រាជធានីភ្នំពេញ ៖ ម្ចាស់ផ្ទះ ព្រមទាំងអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីដែលស្ថិតនៅនឹងកន្លែងកើតហេតុបាននាំគ្នារត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈពេលនៅសុខៗស្រាប់តែមានរថយន្តបែនកង់៦ដឹកខ្សាច់១គ្រឿងបើកបរក្នុងល្បឿនលឿនមកដល់រេចង្កូតជ្រុលទៅបុករះទាំងកម្រោល បណ្ដាលឲ្យរងការខូចខាតសំយ៉ាបផ្ទះវីង និងផ្ទះលក់បន្លែ ព្រមទាំងផ្ទះលក់អីវ៉ាន់ចាប់ហួយ សរុបចំនួន៣ខ្នង ម៉ូតូម៉ាកគុបជ្រុងមួយគ្រឿង និងម៉ូតូកង់បី១គ្រឿងផងដែរ សំណាងល្អម្ចាស់ផ្ទះខាងលើរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅលើកកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបែនដឹកខ្សាច់មួយគ្រឿងខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1925 បើកបរដោយបុរសម្នាក់ឈ្មោះប៊ុន លី អាយុជាង២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តបង្កបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ពុំដឹងថាយ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូតឡើងទៅលើចិញ្ចើមផ្លូវ រួចបុករះផ្ទះខាងលើខណៈម្ចាស់កំពុងតែលក់ដូរ ហើយក៏កំពុងមានអ្នកឈរទិញផងដែរ បណ្ដាលឲ្យបាក់សំយ៉ាបនិងខូចខាតអីវាន់ខ្ទេចខ្ទីរ ។ បន្ទាប់មករថយន្តនោះមិនទាន់អស់ល្បឿនក៏បានជ្រុលបន្តទៅបុកម៉ូតូម៉ាកហុងដាគុបជ្រុង និងម៉ូតូកង់បី បណ្ដាលឲ្យដួលនិងក្រឡាប់ជាបន្តបន្ទាប់ទៀត ទើបទៅមុខលែងរួច ។ ចំណែកឯម្ចាស់ផ្ទះដែលជាអ្នកលក់ដូររួមជាមួយអ្នកទិញនិងម្ចាស់ម៉ូតូ ម៉ូតូកង់បីនាំគ្នារត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់ គេចផុត ទើបគ្មានអ្នករងរបួសឬបាត់បង់ជីវិត ។ចំណែកអ្នកបើកបររថយន្តមិនបានរត់គេចខ្លួននោះទេ ។

តាមប្រភពពីបុរសជាអ្នកបើកបររថយន្តបានឱ្យដឹងថា ខណៈពេលគាត់បើកបររថយន្តទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ១គ្រឿងជិះគ្នា២នាក់ប្ដីប្រពន្ធក្នុងទិសដៅស្របគ្នាបានជិះជ្រែចូលពីមុខរថយន្តរបស់គាត់ ពេលនោះគាត់បានបើកគេចចេញ ទើបបណ្ដាលឲ្យរថយន្តបែកកាប៉ែនជាន់ហ្វ្រាំងអត់ជាប់ ក៏ជ្រុលទៅបុករះផ្ទះនិងម៉ូតូព្រមទាំងម៉ូតូកង់បីខាងលើជាបន្តបន្ទាប់បែបនេះតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍ជូននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យឱ្យចុះទៅធ្វើការវាស់វែង និងឲ្យភាគីរថយន្តជួបដោះស្រាយជាមួយម្ចាស់ផ្ទះនិងម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿង៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ