រាជធានីភ្នំពេញ ៖ តារាកំប្លែងស្រីដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមួយរូប នៅកម្ពុជាអ្នកនាង ប៉ុម ពុយ កន្លងមកកម្របង្ហាញមុខមាត់កូនៗជាទីស្រលាញ់របស់អ្នកនាងខ្លាំងណាស់ តែថ្មីៗនេះ ម ហាជនទើបតែបានដឹងថា អ្នកកំប្លែងស្រីដែលមានទឹកមុខញញឹមស្រស់ និងរួសរាយរាក់ទាក់ គឺមានកូនស្រីមួយធំពេញវ័យ និងមានរូបសម្រស់ស្រស់សោភា និងមានមុខមាត់ដូចជា អ្នកនាងប៉ុម ពុយ តែម្តង ។
កូនស្រីរបស់អ្នកនាង ប៉ុម ពុយ មានឈ្មោះថា ឌី ណាលីន មានរាងខ្ពស់ស្រឡះ សំបុរសណ្តែកបាយ និងតែងតែផ្តល់ស្នាមញញឹមដល់អ្នកជុំវិញខ្លួន គឺជាបុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុនក្នុងស្រុកមួយ និងធ្វើជាពិធីការិនីភ្លក់មុខម្ហូបអោយកម្មវិធី Facetaste ដែលជាកម្មវិធីណែនាំគ្រប់ម្ហូបដ៏ពេញនិយមមួយនៅកម្ពុជា ។
ជាមួយគ្នានោះផងដែរ ស្រីស្អាត ឌី ណាលីន ក៏ធ្លាប់បានលេចមុខនៅក្នុងការសម្តែងកំប្លែងមួយចំនួនក៏ដូចជា ការចូលរួមសម្តែងបទចម្រៀង MV របស់ផលិតកម្មចម្រៀងផងដែរ ។
ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព យុវតីវ័យ ២៤ ឆ្នាំរូបនេះបានឲ្យដឹងថា នាងក៏មានក្តីស្រម៉ៃក្លាយជាអ្នកសិល្បៈល្បីមួយរូបដូចជា អ្នកម្តាយរបស់នាង ។
ឌី ណាលីន បានពោលឡើងថា « ខ្ញុំចង់ក្លាយជាអ្នកសិល្បៈដូចម៉ាក់ដែរ ពីព្រោះតែមានចិត្តស្រលាញ់តាំងពីយូរ និងណាមួយមានអ្នកជំរុញទឹកចិត្តពីម៉ាក់ផ្ទាល់ ក៏ដូចជា ប្អូនស្រីដែរ» ។
ដោយមានមុខមាត់ស្រស់សោភាពីធម្មជាតិ និងរូបរាងខ្ពស់ស្រឡះផងដែរនោះ កូនស្រីរបស់តារាកំប្លែងស្រីរូបនេះបានធ្វើអោយមហាជនលើកឡើងថា រូបនាងក៏មានឈ្មោះបោះសំឡេងមិនចាញ់ម្តាយនោះទេ ពីព្រោះតែមានទាំងរូបសម្បត្តិ និងទេពកោសល្យសិល្បៈ គ្រាន់តែកន្លងមកមហាជនមិនបានដឹងទាល់តែសោះថា រូបនាង គឺជាកូនស្រីរបស់អ្នកនាង ប៉ុម ពុយ ។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះក្រៅពីទំនេរពីការងារ ណាលីន ក៏បានឆ្លៀតពេលនៅក្នុងសិល្បៈផងដែរ ជាពិសេសទៅលើផ្នែកចម្រៀង ដែលជាក្តីស្រម៉ៃចង់ក្លាយជាអ្នកចំរៀងមួយរូបដែលមានឈ្មោះបោះសំឡេង និងអាចជួយសង្គមបានច្រើន ។
គួររម្លឹកផងដែរថា អ្នកនាង ប៉ុម ពុយថា មានឈ្មោះពិតថា លីវ លក្ខិណា តែគ្រប់គ្នា គឺស្គាល់ដែលរហស្សនាមរបស់អ្នកនាង នៅក្នុងពិភពតារាកំប្លែង គឺអ្នកនាង ប៉ុមពុយ តែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ