ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលស្ត្រេស គួរ ឬមិនគួរទទួលទានអ្វីខ្លះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ប្រភេទ​នៃ​អាហារ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​លើ​បញ្ហា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​គួរ​ចៀសវាង ឬ​ចាំបាច់​ទទួលទាន​នៅ​ពេល​ស្ត្រេ​ស ៖ អាហារ​និង​ភេសជ្ជៈ​ដែល​គួរ​ចៀសវាង១. កាហ្វេ​អ៊ី​ន…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ប្រភេទ​នៃ​អាហារ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​លើ​បញ្ហា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​គួរ​ចៀសវាង ឬ​ចាំបាច់​ទទួលទាន​នៅ​ពេល​ស្ត្រេ​ស ៖

អាហារ​និង​ភេសជ្ជៈ​ដែល​គួរ​ចៀសវាង
១. កាហ្វេ​អ៊ី​ន

នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការ​ផលិត​សារធាតុ​គីមី​មួយ​ចំនួន​ក្នុង​ខួរក្បាល​ដែល​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើ​អោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​កើត​មាន​ឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាងលើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។

២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់

នំ​គុក​ឃី នំ​ស្រួយ ភី​ហ្សា​ជាដើម​សុទ្ធតែ​ធ្វើ​ឡើង​ពី​ម្សៅ​ចម្រាញ់​ដែល​ជា​អ្វីមួយ​ផ្សារ​ភ្ជាប់​នឹង​ការ​រលាក​។ ហើយ​អ្នក​គួរ​ដឹង​ថា​ការ​រលាក គឺជា​អ្វីមួយ​ដែល​ជះ​ឥទ្ធិពល​កាន់តែ​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​ពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​មាន​អារម្មណ៍​តានតឹង​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត ឬ​ចៀសវាង​ការ​ទទួលទាន​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​ក្នុង​អំ​ឡូង​ពេល​នេះ​។

៣. អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់

ការ​ឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផង​ដែរ​។ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ស្ត្រេ​ស​ខ្លាំង​នៅ​ពេល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​។ ម្យ៉ាងវិញទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែល​នាំ​អោយ​កើត​មាន​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួល​រង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាង​កាយ​គ្មាន​តុល្យភាព​។

៤. គ្រឿង​ស្រវឹង

ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិន​អាច​ជួយ​ឱ្យ​អ្នក​បាត់​ស្ត្រេ​ស​ដូចដែល​ធ្លាប់​បាន​គិត​ឡើយ​! ការ​ពិត​នោះ​គឺ​គ្រឿង​ស្រវឹង​មាន​តែ​ផ្ដល់​ឱ្យ​រាង​កាយ​ពេញ​ទៅ​ដោយ​ជាតិពុល​ដែល​ពិបាក​នឹង​កម្ចាត់​ចោល ឬ​បញ្ចេញ​មក​ក្រៅ​ពិសេស​កំឡុង​ពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ស្រាប់​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិន​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់​ឡើង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រោក​មក​អស់កម្លាំង​មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​។

៥. អាហារ​កែ​ច្នៃ

អាហារ​ប្រភេទ​នេះ​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​គ្រង់​គ្រង​ស្ត្រេ​ស​ឡើយ ប៉ុន្តែ​បែរជា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​រក្សា​ទុក​បាន​យូរ គ្រឿងផ្សំ​កែ​ច្នៃ​បន្ថែម​រសជាតិ និង​សារធាតុ​គីមី​ផ្សេង​ៗ​ដែល​មិនល្អ​ចំពោះ​សុខភាព​ទៅ​វិញ​។

អាហារ​និង​ភេសជ្ជៈ​ដែល​គួរ​ទទួលទាន
១. ទឹក

ជា​ភេសជ្ជៈ​ដែល​ងាយ​នឹង​រកបាន​បំផុត​។ ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​ដើម្បី​បន្ថយឥទ្ធិពល​នៃ​ភាព​ស្ត្រេ​ស​លើ​សុខភាព​រាង​កាយ​និង​ផ្លួ​វ​ចិត្ត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ក៏​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​ស្ត្រេ​ស​ផង​ដែរ​។

២. ទឹកដូង

ចូរ​ទទួលទាន​ទឹកដូង​មួយ​កែវ​ពេល​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​នឹង​ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ​ដល់​អ្នក​ភ្លាម​ៗ ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ថែម​ទៀត​ដោយ​វា​មាន​ផ្ទុក​វីតាមីន B​។

៣. តែ​បៃតង

ភេសជ្ជៈ​នេះ​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន​តិច​ជាង​កាហ្វេ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​អារម្មណ៍​។ ការ​ទទួលទាន​តែ​បៃតង​មួយ​ពែង​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​និង​ធូរស្រាល​បាន​យ៉ាង​ឆាប់រហ័ស​។

៤. តែ​រុក្ខជាតិ

ប្រសិនបើ​អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​មិន​បាន អ្នក​អាច​ប្ដូរ​មក​ជា​តែ​រុក្ខជាតិ​ជំនួស​វិញ​។ ឧទាហរណ៍​តែ​ផ្កា Chamomile! ក្រៅពី​ជួយ​បំបាត់​បញ្ហា​ព័ន្ធ​ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​នោះ តែ​រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ទប់ទល់​ស្ត្រេ​ស​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ អ្នក​អាច​ទទួលទាន​តែ​ផ្កា Chamomile នៅ​មុន​ពេល​ចូល​គេង​ដើម្បី​ឆាប់​គេង​លក់​បាន​ស្កប់​។

៥. ទឹកដោះគោ​ក្ដៅ​ឧណ្ហ​ៗ

ទឹកដោះគោ​ត្រឹមតែ ១​កែវ​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន ជាតិ​រ៉ែ ប្រូតេអ៊ីន កាល់ស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ហើយ​សារធាតុ​ទាំង​អស់នេះ​មាន​ប្រសិទ្ធិ​ភាព​កម្ចាត់​រាល់​រ៉ា​ឌី​កាល់​សេរី​ដែល​បញ្ចេញ​ដោយ​ភាព​តានតឹង ឬ​ស្ត្រេ​ស​។

៦. ត្រី​សម្បូរ​ខ្លាញ់

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​រាង​កាយ រួម​ទាំង​អារម្មណ៍​។ ត្រី​សម្បូរ​ខ្លាញ់​ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន​រីករាយ serotonin នៃ​ខួរក្បាល​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស្ត្រេ​ស​។

៧. សូកូឡា​ខ្មៅ

សូកូឡា​ខ្មៅ គឺ​មាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុង​ការ​បង្កើន​នូវ​សារ​ធាតុគីមី​ផ្សេង​ៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​។ គ្រាន់តែ​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាង​ហោច​ណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ និង​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។

៨. ផ្លែ​ចេក

ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ ផ្លែ​ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B រួម​ទាំង​សារធាតុ folate និង​វីតាមីន B6 ដែល​ជួយ​ក្នុង​ការ​ផលិត​អ័រម៉ូន serotonin បង្កើន​អារម្មណ៍ល្អ​ប្រសើរ​កាត់​បន្ថយ​ភាព​តានតឹង​។

៩. គ្រាប់​ធញ្ញជាតិ

ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ រក្សា​សុខភាព​ខួរក្បាល ក៏​ដូច​ជាស​សៃ​ប្រសាទ​ផង​ដែរ​៕ ប្រភព ៖ Health.com.kh