ទើបប្រឡូកសិល្បៈ តែព្រះនាងតូច ជេនណា ក្តោបបានឱកាសការងារធំៗជាច្រើន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រះនាងតូច នរោត្តម ជេនណា ជាបុត្រីទី២ របស់ព្រះម្ចាស់ក្សត្រីបុប្ជារី និងជាចៅលួតរបស់អតីតព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន រហូតព្រះនាងមានឱកាសក្តោបបានទីផ្សារសិល្បៈ និងតំណាងឲ្យផលិតផល និងសេវាកម្មក្រុមហ៊ុនធំៗជាច្រើន ។

ទោះបីជាព្រះនាងទើបតែមានព្រះជន្ម ៨ វស្សាក្តី តែនិយាយពីរូបសម្រស់វិញ គឺព្រះនាងដែលមានឈាមជ័រសែស្រឡាយរាជវង្ស គឺស្រស់ស្អាតពីធម្មជាតិ មុខមាត់មានអំណោយទាន ជាពិសេសព្រះនាងមានទេពកោសល្យសិល្បៈគួរឲ្យស្ញប់ស្ញែង និងអាចបកស្រាយចម្រៀងបានច្រើនភាសា ទាំងភាសាចិន បារាំង អង់គ្លេស និងថៃជាដើម ។

ដោយសារតែព្រះនាងមានសមត្ថភាពខ្ពស់បែបនេះ ទើបព្រះនាងមានដែលទើបប្រឡូកក្នុងសិល្បៈរយៈពេលខ្លីសោះ ប៉ុន្តែឱកាសការងាររបស់ព្រះនាងតូច ជេនណា ហាក់ទទួលបានឱកាសល្អៗពីសំណាក់ក្រុមហ៊ុនធំជាច្រើនបានទាក់ទងព្រះនាងទៅរួមការងារជាមួយ។ នៅក្នុងនោះព្រះនាងក៏បានទទួលបានឱកាសដ៏ធំក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុនទូរស័ព្ទធំមួយ និងការផលិតចម្រៀងជាច្រើនផងដែរ។

ថ្មីៗនេះទៀតសោត ព្រះនាងតូច ជេណា ទទួលបានប្រជាប្រិយខ្លាំងថែមមួយកម្រិតទៀត បន្ទាប់ពីព្រះនាងទទួលបានការសម្តែងជាតួឯកនៅពីក្មេងរបស់ខ្សែភាគយន្តភាគបុរាណខ្មែរ ដោយមានចំណងជើងថា រឿង «ទេពធីតាព្កុលមាស» ដែលធ្វើឱ្យអ្នកគាំទ្ររង់ចាំស្នាដៃសម្តែងថ្មីរបស់ព្រះនាងជាលើកដំបូងនេះ។

គួរបញ្ជាក់ផងដែរថា ព្រះនាងតូចចូលប្រឡូកនៅក្នុងរង្វង់សិល្បៈដំបូងតាមរយៈការចូលរួមសម្តែងនៅក្នុងកម្មវិធីសប្បុរធម៌របស់សង្គម និងក្រោយមកទទួលបានការយាងទៅសម្តែងតាមកញ្ចក់ទូរទស្សន៍នានា ពីព្រោះតែសមត្ថភាពទេពកោសល្យរបស់ព្រះនាងដែលអាចបកស្រាយចម្រៀងគ្រប់ទម្រង់ មិនថាទម្រង់សម័យ ឬក៏បុរាណ និងមានទឹកដមសម្លេងដ៏ស្រទន់ផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)


















ចែករំលែកព័តមាននេះ