ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធច្បាប់កម្ពុជាផ្តោតលើការទទួលខុសត្រូវចំពោះការរំលោ.ភបំពានកុមារ និងការលួចបន្លំនៅក្នុងភូមិសុវណ្ណកុមារ ដោយទម្លាក់អតីតនាយកប្រតិបត្តិ

3 ឆ្នាំ មុន
  • ភ្នំពេញ

បណ្តឹងព្រហ្មទណ្ឌចំនួនពីរ (២)ករណីដែលប្តឹងដោយសុវណ្ណកុមារ អិលអិលស៊ី Sovann Komar, LLC ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិប្រឆាំងនឹងអតីតបុគ្គលិករបស់សុវណ្ណកុមារ រួមមានអតីតនាយកប្រតិបត្តិ គឺលោក សុធា…

បណ្តឹងព្រហ្មទណ្ឌចំនួនពីរ (២)ករណីដែលប្តឹងដោយសុវណ្ណកុមារ អិលអិលស៊ី Sovann Komar, LLC ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិប្រឆាំងនឹងអតីតបុគ្គលិករបស់សុវណ្ណកុមារ រួមមានអតីតនាយកប្រតិបត្តិ គឺលោក សុធា អរុណ ត្រូវបានបញ្ជូនទៅតុលាការកម្ពុជា ។

នៅថ្ងៃទី ៤ខែឧសភា ឆ្នាំ ២០២០ ចៅក្រមស៊ើបសួរ ហុក ពៅ បានចេញដីកាកោះហៅលោកស្រី Kara Heide ដែលជាក្រុមប្រឹក្សាភិបាលរបស់ Golden Children, Inc. ដែលគ្រប់គ្រងលើអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិសុវណ្ណកុមារ អិលអិលស៊ី ។ សុវណ្ណកុមារ កំពុងបើកដំណើរការភូមិកុមារមួយនៅក្នុងប្រទេសកម្ពុជាសម្រាប់ក្មេងជំទង់ប្រមាណជាង ៥០នាក់ ។ ដីកាកោះហៅនេះបានស្នើឱ្យលោកស្រី Heide បញ្ជាក់ពីការចោទប្រកាន់ក្នុងបណ្តឹងព្រហ្មទណ្ឌដែលបានប្តឹងកាលពីខែតុលា ឆ្នាំ ២០១៩ ទៅលើ លោក សុធា អរុណ អតីតនាយកប្រតិបត្តិរបស់អង្គការសុវណ្ណកុមារ អិលអិលស៊ី និងអតីតបុគ្គលិកមួយចំនួនពីបទរំលោភបំពាន និងការធ្វើទារុណកម្មលើកុមារយ៉ាងធ្ងន់ធ្ងរ ។ ដូចដែលបានកំណត់សម្គាល់នៅក្នុងដីកាកោះហៅនេះ ការរំលោភបំពានរួមមានការធ្វើទារុណកម្ម ការបង្អត់អាហារ ការធ្វើអំពើឃោរឃៅ និងភាពធ្វេសប្រហែសទុកចោលចំពោះអនីតិជនអាយុក្រោម ១៥ឆ្នាំ ។ អំពើទាំងនេះត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋតាមមាត្រា ២១០ មាត្រា ២១១ មាត្រា ២១២ និងមាត្រា ៣៣៧ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ។

ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ចៅក្រមស៊ើបអង្កេតបានកោះហៅសាក្សីជាងដប់ (១០)នាក់ដើម្បីបញ្ជាក់ពីការចោទប្រកាន់នេះ ។ សកម្មភាពរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជាសញ្ញាលើកទឹកចិត្តមួយដែលបង្ហាញថា ប្រព័ន្ធច្បាប់កម្ពុជាកំពុងតែឆ្ពោះទៅមុខនៅក្នុងទិសដៅដ៏ត្រឹមត្រូវទាក់ទងនឹងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការរំលោភបំពានលើកុមារនៅកម្ពុជា ។

ដូចដែលបានកំណត់សម្គាល់នៅក្នុងដីកាកោះហៅ ការរំលោភបំពានលើកុមារបានកើតឡើងនៅក្នុងភូមិសុវណ្ណកុមារចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់ខែសីហាឆ្នាំ ២០១៩ នៅពេលដែលលោក សុធា អរុណ និងបុគ្គលិកបីនាក់ផ្សេងទៀតត្រូវបានបញ្ឈប់ពីមុខតំណែង ។ ការកោះហៅនេះធ្វើឡើងតាមសេចក្តីសម្រេចនៅថ្ងៃទី ១៥ខែមីនា ឆ្នាំ ២០២០ ដោយព្រះរាជអាជ្ញា សេង ហេង ដើម្បីផ្តល់យោបល់ណែនាំពាក្យបណ្តឹងព្រហ្មទណ្ឌនេះទៅចៅក្រមស៊ើបសួរ ហុក ពៅ ។ ទាំងការកោះហៅ និងអនុសាសន៍របស់ព្រះរាជអាជ្ញា គឺជាសញ្ញាដ៏ល្អដែលបង្ហាញថានីតិវិធីត្រឹមត្រូវកំពុងត្រូវបានអនុវត្តក្នុងករណីបណ្តឹងព្រហ្មទណ្ឌនេះ ហើយឆ្លុះបញ្ចាំងពីភាពវិជ្ជមាននៃប្រព័ន្ធច្បាប់កម្ពុជា ។

រហូតមកដល់ពេលនេះតុលាការបានឃើញភស្តុតាងជារូបថតនៃការរំលោភបំពាន និងបាន ស្តាប់នូវសក្ខីភាពពីសាក្សីជាងដប់ (១០)រូប រួចមកហើយ ហើយបានកោះហៅជនជាប់ចោទ ឱ្យឆ្លើយតប និងចោទសួរអំពីអង្គហេតុ ។

បន្ថែមពីលើនេះ លោក សុធា អរុណ ប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌទីពីរដែលបានប្តឹងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ពីបទលួចបន្លំហិរញ្ញវត្ថុ និងរំលោភសេចក្តីទុកចិត្តពាក់ព័ន្ធនឹងការក្លែងបន្លំថវិកាដែលមានចំនួនលើសពី ១,៤លានដុល្លារសហរដ្ឋអាមេរិកពីអង្គការក្រៅរដ្ឋាភិបាលសុវណ្ណកុមារ អិលអិលស៊ី ។ លោក សុធា អរុណ ក៏បានចូលរួមក្នុងអំពើពុករលួយបក្ខពួកនិយម និងការក្លែងបន្លំកិច្ចព្រមព្រៀងដីធ្លីទាក់ទងនឹងដីធ្លីដែលទទួលបានសម្រាប់ប្រើប្រាស់ដោយសុវណ្ណកុមារ ។ នៅខែឧសភា ឆ្នាំ ២០២០ ព្រះរាជអាជ្ញាលោក សេង គឹមឡាក់ បានផ្តល់ការចោទប្រកាន់លើជនជាប់ចោទ និងបក្ខពួកប្រាំមួយ (៦)នាក់ ពាក់ព័ន្ធនឹងការលួចបន្លំ និងរំលោភសេចក្តីទុកចិត្ត ដោយក្នុងនោះរួមមានលោក សុធា អរុណ និងអតីតគណនេយ្យករគឺអ្នកស្រី ជាតិ ចាន់ មរកត ។

សកម្មភាពរបស់ព្រះរាជអាជ្ញាទាំងពីរ គឺព្រះរាជអាជ្ញា សេង ហេង និងព្រះរាជអាជ្ញា សេង គឹមឡាក់ និងចៅក្រមស៊ើបសួរ ហុក ពៅ ជាសារមួយទៅកាន់សហគមន៍អន្តរជាតិថា ក្រសួងយុត្តិធម៌ និងរាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាការពារពលរដ្ឋកម្ពុជា ជាពិសេសអនីតិជន ។

ដើម្បីទទួលបានភាពយុត្តិធម៌ អង្គការសុវណ្ណកុមារ អិលអិលស៊ី កំពុងសហការជាមួយអាជ្ញាធរកម្ពុជា និងក្រសួងនានាដើម្បីនាំខ្លួនលោក សុធា អរុណ និងបក្ខពួកទៅតុលាការ ។ ស្ថាប័នខាងក្រោមនេះ រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិកភ្នំពេញ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃបានដឹងលឺ និងបានទទួលយកនីតិវិធីនានាប្រឆាំងនឹងបុគ្គលទាំងនោះហើយរួចរាល់ហើយ ។

សុវណ្ណកុមារ អិលអិលស៊ី បានប្តេជ្ញាធានាការការពារនៅក្នុងភូមិសុវណ្ណកុមារដើម្បីសម្រេចបាននូវបេសកម្មដើមរបស់អង្គការសុវណ្ណកុមារ ៖ «ដើម្បីបង្កើតទីកន្លែងប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅកម្ពុជាដើម្បីឱ្យកុមារទាំងនោះមានការអភិវឌ្ឍផ្លូវកាយ បញ្ញា ផ្លូវអារម្មណ៍ និងស្មារតីដើម្បីឈានទៅរកសក្តានុពលពេញលេញរបស់ពួកគេ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ