្រទេសទទួលទិញអង្ករខ្មែរ ។ ចំពោះស្រូវ បាននាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាមបាន ៩៨៣ ៥០៨ តោនថយចុះ ៥១,៩០% ។
លោករដ្ឋមន្ត្រីបានឲ្យដឹងបន្តថា ចំណែកគ្រាប់ស្វាយចន្ទីនាំចេញបាន១៩៣ ២១៣ តោន មានកំណើន ១៨,០៣% ។ ស្វាយចន្ទីបាននាំចេញទៅកាន់ប្រទេស វៀតណាម ជប៉ុន រុស្សី ចិន ហុងកុង បារាំង និងថៃ ។

ចំណែកចេកស្រស់ បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម និងជប៉ុន សរុបបាន ១៤០ ៥៦៦តោន ។ ការនាំចេញស្វាយចន្ទីកើនពីឆ្នាំ២០១៩ ១៥០,៤២% ។ កម្ពុជាក៏បាននាំចេញក្រូចថ្លុងដែរ ។
ក្រួចថ្លុងបាននាំចេញទៅប្រទេសថៃបាន ១១ ៤០០ តោននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ និងវៀតណាម ។ ស្របពេលដំណាប់ស្វាយនាំចេញបាន ៤ ២៧៦ តោន កំណើនជាងឆ្នាំ២០១៩ ២២១,៩៦% ។
ចំណែកម្សៅដំឡូងមីបាននាំចេញទៅកាន់ប្រទេសឥណ្ឌា, ចិន, ប៊ែលហ្សិក និងអ៊ីតាលី ក្នុងបរិមាណ ១២ ០០២ តោនបានថយចុះ ៥៣,៩៦% ពីឆ្នាំ២០១៩ ។ ឬឯស្វាយស្រស់ នាំចេញបាន ៤៦ ២០០ តោន កើនពីឆ្នាំ២០១៩ ៥៨,១៤% ។ ស្វាយខ្មែរបាននាំទៅប្រទេស ថៃ, វៀតណាម បារាំង រុស្សី កូរ៉េ និងហុងកុង។

លោក វេង សាខុន បានឲ្យដឹងបន្តថា ចំពោះម្រេចវិញ បាននាំចេញ ២ ៧៩៦ តោន កើនពីឆ្នាំ២០១៩ ១៨,៧៥% ។ ម្រេចបាននាំចេញទៅកាន់ប្រទេស១៦ ឯណោះមាន ជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិច រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារូស កូរ៉េ ឆេក ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។ចំណែកម្ទេសស្រស់វិញ បាននាំចេញ ៣៥ ៣៧៧ តោន និងម្ទេសក្រៀមបាន ១ ២០០ តោន។

ម្ទេសស្រសនាំចេញកើនពីឆ្នាំ២០១៩ កើនពីឆ្នាំ២០១៩ ១៧៣,០៨% និងម្ទេសក្រៀម ស្មើនឹងឆ្នាំ២០១៩។ ថៃប្រទេសតែមួយដែលបានទិញម្ទេសកម្ពុជា។ ក្រៅពីការរៀបរាប់ខាងលើនៅមានផលិតផលជាង៥០មុខដ៏ទៃទៀតដែលបាននាំចេញហើយមិនបានរៀបរាប់ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន៕
ចែករំលែកព័តមាននេះ