ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ភូមិ មេឃុំ​ខ្លះ ត្រូវ​ចោទ​ថា​ចូល​ដៃ​ទន្ទ្រាន​យក​ដី​រដ្ឋ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​ខេត្តរតនគិរី មានការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ដោយ​ខុសច្បាប់​កើត​មាន​ឡើង នៅ​ក្នុង​តំបន់ ការពារ​ធម្មជាតិ ហើយ​មានការ​ជាប់​ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ដូច​ជា​មេ​ភូមិ មេឃុំ​ជាដើម…

ខេត្តរតនគិរី ៖ នៅ​ខេត្តរតនគិរី មានការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ដោយ​ខុសច្បាប់​កើត​មាន​ឡើង នៅ​ក្នុង​តំបន់ ការពារ​ធម្មជាតិ ហើយ​មានការ​ជាប់​ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ដូច​ជា​មេ​ភូមិ មេឃុំ​ជាដើម ដែល​នៅ​បន្ត បំពាន​ច្បាប់​ចុះហត្ថលេខា​លើ​លិខិត​ទិញ និង​លក់​ដី ហើយ​ការ​ចុះហត្ថលេខា​បញ្ជាក់​ពី​ការ​កាន់កាប់​ដី ដោយ​ខុសច្បាប់​។ ការ​លើក​ឡើង​នេះ ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ​នៅ​សាលាខេត្ត​រតនគិរី ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​គ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ព្រមាន​ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​តួនាទី​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ មិន​ត្រូវ​បើកដៃ​ឱ្យ​មានការ​កាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដៃ​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​រំលោភ​ទន្ទ្រាន​ទាំងនោះ​ឱ្យ​ក្រុម​ជនខិលខូច​ឡើយ នេះ​ជា​ទ​ង្វើ​ខុសច្បាប់ ហើយ​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​»​។ លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ជន​ដែល​រំលោភ​បំពាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ តែងតែ​ត្រូវ​បាន​ប្រឈម​មុខ​ច្បាប់ ហើយ​បាន​សង្កត់ធ្ងន់​ថា​៖

«​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួងបរិស្ថាន​ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង នៅ​ពេល​ឃើញ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ស្រប​តាម​ច្បាប់​»​។ សូម​បញ្ជាក់​ថា ខេត្តរតនគិរី​មាន​តំបន់ការពារធម្មជាតិ​ចំនួន​៦ ដែល​មាន​ផ្ទៃដី ៨៩៣ ៥៩៤ ហិ​កតា ក្នុង​នោះ​មាន​ដូច​ជា ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ឧទ្យាន​ជាតិ​អូ​យ៉ា​ដាវ ដែនជម្រកសត្វព្រៃ​លំ​ផាត់ ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​វើ​ន​សៃ​។

ជាមួយ​គ្នា​នេះ​មានការ​រៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១០ ដែល​មាន​ផ្ទៃដី ២៦ ៣៣៨ ហិ​កតា ហើយ​បច្ចុប្បន្ន​នេះ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​បាន និង​កំពុង​ពង្រឹង​បន្ថែម​តួនាទី​របស់​សហគមន៍ ក្នុង​ការ​ចូលរួម​ការពារ និង​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ជាមួយ មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន​។ បច្ចុប្បន្ន​នេះ ខេត្តរតនគិរី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៦០៥៥៧​នាក់ និង​មាន​ជនជាតិភាគតិច​ចំនួន ៦០%​នៃ​ចំនួន​ពលរដ្ឋ​សរុប ហើយ​មាន​ជនជាតិភាគតិច​ចំនួន​៨​ផង​ដែរ​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ