ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ពី​វ៉ាក់សាំង

3 ឆ្នាំ មុន

កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ មហាសេដ្ឋី និង​សប្បុរសជន ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​រុញច្រាន​ពាក្យ​ចចាមអារ៉ាម​ថា ​លោក​មាន​ផែនការ​ប្រើ​វ៉ាក់សាំង ​ដើម្បី​ចាក់​ឈី​ប​តាមដាន​ចូល​ក្នុង​ខ្លួន​មនុស្ស​។…

កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ មហាសេដ្ឋី និង​សប្បុរសជន ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​រុញច្រាន​ពាក្យ​ចចាមអារ៉ាម​ថា ​លោក​មាន​ផែនការ​ប្រើ​វ៉ាក់សាំង ​ដើម្បី​ចាក់​ឈី​ប​តាមដាន​ចូល​ក្នុង​ខ្លួន​មនុស្ស​។ លោក​បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​ចូលរួម​ពាក់ព័ន្ធ​នឹង​ឈី​ប​តាមដាន​អ្វី​ទេ​… វា​ស្ទើរតែ​ពិបាក​ក្នុង​ការ​បដិសេធ​នឹង​វា​ព្រោះ​វា​ពិតជា​ឆ្គួ​ត ឬ​ចម្លែក​ណាស់​។​»

គួរ​បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​រូប​នេះ​បាន​ព្រមាន​ពី​ការ​គម្រាមកំហែង​នៃ​ការ​ផ្ទុះ​ជំងឺ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ជំរុញ​ដល់​អ្នកដឹកនាំ​ជុំវិញ​ពិភពលោក​ដែល​រួម​មាន​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ផង​ដែរ​កាលពី​ចុងឆ្នាំ ២០១៦ ឲ្យ​ចេញ​សកម្មភាព​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស្ថាន​ការ​នេះ​។

បន្ទាប់​ពី​មូលនិធិ Bill & Melinda Gates Foundation របស់​លោក​បាន​សន្យា​ថា​នឹង​បរិច្ចាគ ៣០០​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​នឹង​កូ​វី​ដ ១៩ និង​ដើម្បី​បង្កើត​វ៉ាក់សាំង ក្រុម​មនុស្ស​មួយ​ចំនួន​បាន​ចាប់ផ្តើម​ចែកចាយ​ព័ត៌មាន​មិន​ពិត​លើ​អ៊ី​ន​ធើ​ណែ​ត​កាលពី​ខែមករា​ថា​លោក​ហ្គេ​ត​ស៍​ជា​អ្នក​បង្កើត​វីរុស​កូ​វី​ដ ១៩ នេះ និង​ចង់រក​ផល​ចំណេញ​ពី​វា​។

ការ​ស្ទង់​មតិ​មួយ​របស់ Yahoo News និង YouGov បាន​ឲ្យ​ដឹង​ថា ២៨%​នៃ​ប្រជាជន​អា​មេ​រិ​ក​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​។ លោក​ហ្គេ​ត​ស៍បាន​និយាយ​ថា វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ប៉ុន្តែ​វា​មិន​បាន​ហាមឃាត់​រដ្ឋាភិបាល និង​ក្រុម​មនុស្ស​ដទៃ​ជុំវិញ​ពិភពលោក​ពី​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​បង្កើត​វ៉ាក់សាំង​ទេ​។

ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយបារម្ភ​ជាងគេ​គឺ​នៅ​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បាន​ប្រទះ​ឃើញ​ហើយ ប៉ុន្តែ​ក្រុមប្រឆាំង​នឹង​វ៉ាក់សាំង​អាច​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​មនុស្ស​ភាគច្រើន​។

លោក​ហ្គេ​ត​ស៍បាន​និយាយ​ទៀត​ដែរ​ថា ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បាន​ផលិត​ហើយ វា​គួរតែ​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​ទន់ជ្រាយ​មុនគេ​។ ជាមួយ​គ្នា​នេះ​ដែរ មូលនិធិ​របស់​លោក​បាន​ប្រកាស​ថា​នឹង​បរិច្ចាគ ១.៦​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​រយៈពេល ៥​ឆ្នាំទៅ​កាន់ Gavi, Vaccine Alliance និង​ទៅ​លើ​ការ​ចាក់​វ៉ាក់សាំង​ក្មេង​ៗ​ក្នុង​ប្រទេស​ក្រីក្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ