រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនិងសត្វព្រៃយ៉ាងហោចណាស់ រណាយន្តជាង១៧០០គ្រឿង និងអន្ទាក់ជាង១៥០០០អន្ទាក់ត្រូវបានមន្ត្រីជំនាញនៃក្រសួងបរិស្ថានរឹបអូសបានជាបន្តបន្ទាប់ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០នេះ ។
បើតាមមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថាការរឹបអូសនូវឧបករណ៍ខាងលើគឺគិតចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២០ តាមរយៈមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង១២៦០នាក់ដែលបានចុះបេសកកម្មដើរល្បាតចំនួន៧០៧៨លើក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៦០កន្លែងដែល មានផ្ទៃដីសរុបប្រមាណ៧,២លានហិកតា យោងតាមមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនានេះ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងការចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ៤ខែនេះ មន្ត្រីឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន១៧០០គ្រឿង រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន៥៣គ្រឿង រឹបអូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន១២៦គ្រឿង ចាប់ឃាត់គោយន្តចំនួន២០៣គ្រឿងនិងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន អន្ទាក់ជាង១៥០០០អន្ទាក់ ព្រមទាំងបានដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន២៣៩ដើម។
លោក ភក្ត្រា បានបន្តថា «នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងប្រកបដោយការទទួលខុសត្រូវ និងប្រកដោយវិជ្ជាជីវៈរបស់មន្ត្រីគ្រប់លំដាក់ថ្នាក់នៃក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ និងដើម្បីភាពគង់វង្សនៃសម្បត្តិធនធានធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
បានគូសបញ្ជាក់ថា លោក ភក្ត្រា បានបន្ថែមថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា និងមិនលើកលែងឡើយ។
ដោយឡែក ខាងមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូផាល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានទទួលពស់ថ្លាន់១ក្បាល ដែលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូន ដើម្បីដោះលែងចូលព្រៃធម្មជាតិវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ