ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រឿង​ដី​វត្ត​ និង​ដី​សាលារៀន​ត្រូវ​បញ្ចប់​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជម្លោះ​រឿង​ដី​វត្ត​និង​ដី​សាលារៀន​ដែល​កើត​មាន​ជា​យូរ​ឆាំ្ន​មក​ហើយ​នោះ ទីបំផុត​បាន​បញ្ចប់​ហើយ​ក្រោយ​ពី​ការ​ជួប​ប្រជុំ​ដោះស្រាយ​រវាង​ភាគី​ទំនាស់ ក្រោម​អធិបតីភាពប្រធាន​មន្ទីរ​ធម្មការ​និង​សាស​នា​​ខេត្ត ព្រមទាំងព្រះ​អនុគណ និង​មន្ត្រី​សង្ឃ​ជា​ច្រើន​ទៀត ។ រឿង​ដី​ដែល​មាន​វិវាទ​នេះ គឺ​រវាង​ដី​វត្ត​សូ​រិ​យាវ​ង្ស​ជ្រុង​ស្រឡៅ…

ខេត្តកំពត ៖ ជម្លោះ​រឿង​ដី​វត្ត​និង​ដី​សាលារៀន​ដែល​កើត​មាន​ជា​យូរ​ឆាំ្ន​មក​ហើយ​នោះ ទីបំផុត​បាន​បញ្ចប់​ហើយ​ក្រោយ​ពី​ការ​ជួប​ប្រជុំ​ដោះស្រាយ​រវាង​ភាគី​ទំនាស់ ក្រោម​អធិបតីភាពប្រធាន​មន្ទីរ​ធម្មការ​និង​សាស​នា​​ខេត្ត ព្រមទាំងព្រះ​អនុគណ និង​មន្ត្រី​សង្ឃ​ជា​ច្រើន​ទៀត ។

រឿង​ដី​ដែល​មាន​វិវាទ​នេះ គឺ​រវាង​ដី​វត្ត​សូ​រិ​យាវ​ង្ស​ជ្រុង​ស្រឡៅ និង​ដី​សាលា​បឋម​សិក្សា និងអនុ​វិឡា​ល័យ​ជ្រុង​ស្រឡៅ ក្នុង​ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ។ បញ្ហា​ទំនាស់​គ្នា​រវាងដី​វត្ត​និង​ដី​សាលារៀន​នេះ គឺ​អាជ្ញាធរ​ព្យាយាម​ស្រុក​ដោះស្រាយ​ជា​ច្រើន​ដង​ហើយ តែ​មិន​បាន​សម្រេច ដោយសារ​អាចារ្យ​ក៏​ដូច​ជា​គណៈកម្ម​ការ​វត្ត ទាមទារ​ដី​នៅ​ក្នុង​បរិវេណ​ខាង​សាលា​រៀន ចង់​ធ្វើ​អ្វី​ក៏​មិន​បាន មក​ពិភាក្សា​ជាមួយ​តា​អាចារ្យ ហើយ​ខាង​សាលារៀន​គ្រោង​ធ្វើ​របង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​ដី​វត្ត​និង​ដី​សាលារៀន ។

ដោយសារ​មាន​ជម្លោះ​ជា​ពា​ក្ស​សម្ដី​រវាង​លោកគ្រូ​អ្នកគ្រូ​និង​អាចារ្យវត្ត​សូ​រិ​យាវ​ង្ស​ជ្រុងស្រឡៅ​កាន់តែ​ក្ដៅ​ទៅ​ៗ តា​អាចារ្យ​មិន​ឱ្យ​ខាង​សាលា​ចាក់​ដី ឯខាង​សាលា​មិន​ឱ្យ​តា​អាចារ្យ​ធ្វើ​កន្លែង​ងូតទឹក ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា​ក៏​មាន​បើក​កិច្ចប្រជុំ​មួយ​រវាង​ខាង​សាលា និង​ខាង​វត្ត ដោយ​មានការ​ចូលរួម​ពី​លោក នាក់ យិ​ត​ថូ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត និង​ការ​និមន្ត​ចូលរួម​ពី​ព្រះ​អនុគណ​ស្រុក​បន្ទាយមាស លោក ប៉ោ វី អភិបាលរង​ស្រុក អាជ្ញាធរ​មូលដ្ឋា​ន និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រុង​ស្រឡៅ​ជា​ច្រើននាក់​ទៀត ។

អ្នកគ្រូ កៅ ស្រី នាយិកា​សាលា​បឋម​សិក្សា​ជ្រុង​ស្រឡៅ មាន​ប្រសាសន៍​ថា អ្នកស្រី​ពិតជា​មានការ​ខ្មាស​អៀន​ណាស់ ព្រោះ​តា​អាចារ្យ​ចោទថា ខាង​សាលា​ចង់បាន​ដី​វត្ត ។ មក​ដល់​ពេល​នេះ ខាង​សាលា​ដែល​បើក​បង្រៀន​សិស្ស​យូរ​ឆ្នាំមក​ហើយ មិន​ទាន់​បាន​ដី​វត្ត​មួយ​ដុំ​យក​ទៅ​សង់​តូប​ឬ​សង់ផ្ទះ​អី​ទេ ។ សាលា​ចាក់​ដី​ក៏​លោក​អាចា​រ្យ​ជំទាស់​ដែរ ទើប​អ្នកស្រី​មានគំនិត​មួយ​ចង់​ទាមទារ​ធ្វើ​របង​ឱ្យ​ដាច់​ពី​វត្ត ។ ឥឡូវនេះ សូ​ម្បី
តែ​មក​វត្ត​ក៏​គាត់​ឈប់​មក​ដែរ​ព្រោះ​ខឹង​នឹង​តា​អាចារ្យ​ដែល​ធ្វើ​បែប​នេះ ។

លោក អឹ​ុ​ន វណ្ណ​នី មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ស្ដេចគង់ បាន​សុំ​ណូ​ម​ពរ​លោកតា​អាចារ្យ​ក៏​ដូច​ជាលោកគ្រូ​អ្នកគ្រូ ឈប់​បន្ត​ប្រើ​ពាក្យ​សម្ដី​ចោទប្រកាន់​គ្នា ហើយ​ឈប់​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅព្រោះ​សាលារៀន​ជា​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះដឹង​គ្រប់​ជំនាន់ ឯ​វត្ត​អារាម​ក៏​ជា​កន្លែង​គោរព​បូជា​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ។ លោក នាក់ យិ​ត​ថូ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​ធ្វើការ​សម្របសម្រួល​ដល់គ្រប់​ភាគី​ដែល​កើតជា​អធិករណ៍​រឿង​ដី​សាលារៀន​សង់​លើ​ដី​បរិវេណ​វត្ត ហើយ​តា​អាចារ្យ និងអ្នកគ្រូ​មិន​បាន​យល់​ពី​ដី​គរុ​ភ័​ណ្ឌ​របស់​វត្ត ។

លោក​អភិបាលស្រុក បាន​អាន​សេចក្ដីសម្រេចមួយ​ជា​ផ្លូវការ​ថា គ្រប់​វត្ត​អារាម​ទាំងអស់​ត្រូវ​តែ​ធ្វើ​របង និង​មាន​ប្លង់​កាន់កាប់​ឱ្យ​បាន​ច្បាស់លាស់ ។ ចំពោះ​សាលារៀន​ផ្នែក​អាណាចក្រ​ដែល​សាងសង់​លើ​ដី​វត្ត មិន​អនុញ្ញាត​ឱ្យធ្វើ​របង​និង​ប្លង់​ដាច់​ចេញពី​វត្ត​បាន​ឡើយ ។

លោក នាក់ យិ​ត​ថូ បាន​ប្រាប់​លោកគ្រូ​អ្នកគ្រូ និង​តា​អាចារ្យ​ថា ត្រូវ​សាមគ្គី​គ្នា​ឡើង​វិញហើយ​មិន​ត្រូវ​ប្រមាថ​គ្នា​តទៅ​ទៀត​ឡើយ ។ រឿង​ទំនាស់​ព្រំ​ដី​វត្ត​និង​សាលារៀន​ជា​រឿង​តូចតាច​ទេ តែ​ដោយសារ​តែ​មិន​បាន​យល់​រៀង​ៗ​ខ្លួន ធ្វើ​ឱ្យ​រឿង​នេះ​រីក​កាន់តែ​ធំ​ទៅ​វិញ ។ លោក និយាយ​ថា រឿង​ដី​វត្ត​និង​ដី​សាលារៀន​គ្មាន​អ្នក​ណា​ទាមទារ​យក​ទៅ​ធ្វើ​អី​បាន​ទេ ទុក​តំណ​តកូនតចៅ​រហូត ។លោក​អភិបាលស្រុក​រួម​នឹង​ព្រះសង្ឃ​ផង បានទៅ​ពិនិត្យ​មើល​ដី​វត្ត មិន​ត្រូវ​ឱ្យ​បុគ្គល​ណា​សាងសង់​បន្ត​ទៀត​ទេ ហើយ​ជំរុញ​ឱ្យ​ខាង​មន្ត្រី​រៀបចំ​ដែនដី​មក​វាស់វែង​ឱ្យ​ខាង​វត្ត ធ្វើ​របង​និង​សម្អាត​អនាម័យ​ទាំងអស់​គ្នា ៕ ​

អត្ថបទសរសេរ ដោយ