និស្សិត ​និង​សិក្ខាកាម​ខ្មែរ ៥០០​នាក់​នឹង​ត្រឡប់​ទៅ​វៀតណាម​តែ​ត្រូវ​ដាក់​ដាច់​ដោយឡែក​១៤ ថ្ងៃ


រាជធានី​ភ្នំពេញ​៖ រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​អនុញ្ញាត​ឱ្យ​និស្សិត សិក្ខាកាម​យោធា និង​សិក្ខាកាម​នគរបាល ដែល​ត្រូវ​ចូល​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម​ប្រមាណ ជិត ៥០០​នាក់ ឲ្យ​ត្រឡប់​ទៅ​រៀន​បន្ត​នៅ​វៀតណាម​បាន​ហើយ​ត្រូវ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត (​ខេត្តស្វាយរៀង​) ម៉ុ​កបាយ (​ខេត្ត​តៃ​និ​ញ​) នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​វៀតណាម ចុះ​ថ្ងៃ​ទី​០៥ ខែមិថុនា​នេះ​។

ការ​អនុញ្ញាតិ​របស់​វៀតណាម​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើរ​របស់​ស្ថានទូត​កម្ពុជា​ចុះ​ថ្ងៃ​ទី ២៩ មេ​សា​កន្លង​ទៅ ក៏​ដូច​ជា​សំណើរ​ចុះ​ថ្ងៃ​ទី ០១ ខែមិថុនា របស់​ក្រសួង​អប់រំ និង​បណ្តុះបណ្តាល​វៀតណាម ស្នើ​សុំ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម នា​ថ្ងៃ​ទី ៤ មិថុនា​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា «​ពេល​មក​ដល់​វៀតណាម និស្សិត និង​សិក្ខាកាម​កម្ពុជា​ទាំងអស់ នឹង​ត្រូវ​ដាក់​ដោយឡែក ១៤ ថ្ងៃ​ទៅ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត​តៃ​និ​ញ​» ។ ក្នុង​នោះ​ផង​ដែរ ចំពោះ​ចំណាយ​ផ្សេង​ៗ​នៅ​ពេល​ដាក់​ដាច់​ដោយឡែក ១៤ ថ្ងៃ​នោះ​ក្រសួង​អប់រំ និង​បណ្តុះបណ្តាល​វៀតណាម បាន​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ពិនិត្យ និង​សម្រេច «​លើកលែង​ការ​ចំណាយ​ទាំងស្រុង ឬ​បញ្ចុះ​ការ​ចំណាយ​មួយ​ផ្នែក​» ។

សូម​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម​បាន​សម្រេច​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​សា​លាម​ត្តេ​យ្យ​និង​សាលា​បឋម​សិក្សា​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​ពាក់កណ្តាល​ខែឧសភា បន្ទាប់​ពី​ការ​បិទ​មួយ​រយៈពេល ដោយសារ​តែ​មេរោគ​ឆ្លង​រាតត្បាត​ឆ្លង​កូ​វី​ដ​-១៩​នៅ​វៀតណាម​ធូរស្បើយ ។ នៅ​វៀតណាម​មានការ​ឆ្លង​កូ​វី​ដ​១៩ ត្រឹមតែ ២៨៨ ករណី​និង​គ្មាន​ការ​ស្លាប់​នោះ​ទេ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ