រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេអះអាងថា មានជំងឺប្រចាំកាយ ប៉ុន្តែដោយសារជីវភាពខ្វះខាត ទើបចាកចេញពីស្រុកមករកការងារធ្វើទាំងមានជំងឺ លុះធ្វើការមិនទាន់បានមួយខែផង ស្រាប់តែប្រទះឃើញដេកបាត់បង់ជីវិតនៅក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ខយ លឿយ អាយុ៤១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិលំទងថ្មី ឃុំលំទងថ្មី ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ត្រូវជាមិត្តភ័ក្ដិស្នាក់នៅបន្ទប់ជួលជាមួយគ្នាបានអោយដឹងថា ស្ត្រីរងគ្រោះមានក្រុមគ្រួសារនៅឯស្រុកកំណើត ដោយមានកូន៣នាក់ និងមានជំងឺប្រចាំកាយផងដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាត និងជំពាក់ប្រាក់អង្គការ ក៏បានលាក្រុមគ្រួសារមករកការងារធ្វើនៅឯភ្នំពេញ ដើម្បីបានប្រាក់ខែយកទៅជួយក្រុមគ្រួសារ ប៉ុន្តែជាអកុសលធ្វើការបានមិនទាន់បានមួយខែផង ស្រាប់តែស្ត្រីរងគ្រោះបានបាត់បង់ជីវិតចោលកូន និងក្រុមគ្រួសារយ៉ាងអាណោចអាធ័ម។
តាមប្រភពដដែលបានអោយដឹងបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ គាត់បានរៀបចំទៅធ្វើការ តែស្ត្រីរងគ្រោះប្រាប់ថាមិនសូវស្រួលខ្លួនចង់សុំសំរាកមួយព្រឹក ក្រែងបានធូរស្បើយ ។ នៅពេលគាត់ទៅធ្វើការបាត់ មិនឃើញស្ត្រីរងគ្រោះមកធ្វើការនោះទេ លុះដល់វេលាម៉ោងកើតហេតុ មិត្តភក្ដិដែលស្នាក់នៅបន្ទប់ជាមួយគ្នាបានមកពីធ្វើការវិញ ឃើញបន្ទប់ចាក់សោពីខាងក្នុង ក៏បានគោះទ្វារ តែមិនបើក រហូតអស់រយៈពេលជិត១ម៉ោង ក៏បានមើលតាមចន្លោះបង្អួចឃើញស្ត្រីរងគ្រោះដេកនៅជិតមាត់ទ្វារ ក៏ហៅម្ចាស់ផ្ទះមកគាស់បង្អួចចូលមើល ទើបដឹងថា ស្ត្រីរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ម្ចាស់ផ្ទះបានទាក់ទងទៅនគរបាលប៉ុស្តិ៍មកមើលនៅទីតាំងកន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច័យភ្លាមៗផងដែរ ។
ក្រោយពីពិនិត្យរួច សពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នឹងផ្នែកជំនាញចក្ខុបានប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ