មិនធម្មតា​ទេ​! បង្គារ​ស្រស់​មាន​សារ​ធាតុ​​គីមី​ជិត​២០០​គីឡូ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បង្គារ​ស្រស់​ជិត​200​គីឡូក្រាម​ដែល​មាន​សារធាតុ​គីមី ត្រូវ​បាន​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក សហការ​ជាមួយ​នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន និង​មន្ត្រី​ស្នាក់​ការ​សាលាខេត្ត ចាប់​បាន​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​6 ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ច្រក​ទ្វារ​តែ​ម្ដង​។

សេចក្តីរាយការណ៍​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​7 ខែមិថុនា នេះ បង្គារ​ស្រស់​មាន​សារធាតុ​គីមី​ខាង​លើ ដែល​ចាប់​បាន​ពី​ពួក​ឈ្មួញ​នេះ ត្រូវ​សមត្ថកិច្ច​យក​ទៅ​ដុត​បំផ្លាញ​ចោល នៅ​ខាងកើត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។

បើ​តាម​លោក រស់ សាត អនុប្រធាន​ការ​រិ​យា​ល័យ​គយ និង​រដ្ឋាក​ព្រែក​ចាក បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា បង្គារ​ដែល​ចាប់​ខាងលើ​នេះ គឺ​ចាប់​បាន​ពី​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ឆ្លងកាត់​តាម​ច្រក​ទ្វារ​នេះ មាន​ចំនួន​12​កេស ស្មើនឹង​192​គីឡូ​គា​ម​។

លោក​អនុប្រធាន​ការិយាល័យ​គយ​ព្រែក​ចាក បាន​បន្ត​ថា បង្គារ​ដែល​ត្រូវ​បាន​ចាប់​នោះ គឺ​យើង​បានធ្វើការ​ពិនិត្យ​ឃើញ​ថា មាន​សារធាតុ​គីមី​នៅ​ក្នុង​បង្គារ ទើប​ប្រធាន​សាខា​គយ​ខេត្តកំពត ឱ្យ​ចាប់ ហើយ​ត្រូវ​យក​ទៅ​ដុត​ចោល​នៅ​មុខ​មហាជន ដើម្បី​កុំឱ្យ​ពួក​គាត់​ជា​អ្នក​រល​ស៊ី​នោះ ឈប់​ដឹក​ជញ្ជូន​ទៀត​។

លោក​រស់ សាត មិន​បាន​បញ្ជាក់​ប្រាប់​ថា បង្គារ​នេះ គេ​នាំ​ទៅ​កាន់​ទីណា​នោះ​ទេ តែបើ​ធ្លាប់​ដឹង​ជា​ទូទៅ​បង្គារ​នេះ​ត្រូវ​បាន​ដឹក​ពី​ប្រទេស​វៀតណាម​ដឹក​ឆ្ពោះទៅ​ភ្នំពេញ​។ ហើយ​កន្លង​មក បង្គារ​ដែល​​មាន​សារធាតុ​ជាតិ​គីមី​នេះ មន្ត្រី​ឯទៀត​ៗ​ក៏​ធ្លាប់​បាន​ចាប់ ហើយ​ធ្វើការ​ដុត​ចោល​ជា​ច្រើន​ដង​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ