ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្កើត iPod ចែករំលែក​ការ​បរាជ័យ​អស់​រយៈពេល ១០​ឆ្នាំ

3 ឆ្នាំ មុន

មុន​ពេល​ក្លាយ​ខ្លួន​ជា​បិតា​របស់ iPod លោក ថូ​នី ហ្វា​ដេ​ល (Tony Fadell) បាន​និយាយ​ថា​លោក​ទទួល​បានការ​បដិសេធ​ពី​វិនិយោគិន​ប្រមាណ ៨០​នាក់​ខណៈ​ដែល​លោក​ព្យាយាម​រក​អ្នក​វិនិយោគ​លើ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​លោក ។…

មុន​ពេល​ក្លាយ​ខ្លួន​ជា​បិតា​របស់ iPod លោក ថូ​នី ហ្វា​ដេ​ល (Tony Fadell) បាន​និយាយ​ថា​លោក​ទទួល​បានការ​បដិសេធ​ពី​វិនិយោគិន​ប្រមាណ ៨០​នាក់​ខណៈ​ដែល​លោក​ព្យាយាម​រក​អ្នក​វិនិយោគ​លើ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​លោក ។ លោក​បាន​ប្រាប់​មក​ថា លោក​បាន​បរាជ័យ​អស់​ប្រមាណ ១០​ឆ្នាំ​មក​ហើយ ។

អតីត​ក្រុមហ៊ុន​របស់​លោក​គឺ General Magic ធ្លាប់​ជា​ក្រុមហ៊ុន​ដែល​មាន​សារៈសំខាន់​ជាងគេ​ក្នុង Silicon Valley ទោះជា​មនុស្ស​ភាគច្រើន​មិន​ដែល​ឮ​ពី​វា​ពិតមែន​ក្តី ។ មូលហេតុ គឺ​មក​ពី​ក្រុមហ៊ុន​នេះ​បាន​ក្ស័យ​ធុន​ទៅ​ហើយ​កាលពីដើម​សតវត្ស​ឆ្នាំ ២០០០ ។ ប៉ុន្តែ General Magic ជា​ក្រុមហ៊ុន​ដែល​ច្នៃ​ម៉ូ​ដ​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់ និង​បាន​នាំមុខ​គេ​ក្នុង​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា​បច្ចេកវិទ្យា Touchscreen និង Emoji ជាដើម ។

លោក ហ្វា​ដេ​ល បាន​ធ្វើការ​ក្នុង General Magic អស់ ៤​ឆ្នាំ​មុន​នឹង​ប្តូរ​ទៅ​ធ្វើការ​ឲ្យ Philips វិញ ។ ប​ន្តែ​បន្ទាប់​មក​ទៀត លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ឈ្មោះ​ថា Fuse System ក្នុង​ឆ្នាំ ១៩៩៩ មុន​នឹង​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មួយ​ឆ្នាំ​ក្រោយមក ។ ប៉ុន្តែ​ព្រោះតែ​ការ​បរាជ័យ​ទាំងនោះ​ហើយ​ដែល​បាន​បើកផ្លូវ​សម្រាប់​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ ។

លោក ហ្វា​ដេ​ល បាន​ចែករំលែក​ថា លោក​រស់នៅ​យ៉ាង​លំបាក​ក្នុង​រយៈពេល ១០​ឆ្នាំ​នោះ​ខណៈ​ដែល​ព្យាយាម​ក្រោកឈរ​មុន​នឹង​បរាជ័យ​សា​ជា​ថ្មី​ម្តងទៀត ។ នៅ​ឆ្នាំ ២០០១ លោក​បាន​ចូលរួម​ជាមួយ Apple ជាទី​ប្រឹក្សា​សម្រាប់​ការ​បង្កើត iPod មុន​នឹង​ក្លាយជា​ប្រធាន​ក្រុម​សម្រាប់​គម្រោង​នេះ ។ លោក​ក៏​បាន​ចូលរួម​សហការ​ដើម្បី​បង្កើត iPhone ផង​ដែរ និង​ជាទី​ប្រឹក្សា​របស់​អតីត​នាយក​ប្រតិបត្តិ​របស់ Apple គឺ​លោក ស្ទី​វ ចបស៍ (Steve Jobs) ។

បន្ទាប់​ពី​នោះ​ហើយ លោក​បាន​ចូលរួម​បង្កើត Nest Thermostat ដែល​បាន​ធ្វើ​ឲ្យ Google ទិញ​ក្រុមហ៊ុន Nest Labs របស់​លោក​នៅ​ឆ្នាំ ២០១៤ ។ បច្ចុប្បន្ន​លោក​តួអង្គ​ដ៏​សំខាន់​ក្នុង​ក្រុមហ៊ុន Future Shape ដែល​ផ្តល់​សេវា​ប្រឹក្សា​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជុំវិញ​ពិភពលោក ។

លោក​បាន​ប្រាប់​មក​ថា ការ​ជួយ​ក្រុមហ៊ុន​ដទៃ​ក្នុង​ការ​ឆ្លងកាត់​បញ្ហា​ហិរញ្ញវត្ថុ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​លោក​នឹកឃើញ​ដល់​ការ​បរាជ័យ​មុន​ៗ​របស់​លោក​ពេល​ដែល​លោក​ទើបតែ​ចាប់ផ្តើម​ដំបូង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ