ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទឹកនោមផ្អែម​ពិតជា​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​មួយ​ចំនួន​មែន​ទេ ?

11 ឆ្នាំ មុន

របាយការណ៍​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា បុគ្គល​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​អាច​នឹង​ជួប​ហានិភ័យ​ខ្ពស់​ពី​ជំងឺមហារីក​មួយ​ចំនួន  ។

ការ​វិភាគ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​១៦​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​៩០​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​បាន​រក​ឃើញ​ថា អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ជា​ទូទៅ​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺមហារីក​ប្រមាណ​ជា​១៥​ភាគរយ ។ ចំណែក​អ្នក​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោមផ្អែម (Prediabetes)​ក៏​ប្រឈម​នឹង​មហារីក​ដូច​គ្នា​ផង​ដែរ ។

ការ​វិភាគ​បាន​បញ្ជាក់​ថា បណ្តា​ជំងឺមហារីក​ដែល​បុគ្គល​ទាំងនេះ​ប្រឈម​មាន​ដូច​ជា មហារីក ក្រពះ លំពែង ថ្លើម សុដន់ ពោះវៀន​ត្រង់​និង​មហារីក​ស្បូន ។

ចំណែក​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​អ្នក​កើត Prediabetes​នឹង​មហារីក សួត ប្រូ​ស្តា​ត អូវែរ តម្រងនោម​ក៏​ដូច​ជា​ប្លោក​នោម​គឺ​ពុំ​មាន​ឡើយ ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Diabetologia​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ ការ​សិក្សា​នោះ​បាន​រក​ឃើញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​មួយ តែ​មិនមែន​ជា​ការ​ជាប់​ពាក់ព័ន្ធ​ហេតុ​និង​ផល​រវាង​អ្នក​កើត Prediabetes​នឹង​ជំងឺមហារីក​មួយ​ចំនួន​នោះ​ទេ ។

ទោះជា​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​រក​ឃើញ​នោះ​នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​ស្មុគស្មាញ​ដោយ​បាន​កត់​សម្គាល់ថា អត្រា​នៃ​អ្នក​កើត Prediabetes​និង​ជំងឺ​ទឹកនោមផ្អែម​បាន​កំពុង​កើនឡើង​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន ។​ឧទាហរណ៍ សម្រាប់​តែ​ជនជាតិ​អា​មេ​រិ​កមួយ អត្រា​នៃ​អ្នក​កើត Prediabetes​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​គឺ​ឡើង​ពី​២៩​ភាគរយ​ក្នុង​ឆ្នាំ​១៩៩៩-២០០២​ដល់​៣៦​ភាគរយ​ក្នុង​ឆ្នាំ​២០០៧-២០១០ ។ 

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ សាស្ត្រាចារ្យ Yuli Huang មក​ពី​មន្ទីរពេទ្យ​ប្រជាជន​ទី​១​នៃ​ស្រុក​Shunde ប្រទេស​ចិន​បាន​ថ្លែង​ថា​៖«​បើ​ពិចារណា​លើ​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​នៃ​អ្នក​កើត Prediabetes​ក៏​ដូច​ជា​ការ​ជាប់​ពាក់ព័ន្ធ​ដ៏​សំខាន់​រវាង​អ្នក​កើត Prediabetes​និង​ជំងឺមហារីក​ដូច​បាន​បង្ហាញ​នៅ​ក្នុង​ការ​សិក្សា​របស់​យើង​នេះ អន្តរា​គម​ន៏​នៃ​ចំនួន​ប្រជាជន​ដ៏​ច្រើន​នេះ អាច​មាន​ផល​ប៉ះពាល់​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ​» ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​metformin​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​បាន ។ ពួក​គេ​ថា​៖«​ជា​ការ​កត់សម្គាល់​ថ្នាំ metformin ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​ក្នុង​ជីវិត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម បាន​ប្រមាណ​ជា​៣០​ភាគរយ​» ។

ដោយឡែក សម្រាប់​អ្នក​កើត Prediabetes​វិញ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ថ្នាំ metformin​អាច​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាងណា ។ ដូចនេះ ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​និង​ប្រើ​រយៈពេល​វែង​ចាំបាច់​ត្រូវ​រៀបចំ​ធ្វើ​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់ ៕