ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា​ថា លោកឪពុក អ្នក​ម្តាយ តែងតែ​ទូន្មាន​ឲ្យ​គិត​ពី​ប្រយោជន៍​សង្គម​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក កឹ​ម សុខា អ​តី​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវ​រំលាយ បាន​លើក​ឡើង​ថា លោកឳពុក អ្នក​ម្តាយ​របស់​លោក តែងតែ​អប់រំ លោក​ថា កើតជា​មនុស្ស​ដែល​មាន​តម្លៃ…

លោក កឹ​ម សុខា អ​តី​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវ​រំលាយ បាន​លើក​ឡើង​ថា លោកឳពុក អ្នក​ម្តាយ​របស់​លោក តែងតែ​អប់រំ លោក​ថា កើតជា​មនុស្ស​ដែល​មាន​តម្លៃ មាន​ន័យ គឺ​មិនមែន​ជា​មនុស្ស​គិត​ប្រយោជន៍​សម្រាប់​តែ​ខ្លួនឯង និង​គ្រួសារ​ទេ គឺ​ត្រូវ​គិត​ពី​សង្គម ប្រទេស​ជាតិ និង​មនុស្សជាតិ​ជា​សំខាន់ ។

នៅ​ថ្ងៃ​ទី​២៧ មិថុនា​នេះ លោក កឹ​ម សុខា មាន​អាយុ​ចូល​៦៨​ឆ្នាំ​ហើយ ។ នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​លោក​លើក​នេះ លោក​បាន​រំលឹក​ពី​ភាព​កតញ្ញូ​របស់​លោក​ចំពោះ​លោក​អ្នក​មានគុណ ។ តាម​រយៈ​ទំព័រ Facebook ផ្ទាល់ខ្លួន អ្នកនយោបាយ​ដែល​កំពុង​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ​បាន រំលឹក​ដល់​ឱវាទ​ដែល​លោកឳពុក​អ្នក​ម្តាយ​របស់​លោក​តែងតែ​ទូន្មាន​ដល់​លោក ។

លោក​សរសេរ​ថា​«​លោកឪពុក អ្នក​ម្តាយ មិនមែន​ត្រឹមតែ​ជា​អ្នក​ផ្តល់​កំណើត​ឲ្យ​កូន​ទេ ពុក​ម៉ែ​ស្រឡាញ់​កូន​ខ្លាំង​ណាស់ លោក​ទាំង​ពីរ​បាន​បីបាច់​ថែទាំ​កូន ដោយ​មិន​ចង់​ឲ្យ​មាន​អ្វី​ប៉ះពាល់​ដល់​រូប​កាយ និង​ទឹកចិត្ត​កូន​ឡើយ ។ ខ្ញុំ​ចង​ចាំ​ជា​និច្ច​នូវ​ដំបូន្មាន​របស់​អ្នក​មានគុណ ដែល​តែងតែ​អប់រំ​កូន​ថា «​កើតមក​ជា​មនុស្ស កូន​ត្រូវធ្វើ​ឲ្យ​ជីវិត​មាន​ន័យ មាន​តម្លៃ មាន​ប្រយោជន៍ មិនមែន​សម្រាប់​តែ​ខ្លួនឯង និង​គ្រួសារ​ទេ គឺ​ត្រូវ​គិត​ពី​សង្គម ពី​ប្រទេស​ជាតិ និង​ពី​មនុស្សជាតិ​ជា​សំខាន់​»​។

លោក​កឹ​ម សុខា បាន​បញ្ជាក់​ថា ដោយសារ​លោក​គោរព តាម​ការ​ណែនាំ របស់​លោក​ឱ​ពុក អ្នក​ម្តាយ​របស់​លោក​បាន​ធ្វើ​ឲ្យ​លោក​មាន មាន​គោលបំណង (​ឆន្ទៈ​)​ច្បាស់លាស់ រឹង​មាំ មាន​ក្តី​សង្ឃឹម​(​ជឿជាក់​)​លើ​ខ្លួនឯង លើ​អំពើ​ល្អ និង មានការ​តស៊ូ​(​ព្យាយាម​)​ដោយ​អត់ធ្មត់​ដោយ​អហិង្សា ។

លោក​បាន​បញ្ជាក់​ដូច្នេះ «​ការ​ប្រតិបត្តិ​ជាប់​ជា​និច្ច​នូវ​ដំបូន្មាន​ដ៏​ថ្លៃថ្លា​នេះ ក្នុង​ជីវិត​កូន ទោះបី​ជីវិត​កូន​ផ្ទាល់ និង​ក្រុម​គ្រួសារ​ទទួល​រង​ទុក្ខ និង​ជួប​ឧបសគ្គ​ជា​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​កូន​មិន​ស្តាយក្រោយ​ដែរ ព្រោះ​នេះ​ជា​គុណ​តម្លៃ​នៃ​ជីវិត​កូន​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា សហគមន៍​អន្តរជាតិ​ជា​ច្រើន​ទទួលស្គាល់​ផ្ដល់​តម្លៃ និង​គោរព​រាប់អាន​កូន​ផង​ដែរ​ ។ គុណ​តម្លៃ​របស់​កូន​នេះ​ក៏​បាន​មក​ពី​អ្នក​មានគុណ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ