ខេត្តសៀមរាប ៖ កម្លាំងប៉េអឹមក្រុងប្រមាណជាង១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបបានឆ្មក់ចូលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បញ្ជល់មាន់និងអាប៉ោង)មួយសំបុកធំនៅកណ្តាលព្រៃ ។
ការឆ្មក់បង្ក្រាបនេះ ឃាត់ខ្លួនបានមនុស្សប្រុស ស្រីចំនួនជាង១០នាក់ នាំយកមកឱ្យធ្វើកិច្ចសន្យារួចឱ្យត្រឡប់ទៅផ្ទះវិញទាំងយប់យ៉ាងរំភើយ…អត់មានទោសទេ…អ៊ីចឹងថ្ងៃក្រោយលេងទៀតស្រង់ដើម ។
ចំណែកសំណល់ជាវត្ថុតាងដកហូតមានម៉ូតូប្រមាណ៣០គ្រឿង សង្វៀន១មាន់ងាប់៧ក្បាល និងមាន់រស់ជិត១០ក្បាល ទ្រុងដាក់មាន់ដែកជាង១០ និងរោងដែកប្រក់តង់ខៀវ១ ព្រមទាំងសម្ភារលក់ដូរជាច្រើនទៀតផងដែរ ។ ចំណែកមេខ្លោងបើកសង្វៀន ជាមន្ត្រី ប៉ូលិសឈ្មោះ ភី បានរត់គេចខ្លួនកាត់ព្រៃបាត់ស្រមោល ។
ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងបង្កប់ដោយវង់អាប៉ោង និងសង្វៀនមាន់ដ៏ធំនេះ បានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនាឆ្នាំ ស្ថិតនៅក្នុងព្រៃ ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ។
បើតាមការអះអាងពីលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបបានប្រាប់នៅវេលាម៉ោង៩និង៥៣នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់ និងល្បែងស៊ីសងអាប៉ោង សមត្ថកិច្ចយើងចាប់មិនបានមេខ្លោង ដែលជាម្ចាស់សង្វៀននេះឡើយ ព្រោះឱ្យតែបើកប្រតិបត្តិការដូចមានអ្នករាយការណ៍ឱ្យពួកគេដឹងមុនរហូត ។ ដូច្នេះកម្លាំងយើងចាប់បានតែអ្នកភូមិដែលទៅឈរមើល និងអ្នកលេងមួយចំនួនតែប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា ចំពោះអ្នកលេង និងអ្នកឈរមើលកម្លាំងយើងបានធ្វើការឃាត់ខ្លួនហៅមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ហើយឱ្យពួកគាត់ធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះវិញទាំងយប់អស់ហើយ ។ ចំណែកវត្ថុតាងទាំងអស់រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបសិនដើម្បីរាយការណ៍ទៅថ្នាក់លើបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ